​​មន្ត្រី​រដ្ឋាភិបាល​​​ឆ្លើយតប​ការលើក​ឡើង​​របស់​អាមេរិក​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​​

18-11-2020 1:27 pm 286

​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​នូវ​ការអំពាវនាវ ក៏ដូចជា​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស ក៏ដូចជា​ការធ្វើ​ទុក​បុក​ម្និញ​លើ​សកម្មជន​ក្នុងសង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្ថានទូត​សហរ​ដ្ឋ​អាមេរិកប្រ​ចាំកម្ពុជា​បានសរសេរថា «​យើង​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ការពារ​សេរីភាព​ទាំងនេះ ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​ប្រកាន់​ជំហាន​ប្រកបដោយ​អត្ថន័យ ក្នុង​ការបើក​ឡើងវិញ នូវ​លំហ​នយោបាយ និង​លំហ​សម្រាប់​ពលរដ្ឋ​នៅក្នុង​អំឡុងពេល​ឈានទៅរក​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០២៣»​។ បើតាម​សហរដ្ឋអាមេរិក សេរីភាព​ក្នុង​ការជួប​ប្រមូល​ផ្តុំគ្នា និង​សេរីភាព​ក្នុង​ការសម្តែង​មតិ និង​ការអត់ឱន​ចំពោះ​មតិ​ប្រឆាំង​មាន​សារសំខាន់​ចាំបាច់ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​។​

​ជាមួយគ្នានេះដែរ​សហរដ្ឋអាមេរិក បាន​អះអាងថា ខ្លួន​កំពុងធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់ លើ​ករណី​បណ្តឹង​តុលាការ ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង ទៅលើ​សកម្មជន​ក្នុងសង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​ធំជាងគេ​មួយ​របស់​ប្រទេស​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​។ 

​ឆ្លើយតប​នូវ​ការអំពាវនាវ​ក៏ដូចជា​ការ​លើ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។​

​ដោយឡែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​បាន​អរគុណ​អាមេរិក​ដែល​ព្រួយបារម្ភ​ពី​សុខទុក្ខ​ប្រជាជន​កម្ពុជា ក៏ប៉ុន្តែ​ការចោទប្រកាន់​លំហ​សិទ្ធិមនុស្ស លំហ​នយោបាយ​នៅ​កម្ពុជា​មានការ​រឹតត្បិត​នោះ គឺ​គ្មាន​ឡើយ​។ បើតាម​លោក​សុខ ឥសាន សព្វថ្ងៃនេះ​បើ​គ្មាន​ជំងឺ​កូវី​ដ​១៩​ទេ គឺ​ប្រជាជន​ទាំងអស់​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​ហើយ ដោយ​គ្មាន​ការភ័យខ្លាច​ពី​អសន្តិសុខ​សង្គម ឬក៏​ចលាចល​អ្វីមួយ​ឡើយ​………….

សំឡេង​៖

​លោក​សុខ ឥសាន បាន​អះអាង​ដូច្នេះ​ថា «​សិទ្ធិ​ជួបជុំ​សម្ដែង​មតិ​វា​មាន​លក្ខ​ខណៈ​របស់​វា បើ​ជួបជុំ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គឺ​មិនបាន​នោះទេ​» (​ក្រុមមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​)​។ លោក​បន្តថា បើ​ជួបជុំ​សម្ដែង​មតិ​លើស​ចំនួន​ដែល​កំណត់ ក៏​មិន​បានដែរ ពីព្រោះ​វា​អាច​ឆ្លង​ជំងឺ​កូវី​ដ​១៩ ដូច្នេះហើយ​ទើប​មិន​អនុញ្ញាតឱ្យ​មាន​ការជួប​ជុំ​លើសពី​ចំនួន​កំណត់ ដើម្បី​ការពារ​អាយុជីវិត​កុំឱ្យ​មាន​ស្លាប់​ដោយសារ​កើត​ជំងឺ​កូវី​ដ​១៩​។ ជាមួយគ្នានេះ​លោក​សង្កត់ធ្ងន់ថា កុំ​យក​លេស​ការហាម​ជួបជុំ​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​១៩​នឹង ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​ឱ្យសោះ​។​

​ចំណែក​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បានលើកឡើង ៣​ចំណុច​ប្រៀបធៀប​អំពី​ទិដ្ឋភាព​ច្បាប់ និង​ការអនុវត្ត​សិទ្ធិសេរីភាព​តាមបែប​ប្រជាធិបតេយ្យ​នៅ​អាមេរិក និង​កម្ពុជា​។ ទិដ្ឋភាព​ច្បាប់ និង​ការអនុវត្ត​សិទ្ធិសេរីភាព​តាមបែប​ប្រជាធិបតេយ្យ​នៅ​អាមេរិក និង​កម្ពុជា រួមមាន​៖

១. ជាគោលការណ៍​ច្បាប់​ទាំង​នៅ​អាមេរិក​និង​កម្ពុជា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​តាមដាន និង​ឃ្លាំមើល​ដំណើរការ​នីតិវិធីតុលាការ​និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​សវនាការ​ដែល​ធ្វើជា​សាធារណៈ តែ​មិន​ត្រូវធ្វើ​សកម្មភាព​ទាំងឡាយណា​ដែលជា​ការជ្រៀតជ្រែក​និង​ដាក់​សម្ពាធ​ដល់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​។​

២. ក្នុងសង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ទាំង​នៅ​អាមេរិក​និង​កម្ពុជា ជា​កត្តា​សត្យានុម័ត តែ​កាលណា​មាន​អំពើ​ល្មើសច្បា់ប់​និង​បទល្មើស​កើនឡើង សំណុំរឿង​បញ្ជូនទៅ​តុលាការ ក៏​វា​កើនឡើង​ទៅតាម​នោះដែរ ដែល​នាំឱ្យមាន​លំហូរ​និង​ដំណើរការ​នីតិវិធីតុលាការ​ជាប់​ជាប្រចាំ ដូចជា​ការចេញ​ដីការ និង​នីតិវិធី​នៃ​ការចោទប្រកាន់​និង​ស៊ើបសួរ ជាដើម​។​ល​។​

​និង​៣. ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ក៏ដូចជា​អាមេរិក គឺមាន​ការធានា​នូវ​សិទ្ធិសេរីភាព​នៃ​ការជួបជុំ តវ៉ា និង​សម្តែង​មតិ តែ​ក៏បាន​បញ្ញត្តិ​ដូចគ្នា​ផងដែ​រថា ការអនុវត្ត​សិទ្ធិសេរីភាព​ទាំងនោះ គឺ​ត្រូវ​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​។ ទាំង​នៅ​អាមេរិក និង​កម្ពុជា សកម្មភាព​ដែលជា​ការបំពានច្បាប់ បំពាន​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ មិនមែនជា​ការអនុវត្ត​សិទ្ធិសេរីភាព​តាមបែប​ប្រជាធិបតេយ្យ​និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នោះទេ តែ​វា​ជា​អំពើ​ល្មើសច្បាប់ ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ហើយ​ពួកគេ​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់ ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ មិនមែន​ធ្វើការ​ជួបជុំគ្នា​តវ៉ា​ដាក់​សម្ពាធ​ដល់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​៕

ព័ត៌មានផ្សេងទៀត