៤​ចំណុច​​ស្វែងយល់​​បន្ថែម​​ពី​កិច្ចព្រមព្រៀង​​RCEP​​ដែល​អាស៊ាន​+៥​​ទើប​ចុះហត្ថលេខា​

17-11-2020 10:51 am 208

​កិច្ចព្រមព្រៀង​ស្ដីពី “​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​( Regional Comprehensive Economic Partnership)” ឬ​ហៅ​កាត់​ថា “RCEP” ត្រូវបាន​ចុះ​ហេត្ថលេខា​ហើយ​កាលពី​ថ្ងៃទី​១៥​វិច្ឆិកា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ដែល​វៀតណាម​ជា​អ្នកដឹកនាំ​។ ប្រទេស​ហត្ថលេខី​មាន​ចំនួន​១៥​ប្រទេស គឺជា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បូក​នឹង​ប្រទេស​៥​ទៀត​មាន​ចិន ជប៉ុន កូរ៉េខាងត្បូង ណូវែល​ហ្សេ​ឡង់ និង​អូស្ដ្រាលី​។ ១៥​ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​២​ពាន់​លាន​នាក់ ស្មើនឹង​ប្រមាណ​៣០​ភាគ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក មាន​ផលិតផល​ក្នុងស្រុក​ប្រមាណ​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ហើយ​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២៨​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល​បើតាម​តួលេខ​កាលពី​ឆ្នាំ​២០១៩​។ នេះ​អាច​និយាយបានថា​ជា​ប្រវត្ដិសាស្ដ្រ​សម្រាប់​ប្រទេ​ស​ហត្ថលេខី​ទាំង​១៥ ដោយសារតែ​RCEP​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​និង​ធំ​បំផុត​មួយ​។​

​ហេតុអ្វី​បានជា​RCEP​មាន​សារៈសំខាន់​?

RCEP​មិនមាន​លក្ខណៈ​ទូលាយ​ពេក​និង​មិន​កាត់បន្ថយ​ពន្ធគយ​ខ្លាំង​ពេក ដូចជា​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​រីកចម្រើន​នៃ​ភាពជា​ដៃគូ​អន្ដរ​ប៉ាស៊ីហ្វិក​(CPTPP) ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៨​នោះទេ ប៉ុន្ដែ​មាន​អ្នកវិភាគ​មួយចំនួន​យល់ឃើញថា​ទំហំ​របស់​RCEP​នឹង​ធ្វើឲ្យ​កាន់​តែមាន​សារៈសំខាន់​។ យោងតាម​លោក​Rajiv Biswas ប្រធាន​សេដ្ឋកិច្ចវិទូ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​IHS Markit បាន​លើកឡើងថា សមាជិក​របស់​RCEP​រាប់បញ្ចូល​ក្រុម​ប្រទេស​ធំៗ ដែលមាន​ប្រទេស​ចិន​ជាអាទិ៍ ត្រូវបាន​គេ​គិតថា​អាចជួយ​ជំរុញ​ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ជា​សមាជិក​បាន​។ ខណៈដែល​ប្រទេស​ចិន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​មួយចំនួន​ហើយ ប៉ុន្ដែ​លើក​នេះ​អាច​និយាយបានថា​ជា​លើកដំបូង ដែល​ចិន​​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​ក្នុង​តំបន់​។​

​ហេតុអ្វី​បានជា​ប្រទេស​សមាជិក​ចង់បាន​កិច្ចព្រមព្រៀង​នេះ​?

​សម្រាប់​អ្នក​ចាប់ផ្ដើម មេដឹកនាំ​រដ្ឋ​ជា​សមាជិក​សង្ឃឹម​កិច្ចព្រមព្រៀង​នឹង​អាចជួយ​ជំរុញឲ្យមាន​ភាពប្រសើ​រ​ឡើងវិញ ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺឆ្លង​សកល​កូវី​ដ​-១៩​។ ស្ថិតក្រោម​កាលៈទេសៈ​ពិភពលោក​បច្ចុប្បន្ន កិច្ចព្រមព្រៀង​RCEP​ដែល​ទើប​ចុះហត្ថលេខា អាចជា​ពន្លឺ​និង​ជា​ក្ដីសង្ឃឹម​ចន្លោះពេល​កំពុងមាន​ហ្មងសៅ​កើតឡើង​។ នេះ​បើតាម​នាយករដ្ឋមន្ដ្រី​ចិន​លោក​លី ឃឺ​ឈាង​។ ក្នុង​រយៈពេល​យូរអង្វែង លោក​លី​ចាត់ទុក​កិច្ចព្រមព្រៀង​គឺជា​ភាពជោគជ័យ​នៃ​ពហុភាគី​និយម​និង​ពាណិជ្ជកម្ម​សេរី​។​

​ប្រទេស​ឥណ្ឌា​ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចចរចា​នេះដែរ ប៉ុន្ដែ​ឥណ្ឌា​បាន​ដកខ្លួន​ចេញ​កាលពី​ឆ្នាំ​២០១៩ ដោយ​បារម្ភ​ពី​ការទម្លាក់​ពន្ធគយ​លើ​ទំនិញ​នាំចេញ​នាំចូល អាច​បង្ក​ផលប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុងស្រុក​។ ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​និយាយថា ទ្វារ​នៅតែ​បើក​ជានិច្ច​ប្រសិនបើ​ឥណ្ឌា​ប្ដូរ​ចិត្ដ​ចង់​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​វិញ​នៅ​ថ្ងៃ​ខាងមុខ​។ 

​ដោយសារតែ​សមាជិក​នៃ​កិច្ចព្រមព្រៀង​RCEP បើ​ប្រជាជន​បូក​បញ្ចូល​គ្នា​មាន​ជិត​១​ភាគបី គឺ​ប្រមាណ​ជាង​២​ពាន់​លាន​នាក់​នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​រួមចំណែក​ប្រមាណ​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ប្លុក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ធំ​ជាង​កិច្ចព្រមព្រៀង​អាមេរិក​-​ម៉ិក​ស៊ិក​-​កាណាដា និង​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​ទៅទៀត​។​

​តើ​RCEP​នឹងធ្វើ​អ្វីខ្លះ​?

RCEP​ត្រូវបាន​គេ​រំពឹងថា​នឹង​លុបបំបាត់​ពន្ធគយ​មួយចំនួន​លើ​ការនាំ​ចូលក្នុង​រយៈពេល​២០​ឆ្នាំ​។ វា​ក៏​រួមបញ្ចូល​ផងដែរ​នូវ​បទប្បញ្ញត្ដិ​ស្ដីពី​កម្មសិទ្ធិបញ្ញា ទូរគមនាគមន៍ សេវា​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​អេឡិចត្រូនិច និង​សេវាកម្ម​វិជ្ជាជីវៈ​។ ប៉ុន្ដែ​ក៏​អាចទៅរួច​ដែរ​ដែលថា​ច្បាប់​ថ្មី​កំណត់​ពី​ប្រភពដើម​នឹង​ជះឥទ្ធិពល​ដ៏​ធំ​មួយ ព្រោះ​ច្បាប់​នេះ​នឹង​កំណត់ថា​តើ​ផលិតផល​នាំយក​មកពីណា​។

បណ្ដា​ប្រទេស​ជា​សមាជិក​មួយចំនួន​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​រួចហើយ ប៉ុន្ដែ​មាន​ដែន​កំណត់​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ស្រាប់ អាច​នឹងមាន​ភាពស្មុគស្មាញ​បើ​ប្រៀបធៀប​ជាមួយ​កិច្ចព្រមព្រៀង​RCEP​។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកស្រី​Deborah Elms នាយក​ប្រតិ​បត្ដិនៃម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​អាស៊ី​នៅ​សិង្ហ​បុរី​។ 

​អាជីវកម្ម​ដែល​មានច្រ​វ៉ាក់​ផ្គត់ផ្គង់​សកល អាច​ប្រឈម​នឹង​ពន្ធគយ​សូម្បីតែ​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ពីព្រោះ​ផលិតផល​របស់​ពួកគេ​មាន​សមាសធាតុ​ដែល​ផលិត​នៅ​កន្លែង​ផ្សេងទៀត​។ ឧទាហរណ៍​ផលិតផល​មួយ​ផលិត​នៅ​ឥណ្ឌូនេស៊ី ប៉ុន្ដែ​មាន​ផ្នែក​ខ្លះ​ជា​របស់​អូស្ដ្រាលី ហេតុនេះ​អាច​នឹង​ប្រឈម​ពន្ធគយ​ពេល​នាំ​ចេញទៅ​កន្លែង​ណាមួយ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​RCEP ផលិតផល​នាំចូល​មកពី​ប្រទេស​ជា​សមាជិក​របស់​RCEP​នឹង​ត្រូវបាន​អនុគ្រោះ​ស្មើភាព​គ្នា ដែល​អាច​ផ្ដល់ឲ្យ​ក្រុមហ៊ុន​ក្នុងប្រទេស​សមាជិក​RCEP​នូវ​ការលើក​ទឹកចិ​ត្ដមួយ រកមើល​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​សម្រាប់​​​អ្នកផ្គត់ផ្គង់​។​

​នរណា​ដែល​ទំនង​នឹង​ទទួលបាន​ប្រយោជន៍​?

​វិទ្យាស្ថាន​Peterson​សម្រាប់​ការប៉ាន់ប្រមាណ​សេដ្ឋកិច្ច​អន្ដរជាតិ​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​អាច​បង្កើន​ប្រាក់​ចំណូ​ច​ជាតិ​ទូទាំង​សកលលោក​បាន​១៨៦​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ នៅ​ឆ្នាំ​២០២៣ ហើយ​បន្ថែម​០.២​ភាគរយ​ដល់​សេដ្ឋកិច្ច​របស់​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​។ យ៉ាងណាមិញ​អ្នកវិភាគ​មួយចំនួន​យល់ឃើញថា កិច្ចព្រមព្រៀង​ទំនង​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ច្រើន​ជាង​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត​។ 

​លោក​Nick Marro​មកពី​អង្គភាព​អង្កេត​ផ្នែក​សេដ្ឋកិច្ច​(EIU)​បាន​និយាយថា ផលប្រយោជន៍​សេដ្ឋកិច្ច​នៃ​កិច្ចព្រមព្រៀង​នេះ អាច​គ្រាន់តែ​ជា​រឿង​តូចតាច​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​មាន​សក្ដានុពល​ពាណិជ្ជកម្ម​និង​ពន្ធគយ​គួរឲ្យ​ចាប់អារម្មណ៍​ទៅរក​តំបន់​អាស៊ី​ឦសាន​។ យ៉ាងណាមិញប្រទេស​សមាជិក​អាស៊ាន​៦ និង​ប្រទេស​មិនមែន​សមាជិក​អាស៊ាន​៣​ផ្សេងទៀត​ត្រូវ​តែផ្ដល់​សច្ចាប័នសិន មុនពេល​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​។ លោក​Marro​យល់ឃើញថា​វា​អាច​មានដំណើរ​ការយឺតយ៉ាវ​សម្រាប់​ការផ្ដល់​សច្ចាប័ន ដូច្នេះ​នឹងត្រូវ​ចំណាយពេល​បន្ថែម​ទៀត​មុន​ប្រទេស​ណាមួយ​អាច​បានឃើញ​ពី​អត្ថប្រយោជន៍​។ លោក​Marro​បន្ថែមថា ការផ្ដល់​សច្ចាប័ន​ទំនង​នឹងមាន​ល្បិចកល​នៅក្នុង​សភាជាតិ​នៃ​រដ្ឋ​នីមួយៗ ដោយសារ​មាន​ទាំង​ការប្រឆាំង​ពាណិជ្ជកម្ម​និង​អារម្មណ៍​មួយ​ដែល​ប្រឆាំងនឹង​ប្រទេស​ចិន​។​

​គួរ​ជម្រាប​ផងដែ​រថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១២​។ ទម្រាំ​ឈានដល់​ការចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដែល​ត្រូវបាន​រដ្ឋ​ជា​សមាជិក​ចាត់ទុក​ជាកា​រ​ឈានដល់​ដំណាក់កាល​សំខាន់​មួយ ពួកគេ​ត្រូវ​ចំណាយពេល​រហូតដល់​៨​ឆ្នាំ ដោយមាន​ការជួបប្រជុំ​ចរចា​គ្នា​ចំនួន​៤៦​លើក និង​ប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ចំនួន​១៩​លើក​។ ប្រទេស​សមាជិក​ទាំង​១៥​បាន​ឯកភាព​លើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំមុន ដោយបាន​បង្កើត​ផ្លូវ​សម្រាប់​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំនេះ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត