លោកចូ បាយដិន​​ចាប់ផ្ដើម​​បង្ហាញ​ផែន​កា​រ​សេដ្ឋកិច្ច​​ស្ដីពី​ការ​បង្កើត​ការងារ​

17-11-2020 2:53 pm 456

​បេក្ខភាព​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​អាមេរិក លោកចូ បាយ​ដិន បាន​គូសបញ្ជាក់​នូវ​ផែនការ​របស់លោក​មួយ​ចំនួន ក្នុងការ​ទាញ​សេដ្ឋកិច្ច​អាមេរិក​ត្រឡប់មកវិញ បន្ទាប់ពី​រងគ្រោះ​ដោយសារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។ ក្រៅពី​ប៉ះពាល់​សេដ្ឋកិច្ច កូវី​ដ​-១៩​ក៏បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជាង​២៥​ម៉ឺន​នាក់ និង​ឆ្លង​ជាង​១១​លាន​នាក់​នៅ​អាមេរិក​។ 

​លោ​បាយ​ដិនបាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ ពេល​លោក​ស្ថិតក្នុង​រដ្ឋ​Delaware បន្ទាប់ពី​បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​តាម​ប្រព័ន្ធ​វីដេអូ ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​រថយន្ដ​General Motors និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​Microsoft​។ លោក​បាយ​ដិនបាន​គូសបញ្ជាក់ថា សម្រាប់​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​ដែល​បាត់បង់​ម៉ោង​ការងារ បាត់បង់​ប្រាក់​ឈ្នួល ឬ​បាត់បង់​ការងារ​តែម្ដង លោក​នឹង​ជួយ​សម្រួល​បន្ទុក​ពួកគេ ហើយ​ការងារ​នេះ​ចាំបាច់​ត្រូវធ្វើ​ឲ្យបាន​ឆាប់រហ័​ស​បំផុត​។​

​លោក​បាយដិន​កត់សម្គាល់​ទៀតថា ផែនការ​សេដ្ឋកិច្ច​របស់លោក​រួម​មាន ការលើក​ទឹកចិត្ដ​សម្រាប់​អ្នកប​ញ្ជា​ទិញ​រដ្ឋរថយន្ដ​ដែល​ផលិត​ក្នុងស្រុក និង​ផែនការ​មួយចំនួនទៀត​ដូចជា​វិនិយោគ​៣០០​ពាន់​លាន​ដុល្លារ ទៅក្នុង​វិស័យ​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ថ្មីៗ​។ លោក​សន្យា​នឹង​បង្កើត​ការងារ​ថ្មី​ឲ្យបាន​៣​លាន​ការងារ និង​កែលម្អ​លក្ខខណ្ឌ​ការងារ​ដោយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​។ ប៉ុន្ដែ​លោក​មិន​បានបញ្ជាក់​ពី​ទំហំ​នៃ​ថវិកា​ដែល​បាន​គ្រោងទុក​ក្នុង​ការចំណាយ​នោះទេ​។ ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នេះ ស្ថិតក្នុង​ចំណោម​ផែនការ​សំខាន់ៗ​ជាច្រើន​របស់លោក​បាយ​ដិន ដែល​លោក​នឹងធ្វើ​នៅពេល​ចូល​កាន់តំណែង​។​

​គួរ​ជម្រាបជូន​ផងដែ​រថា តាំងពី​ថ្ងៃ​បោះឆ្នោត​០៣​វិច្ឆិកា​រហូតមកដល់​ពេលនេះ ទោះបី​លទ្ធផល​បោះឆ្នោត​បង្ហាញថា​លោកចូ បាយដិន​ទទួល​ជ័យជម្នះ​ក្លាយជា​ប្រធានាធិបតីទៅហើ​យ​ក្ដី សម្រាប់​លោក​ដូណាល់ ត្រាំ​មិន​ព្រម​ទទួលយក​ដាច់ខាត​។ លោក​ថា​លោក​បាយដិន​ជាប់ឆ្នោត​ដោយមាន​ការលួចបន្លំ ហើយ​លោក​នឹង​តតាំង​តាមផ្លូវ​តុលាការ​ប្រឆាំង​លទ្ធផល​មិន​ផ្លូវការ​នេះ​។ លោក​ត្រាំ​ក៏​ពុំទាន់​បង្ហាញ​សញ្ញា​ណាមួយ​ជុំវិញ​ការផ្ទេរអំណាច​ទៅឲ្យ​លោក​បាយដិន​ដែរ ជាហេតុ​នាំឲ្យមាន​ការព្រួយបារម្ភ​ថា ការពន្យារពេល​អាចធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិកដាំ​ក្បាលចុះ​បន្ថែមទៀត​៕ ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត