ថ្មីៗនេះមានគណប្សនយោបាយចំនួន៣ បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។ តើការរួបរួមគ្នាជាសម្ព័ន្ធភាពរវាងគណបក្សទាំង៣នេះ អាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋបានដែរឬទេ?
លោកបណ្ឌិតមាស នី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយនៅកម្ពុជា លោកមើលឃើញថា គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្រៅពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលប្រជាពលរដ្ឋនិយមចង់ឱ្យមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត មានតែអតីតគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកបណ្ឌិតមាស នី នៅមិនទាន់អាចសន្និដ្ឋានបានថាការរួបរួមជាសម្ព័ន្ធភាពរវាងគណបក្សទាំង៣ខាងលើ អាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋបានឬយ៉ាងនោះទេ ដោយលោករងចាំមើលយុទ្ធសាស្ត្រនៃការរួបរួមរបស់គណបក្សទាំង៣នេះសិន…………
សំឡេងលោកបណ្ឌិតមាស នី៖
បើតាមលោកបណ្ឌិតមាស នី គណបក្សមួយចំនួនមិនមែនជាអ្នកនិយមក្នុងការផ្លាសប្ដូរ ឬក៏ប្រឈមជាមួយគណបក្សប្រជាជនកម្ពុជា ដូចអតីតគណបក្សសង្គ្រោះជាតិទេ ក៏ប៉ុន្តែពួកគេព្យាយាមផ្លាស់ប្ដូរមួយដែលចូលរួមពីខាងក្នុង។ ជាមួយគ្នានេះដែរលោកលើកឡើងថា មានគណបក្សនយោបាយមួយចំនួនទៀត បានធ្វើការក្រោមស្លាបគណបក្សប្រជាជនកម្ពុជាផងដែរ។ ចំណែកអតីតគណបក្សសង្គ្រោះជាតិ ដែលលោកមើលឃើញថា ប្រជាពលរដ្ឋនិយមចង់ឱ្យមានការផ្លាស់ប្ដូរ ដោយសារតែអតីតគណបក្សនេះ មានអ្នកគាំទ្រច្រើនទាំងនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស។
ដោយឡែកលោកបណ្ឌិតគិន ភា អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជាមួយរូបទៀត លោកគ្មានសុទិដ្ឋិនិយមថា ការសម្រេចចងសម្ព័ន្ធភាពជាមួយគ្នារវាងគណបក្សទាំង៣ខាងលើ អាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឡើយ។ គ្មានសុទិដ្ឋិនិយមដោយលោកលើកឡើងថា ការរួបរួមរវាងគណបក្សនយោបាយ ក៏ដូចជាអ្នកប្រជាធិបតេយ្យ មិនមែនទើបតែកើតមាននោះទេ ពីមុនក៏មានការរួបរួមបែបនេះដែរ ប៉ុន្តែក៏បានបាត់ទៅវិញ…………
សំឡេងលោកបណ្ឌិតគិន ភា៖
សូមបញ្ជាក់ថា គណបក្សនយោបាយចំនួន៣ គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោកកែម រិទ្ធិសិត បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។ សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៣នេះ មានឈ្មោះថា «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ)៕