ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃអង្គារ បានបណ្ដេញមន្ដ្រីជាន់ខ្ពស់មួយរូបទៀតចេញពីតំណែង។ នេះបើតាមការបញ្ជាក់នៅលើប្រព័ន្ធធ្វីតទ័ររបស់លោក។ លោកគ្រីស ក្រេបស៍(Chris Krebs) មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកលើសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត ត្រូវលោកត្រាំចោទប្រកាន់ថា ចេញសេចក្ដីថ្លែងការណ៍មិនត្រឹមត្រូវស្ដីពីសន្ដិសុខនៃការបោះឆ្នោតអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានReutersបានចុះផ្សាយកាលពីសប្ដាហ៍មុនថាលោកក្រេបស៍ ជាមន្ដ្រីទទួលបន្ទុកការពារការបោះឆ្នោតពីក្រុមវាយប្រហារតាមអ៊ីនធឺណេតឬHackers ធ្លាប់បានប្រាប់ទៅសហការីដែរថាលោកអាចនឹងត្រូវបណ្ដេញចេញពីតំណែង។ លោកជាប្រធានទីភ្នាក់ងារសន្ដិសុខតាមអ៊ីនធឺណេតនិងរចនាសម្ព័ន្ធសន្ដិសុខ(CISA) នៃក្រសួងសន្ដិសុខមាតុភូមិ ហើយជុំវិញករណីរបស់លោកអ្នកនាំពាក្យCISAមិនបានឆ្លើយតបបំភ្លឺទេ។
បើតាមទីភ្នាក់ងារសារព័ត៌មានAssociated Press(AP) ការបណ្ដេញលោកក្រេបស៍ចេញពីតំណែង ធ្វើឡើងចន្លោះពេលលោកត្រាំកំពុងបដិសេធមិនទទួលស្គាល់លទ្ធផលឈ្នះឆ្នោតរបស់លោកចូ បាយដិន។ ការបណ្ដេញនេះទៀតសោតត្រូវបានគេមើលឃើញថា ដោយតែការស្មោះត្រង់មិនគ្រប់គ្រាន់។ លោកត្រាំទើបបណ្ដេញរដ្ឋមន្ដ្រីក្រសួងការពារជាតិលោកម៉ាក អេស្ព័រ(Mark Esper)ចេញពីតំណែងផងដែរកាលពីថ្ងៃទី០៩វិច្ឆិកា។
អតីតនាយកប្រតិបត្ដិក្រុមហ៊ុនMicrosoftរូបនេះ បានចូលកាន់តំណែងនៅCISAក្នុងឆ្នាំ២០១៨ បន្ទាប់ពីបែកធ្លាយករណីរុស្ស៊ីចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ លោកទទួលបានការកោតសរសើរយ៉ាងខ្លាំង នៅពេលCISAសហការជាមួយរដ្ឋសហព័ន្ធនិងសហការលើកិច្ចខិតខំក្នុងស្រុក ដើម្បីការពារប្រព័ន្ធបោះឆ្នោតពីការជ្រៀតជ្រែកពីខាងក្រៅនិងនៅក្នុងប្រទេស។
ប៉ុន្ដែតាមរយៈសារនៅលើបណ្ដាញធ្វីតទ័រ លោកត្រាំចោទថាលោកក្រេបស៍បានធានាទៅលើសេចក្ដីថ្លែងការណ៍ដែលមានភាពមិនត្រឹមត្រូវ គឺនិយាយថាការបោះឆ្នោតមានសុវត្ថិភាព ទាំងធាតុពិតមានភាពមិនប្រក្រតីនិងមានការលួចបន្លំកើតឡើង។ ក្រៅពីនេះមានទាំងអ្នកបោះឆ្នោតខ្មោច អ្នកឃ្លាំមើលមិនអនុញ្ញាតឲ្យចូលទៅក្នុងទីតាំងបោះឆ្នោត និងមានបញ្ហាម៉ាស៊ីនបោះឆ្នោតថែមទៀត ដែលត្រឡប់សន្លឹកឆ្នោតរបស់លោកទៅឲ្យលោកចូ បាយដិន។ តែអ្នកជំនាញខាងសន្ដិសុខជាច្រើននាក់កាលពីថ្ងៃចន្ទ បានចេញលិខិតមួយថា ការអះអាងដែលលើកឡើងពីការលួចវាយប្រហារទ្រង់ទ្រាយធំក្នុងការបោះឆ្នោត ពុំមានភស្ដុតាងណាមួយមកបញ្ជាក់ទេហើយក៏គ្មានហេតុផលច្បាស់លាស់ដែរ។
ការមិនពេញចិត្ដរបស់សេតវិមានចំពោះលោកគ្រីស ក្រេបស៍ បានកើនឡើងខ្លាំងតាំងពីឆ្នាំមុនមកម្ល៉េះ នេះបើតាមប្រភពពីអតីតមន្ដ្រីអាមេរិកពីរនាក់មិនបញ្ចេញឈ្មោះ។ ស្របពេលជាមួយគ្នារដ្ឋបាលរបស់លោកត្រាំក៏បានរិះគន់លើបញ្ហាសន្ដិសុខនៃការបោះឆ្នោតតាមអ៊ីមែល តែទីភ្នាក់ងារសន្ដិសុខតាមអ៊ីនធឺណេតរបស់លោកក្រេបស៍បានឆ្លើយតបថា ខ្លួនជាអ្នកតំណាងឲ្យវិធីសាស្ដ្រសុវត្ថិភាពសម្រាប់ការបោះឆ្នោត។ ការបោះឆ្នោតតាមអ៊ីមែលនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះបានកើនឡើងខ្ពស់មិនធ្លាប់មាន ដោយសារតែអ្នកបោះឆ្នោតព្រួយបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕
ដោយ៖ពេញ ផេង