ក្រុមបាតុករ​ថៃ​និង​ប៉ូលិស​ប៉ះទង្គិច​គ្នា​ជាថ្មី​នៅក្បែរ​សភា​

18-11-2020 10:33 am 516

ការតវ៉ា​ដោយ​យុវជន​ថៃ បាន​ផ្ទុះឡើង​ជាថ្មី​នៅ​ថ្ងៃ​អង្គារ​ទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដោយ​ពួកគេ​បាន​ទៅ​ប្រមូលផ្តុំ​នៅក្បែរ​រដ្ឋសភា ជា​កន្លែង​ដែល​ក្រុម​សមាជិកសភា​កំពុងតែ​ប្រជុំពិភាក្សា អំពី ច្បាប់រដ្ឋធម្មនុញ្ញ​។ នៅ​បរិវេណ​ខាងក្រៅ​រដ្ឋសភា មានការ​រឹតបន្តឹង​ខ្លាំង ដើម្បី​ការពារ​កុំឲ្យ​ក្រុមអ្នកតវ៉ា​រុល​ចូល​ទៅបាន​។ ការតវ៉ា​បាន​ប្រែក្លាយជា​អំពើហិង្សា​ធ្ងន់ធ្ងរ​លើស​ពេលមុនៗ នៅពេល​ក្រុមអ្នកតវ៉ា​ដែល​ស្រេកឃ្លាន ការកែប្រែ​រដ្ឋធម្មនុញ្ញ និង​របបរាជានិយម បាននាំគ្នា​សម្រុក​ទៅ​បំបែក​របាំង​បន្លា​លួស ដែល​ប៉ូលិស​ដាក់ពង្រាយ​នៅក្បែរ​សភា និង​គប់​គ្រាប់​បែកផ្សែង​ដាក់​ប៉ូលិសបង្រ្កាបកុបកម្ម​។​

​ជា​ការឆ្លើយតប ប៉ូលិស​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា តែ​មិនអាច​បង្ក្រាបបាន ប៉ូលិស​ក៏​ចាប់ផ្តើម​លេង​ដៃ​ធ្ងន់ ដោយ​ប្រើ​សារធាតុ​រាវ​បង្ហូរទឹកភ្នែក​បាញ់​លើ​ហ្វូង​បាតុករ ធ្វើឲ្យក្រុមបាតុករដែលស្ថិតនៅជួរមុខរត់បែកខ្ញែកគ្នា ជាមួយ​ការឈឺ​ផ្សារក្នុង​ភ្នែក​យ៉ាងខ្លាំង​។ តាម​តួលេខ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​CNA មាន​មនុស្ស​៥៥​នាក់​បាន​រងរបួស​នៅក្នុង​ការតវ៉ា​នេះ នៅ​ក្នុងនោះ​ អ្នកខ្លះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​និង​ខ្លះទៀត ទទួល​ការព្យាបាល​ភ្លាមៗ​នៅនឹងកន្លែង​។ 

​ចំពេល​មាន​ភាពវឹកវរ ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្រោយមក ក៏បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជា​មួយក្រុម​អ្នកគាំទ្រ​រាជានិយម ដោយ​ក្រុម​គូប្រជែង​បាន​គប់​វត្ថុ​ផ្សេងៗ​ដាក់គ្នា​ទៅវិញទៅមក​។ ក្រុមគាំទ្រ​ខ្សែ​រាជវង្ស ទាមទារ​កុំ​ឲ្ស​សភា​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ប្រឆាំង​គ្នា​នឹង​អ្នក​តវ៉ា​ពី​ភាគី​មួយក្រុម​ទៀត ដែល​ទាមទារ​ឲ្យ​សភា កែប្រែ​រដ្ឋធម្មនុញ្ញ​។ ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​ការច្របូកច្របល់​ខ្លាំងជាងនេះ ប៉ូលិស​បានធ្វើ​អន្តរាគមន៍ ដើម្បី​រក្សា​ក្រុម​ទាំងពីរ​នៅ​ដាច់ដោយឡែក​ពីគ្នា​។​

​នេះជាការតវ៉ាផ្ទុះឡើងថ្មី ដើម្បីដាក់សម្ពាធលើសមាជិករដ្ឋសភា តែស្ថិក្នុងការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​ក្រុមនិស្សិត​វ័យក្មេងៗ ដែល​ផ្ទុះឡើង​តាំងពី​ខែកក្កដា​ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ចំណុច​សំខាន់ៗ​មួយចំនួន​។ នៅ​ក្នុងនោះ មាន​ការទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ចុះ​ចេញពី​តំណែង​។ លោក​ប្រា​យុទ្ធ​ទទួលបាន​អំណាច​ពី​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា​ក្នុង​ឆ្នាំ​២០១៤ ហើយ​បាន​បន្ត​ក្តោប​ក្តាប់​អំណាច​បណ្តោះអាសន្ន​រហូត​ដល់​ទៅ​៥​ឆ្នាំ ទើប​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ ត្រូវ​ក្រុមយុវជន​ចាត់ទុកថា គ្រាន់តែ​ជាការ​បំភាន់​ភ្នែក ដើម្បីឲ្យ​លោកប្រា​យុទ្ធ ចាន់​អ៊ូ​ចា​អាច​រក្សា​អំណាច​បន្តទៀត តែ​ក្នុងនាម​ជា​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​។​

​ក្រៅពីនោះ​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ បង្កើតឡើង​ដោយ​របប​យោធា​ក្នុង​ឆ្នាំ​២០១៧ ដែល​សម្រួល​ឲ្យ​លោក​ប្រយុទ្ធ ធ្វើយ៉ាងណា​អាច​កាន់តំណែង​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៩​។ ក្រុមយុវជន​វ័យក្មេងៗ ក៏​មិន​ញញើត​ផងដែរ នៅក្នុង​ការទាមទារ​ឲ្យធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​។ ពួកគេ​ចង់ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន មាន​តួនាទី​ត្រឹម​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គ្រង​រាជសម្បត្តិ ប៉ុន្តែ​មិនត្រូវ​មានអំណាច​លើសពីនេះ​ទេ ព្រមទាំង​ទាមទារ​ឲ្យ​លុប​ច្បាប់​ដាក់ទោស​លើ​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ផងដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ថៃការតវ៉ា

ព័ត៌មានផ្សេងទៀត