ក្រុមហ៊ុនអាកាសចរណ៍AirAsiaជប៉ុន(AirAsia Japan) បានដាក់ពាក្យសុំប្រកាសក្ស័យធនជាផ្លូវការ នៅកាន់តុលាការក្រុងតូក្យូហើយកាលពីថ្ងៃទី១៧វិច្ឆិកា ដោយជាប់ជំពាក់បំណុលប្រមាណ២១,៧ពាន់លានយ៉េន ស្មើនឹង២០៨លានដុល្លារ។ AirAsiaជប៉ុនបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបំផុតនៅជប៉ុន ដែលបរាជ័យក្នុងការរកស៊ីនៅក្នុងយុគសម័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ការដាក់ពាក្យស្នើសុំប្រកាសក្ស័យធននេះផងដែរ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនមេAirAsiaម៉ាឡេស៊ី កាត់ផ្តាច់ជំនួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ជប៉ុនមួយនេះ ខណៈពេលដែលការធ្វើដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះជាសកលដោយសារជំងឺឆ្លងរាត្បាតកូវីដ-១៩។ អតិថិជនជាង២ម៉ឺន៣ពាន់នាក់ ដែលបានកក់សំបុត្ររួចហើយ គឺមិនទាន់ទទួលបានប្រាក់សំណងសម្រាប់ជើងហោះហើរដែលត្រូវបានលុបចោលនោះទេ។ នេះជាការបញ្ជាក់ពីមេធាវីតាម៉ូត្សឹ យូអិណូ(Tamotsu Ueno)ជាមេធាវីរបស់ក្រុមហ៊ុនAirAsiaជប៉ុន។
យ៉ាងណាក៏ដោយក្រុមហ៊ុនមេAirAsiaម៉ាឡេស៊ីនិយាយថា ខ្លួននឹងជួយផ្តល់ឥណទានដែលអាចបានប្រើបានសម្រាប់ជើងហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធAirAsiaផ្សេងទៀត ទៅដល់អតិថិជនដែលបានកក់សំបុត្រនៅAirAsiaជប៉ុន ឬក៏ពួកគេអាចដាក់ពាក្យស្នើសុំប្រាក់ត្រឡប់មកវិញក៏បាន ដែលដំណើរការអាចចាប់ផ្ដើមនៅពីខែមេសាឆ្នាំក្រោយ។
គួរជម្រាបជូនថា បន្ទាប់ពីការលុបចោលជើងហោះហើរនៅខែមេសាមក AirAsiaជប៉ុនបានប្រកាសនៅខែតុលាអំពីការបញ្ឈប់ដំណើរការជើងហោះហើរទាំងអស់របស់ខ្លួន។ ភាគច្រើននៃនិយោជិកជិត៣០០នាក់របស់ខ្លួន ត្រូវបានឱ្យលាឈប់ពីការងារកាលពីថ្ងៃទី០៤ខែវិច្ឆិកាដោយទុកនៅតែប្រហែល៥០នាក់ប៉ុណ្ណោះ ដើម្បីជួយចាត់ចែងការងារលក់ទ្រព្យសម្បត្តិក្រុមហ៊ុនសងបំណុល។ AirAsiaជប៉ុន បានរាយការណ៍អំពីការខាតបង់ប្រមាណ៤,៧ពាន់លានយ៉េន លើប្រាក់ចំណូលប្រមាណ៤ពាន់លានយ៉េនសម្រាប់ឆ្នាំ២០១៩៕ ដោយ៖បឿ សុភា