តិចនិកដាំក្រូចពោធិសាត់ឱ្យមានរសជាតិផ្អែម ឆ្ងាញ់

17-11-2020 8:49 am 205

១. រដូវដាំដុះ
រដូវដាំដុះដែលល្អសម្រាប់ដំណាំក្រូចពោធិសាត់ គឺនៅដើមរដូវភ្លៀង ព្រោះមិនពិបាកស្រោចទឹក ។ 

២. ការរៀបចំរណ្តៅដាំ និងការដាំ
ការរៀបចំរណ្តៅដាំ ៖
- ចំពោះរណ្តៅដាំ គួររៀបចំដោយកាប់ទំហំ ០,៥ម៉ែត្រ បួនជ្រុង និងជម្រៅ០,៥ម៉ែត្រ ។
- កាប់ដីស្រទាប់លើ១ឡែក និងស្រទាប់ក្រោមទុក១ឡែក ។

ការរៀបចំដាំ ៖
- នៅក្នុងរណ្តៅនីមួយៗ ដាក់លាមកប្រចៀវ១គីឡូក្រាម ជ្រុំច្របល់លាយជាមួយដីស្រទាប់លើ ទើបដាក់កូនដាំ ។
- ចន្លោះគុម្ពដែលបានដាំពីដើមមួយទៅមួយ ៤,៥ ទៅ ៥ម៉ែត្រ ។
- ក្រោយដាំហើយ ត្រូវស្រោចទឹកឱ្យជោគ រួចយកកំប្លោកស្ងួត ឬស្រស់គ្របជុំវិញគល់ ។
- ការស្រោចទឹក ត្រូវធ្វើឡើងរយៈពេល៤-៥ថ្ងៃម្តង នៅពេលទើបដាំដំបូង ។

៣. ការថែទាំ
- ក្រោយដាក់ដាំ ត្រូវយកកំណាត់ឈើដោតជិតដើម រួចចងផ្អោបដើម ដើម្បីកុំឱ្យដួលរលំនៅពេលមាន ខ្យល់ ភ្លៀង ។
- ត្រូវជម្រះស្មៅឱ្យស្អាតនៅជុំវិញគល់ ដើម្បីកុំឱ្យសត្វល្អិតមកធ្វើជម្រក និងដណ្តើមជីជាតិពីដី ។
- នៅរដូវក្តៅ ត្រូវស្រោច៤-៥ថ្ងៃម្តង ចំពោះកូនទើបនឹងដាំ ឯចំពោះដើមធំ ត្រូវស្រោច១៥ថ្ងៃម្តង ។
- នៅរដូវវស្សា ពុំចាំបាច់ស្រោចទឹកទេ ។
- ការដាក់ជីបំប៉ន ត្រូវដាក់លើដំណាំណាដែលសង្កេតឃើញថា មានការដុះលូតលាស់ខ្សោយ ។
- ត្រូវកាប់រណ្តៅដោយមានចម្ងាយ០,៥ម៉ែត្រ ពីគល់ និងជម្រៅ០,៥ម៉ែត្រ ។ នៅក្នុងរណ្តៅ ត្រូវដាក់លាមកសត្វគ្រប់ប្រភេទដូចជា មាន់ គោ និងប្រចៀវ ព្រមទាំងស្លឹកឈើងាប់ៗ ដើម្បីឱ្យរលួយក្លាយជាជី ។
- ការដាក់ជីបំប៉ន ធ្វើឡើងតែ១ ឬ២ដងប៉ុណ្ណោះ ចាប់ពីដាំរហូតដល់ចេញផ្លែ ។

៤. ចំណាប់អារម្មណ៍
លាមកប្រចៀវ ធ្វើឱ្យផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ ។

ដកស្រង់ចេញពីសៀវភៅ កសិករ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ៕ 

ព័ត៌មានផ្សេងទៀត