អ្នកជំនាញ​សាទរ​​វ៉ាក់សាំង​​ប្រឆាំង​កូវី​ដ​-១៩​ទី​ពីរ​​ដែលមាន​ប្រសិទ្ធភាព​​ជាង​៩៤​ភាគរយ​

17-11-2020 5:53 pm 1047

​មន្ដ្រីជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ដ្រ​របស់​អាមេរិក​លោក​Anthony Fauci បាន​សាទរ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​ដំបូង​នៃ​ការ​ធ្វើតេស្ដ​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​របស់​ក្រុមហ៊ុន​Moderna​។ ក្រុមហ៊ុន​បានបង្ហាញ​លទ្ធផល​បឋម​កាលពី​ថ្ងៃ​ចន្ទ ដោយ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​រហូតដល់​៩៤.៥​ភាគរយ​ឯណោះ​។ លទ្ធផល​គឺ​ផ្អែកលើ​ទិន្នន័យ​នៃ​មនុស្ស​៩៥​នាក់​ក្នុងចំណោម​៣​ម៉ឺន​នាក់ ដែល​ស្ម័គ្រចិត្ដ​ក្នុង​ការទទួលយក​វ៉ាក់សាំង​សាកល្បង​។​

​លោក​Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អាឡែរ​ហ្ស៊ី​និង​ជំងឺឆ្លង​អាមេរិក បានចាត់ទុក​លទ្ធផល​នេះ​គឺជា​រឿង​គួរឲ្យភ្ញាក់ផ្អើល និង​ជា​រឿង​ជោគជ័យ​មួយ​ខណៈ​កន្លងមក​តែងតែមាន​មន្ទិលសង្ស័យ​។ លោក​ទទួលស្គាល់ថា​វា​ជា​លទ្ធផល​ដ៏​អស្ចារ្យ ដោយ​គ្មាន​អ្នកចូលរួម​ផលិត​វ៉ាក់សាំង​ណាមួយ​អាច​រំពឹងទុក​ថា​នឹង​ទទួលបាន​លទ្ធផល​ល្អ​បែប​នេះឡើយ​។ 

​នៅពេល​សួរថា​តើ​វា​ឆាប់​ពេក​ទេ ចំពោះ​ការបង្ហាញ​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Moderna​នៅពេលនេះ លោក​Fauci​ឆ្លើយតប​ថា ការវិនិច្ឆ័យ​គឺមាន​នៅក្នុង​នេះហើយ​។ លោក​សង្កត់ធ្ងន់ថា វា​ដូចជា​មិនឆាប់​ពេក​នោះទេ នៅពេលដែល​មាន​វ៉ាក់សាំង​ពីរ​ប្រភេទ​ដូច្នេះ ដែល​អាច​បង្ហាញ​លទ្ធផល​រហូតដល់​ជាង​៩០​ភាគរយ​ដូចគ្នា​។ លោក​គិតថា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Moderna បង្ហាញ​លទ្ធផល​ដោយ​ខ្លួនឯង​ហើយ​មិនចាំបាច់​ត្រូវការ​អ្វី​ទៀត​ទេ​។ ទិន្នន័យ​វា​បង្ហាញ​ដូច្នេះ មិនមែន​លោក​ជា​អ្នក​និយាយ​ហើយក៏​មិនមែនជា​គំនិត​របស់លោក​ដែរ​។​

​យ៉ាងណាក៏ដោយ​មន្ដ្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​រូបនេះ​គូសបញ្ជាក់​បន្ថែមថា នៅមាន​ផ្លូវ​វែងឆ្ងាយ​ទៀត​ដែល​ត្រូវ​ដើរ ដោយ​ត្រូវបង្កើត​វា​ឲ្យបាន​ច្រើន និង​ត្រូវ​ផ្ដល់ឲ្យ​ដល់​មនុស្ស​ជាច្រើន​។ ក៏មាន​មិនតិច​ទេ​ទស្សនៈ​ប្រឆាំងនឹង​វ៉ាក់សាំង​កូវី​ដ​-១៩​នៅ​អាមេរិក​។ ដូច្នេះ​ត្រូវតែ​ជំនះ​និង​បញ្ចុះបញ្ចូល​ឲ្យមាន​អ្នក​យល់ព្រម​ទទួល​វ៉ាក់សាំង ព្រោះ​មិន​ថា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​យ៉ាងណាក៏ដោយ​ក៏​គ្មាន​ប្រយោជន៍​ដែរ បើ​គ្មាន​នរណាម្នាក់​ព្រម​ទទួលយក​វ៉ា​នោះ​។​

​គួរ​ជម្រាបជូន​ថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​និង​អ្នក​វេជ្ជសាស្ដ្រ បាន​ដឹកនាំ​វិទ្យាស្ថាន​ជាតិ​អាឡែរ​ហ្ស៊ី​និង​ជំងឺឆ្លង នៃ​វិទ្យាស្ថាន​សុខាភិបាល​អាមេរិក ចាប់ផ្ដើម​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​រួមគ្នា​តាំងពី​ខែមករា​ឆ្នាំ​២០២០​។ ដំណើរការ​នេះ​បន្ទាប់ពី​ប្រទេស​ចិន​បានបង្ហាញ​ជា​ផ្លូវការ​នូវ​មេរោគ​ឆ្លង​ថ្មី​កូវី​ដ​-១៩ ដែល​កំពុង​វាយលុក​ទូទាំង​ពិភពលោក​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​Moderna​ដែល​សហការ​ផលិត​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក គឺជា​វ៉ាក់សាំង​ទី​ពីរ​បង្ហាញ​ប្រសិទ្ធភាព​ខ្ពស់ បន្ទាប់ពី​វ៉ាក់សាំង​ទីមួយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​Pfizer​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​BioNTech បង្ហាញ​លទ្ធផល​បឋម​នៃ​ការ​ធ្វើតេស្ដ​ដំណាក់កាល​ចុងក្រោយ​ថា​មាន​ប្រសិទ្ធភាព​ជាង​៩០​ភាគរយ​ផងដែរ​។ 

​លទ្ធផល​វិជ្ជមាន​នៃ​ការ​ធ្វើតេស្ដ​វ៉ាក់សាំង​ទាំងពីរ កំពុង​ក្លាយជា​ក្ដីសង្ឃឹម​ដែល​អាច​ទប់ស្កាត់​ឬ​ឈានទៅ​បញ្ចប់​ទាំងស្រុង​នូវ​វត្ដ​មានកូ​វីដ​-១៩​ក្នុង​ពិភពលោក​។ ប៉ុន្ដែ​នៅមាន​មន្ទិល​មួយចំនួន​កើតឡើង​ជុំវិញ​រយៈពេល​នៃ​ការការពារ​របស់​វ៉ាក់សាំង គឺ​តើ​វា​អាច​ការពារ​បានយូរ​ប៉ុនណា និង​ត្រូវ​ចំណាយពេល​យូរ​ប៉ុនណា​ដើម្បី​ផ្ដល់ឲ្យ​ពលរដ្ឋ​អាមេរិក​បាន​គ្រប់គ្នា​៕ ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត