បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​របស់​អាមេរិក​

15-11-2020 6:23 pm 290

​នៅក្នុង​នាទី​ជន​ល្បីល្បាញ​នា​សប្តាហ៍​នេះ  ពេញ ផេង​នឹង​លើកយក​ជី​វប្រ​វត្ដិ​របស់​បុគ្គល​ល្បីឈ្មោះ​ម្នាក់  គឺ​លោក​បា​រ៉ាក់  អូ​បា​ម៉ា ប្រធានាធិបតី​ទី​៤៤​ហើយក៏​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​របស់​អាមេរិក​។  ប៉ុន្ដែ​ទម្រាំ​ក្លាយជា​ប្រធានាធិបតី​លោក​អូ​បា​ម៉ា​បាន​ពុះពារ​ឧបសគ្គ​ជាច្រើន ឆ្លងកាត់​ជីវិត​រស់នៅក្នុង​គ្រួសារ​ឪពុកម្ដាយ​លែងលះគ្នា​តាំងពីលោកនៅជា​កុមារភាព ត្រូវមិត្ដ​រួម​ថ្នាក់​រើសអើង​ដោយសារពណ៌​សម្បុរ និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ថែមទៀត​គ្រា​នៅ​ជា​យុវវ័យ​។ ប៉ុន្ដែ​លោក​បាន​ផ្លាស់ប្ដូរ​ពី​ការប្រព្រឹត្ដ​ទង្វើ​មិនល្អ ស្រវា​ចាប់យក​ការសិក្សា​រហូត​រៀន​ចប់ ជំនាញ​ច្បាប់ និង​វិទ្យាសាស្ដ្រ​នយោបាយ​។ ទីបំផុត​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ក៏​រុញច្រាន​ឲ្យ​លោក​ជាប់​ជា​ប្រធានាធិបតី​អាមេរិក​រហូត​ពីរ​អាណត្ដិ​។ 

ជីវប្រវត្ដិ

​លោក​បា​រ៉ាក់ អូ​បា​ម៉ា ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៤​របស់​អាមេរិក កើត​នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩៦១ នៅក្នុង​ទីក្រុង​Honolulu នៃ​រដ្ឋ​ហា​វៃ​សហរដ្ឋអាមេរិក បច្ចុប្បន្ន​មាន​វ័យ​៥៩​ឆ្នាំ​។  លោក​បា​រ៉ាក់ អូ​បា​ម៉ា មាន​ឪពុក​ជា​ជនជាតិ​កេន​យ៉ា​ឈ្មោះ​បារ៉ាក់ ហូ​សេន អូ​បា​ម៉ា​(Barack Hussein Obama) រីឯ​ម្តាយ​វិញ​គឺជា​ជនជាតិ​អាមេរិក​មាន​ឈ្មោះថា​អាន់ ឌុន​ហាម​(Ann Dunham)​។ តែ​ឪពុកម្តាយ​របស់លោក​បាន​បែកបាក់​គ្នា​តាំងពី​លោក​នៅ​តូច​មកម្ល៉េះ​គឺ​ក្នុង​ឆ្នាំ​១៩៦៤ ដែល​ធ្វើឲ្យ​លោកមិន​ទទួលបានភាព​កក់ក្តៅ​ដូច​ក្មេង​ដទៃទៀត​នោះឡើយ​។ នៅ​ឆ្នាំ​១៩៦៥​ម្តាយ​របស់លោក​អូ​បា​ម៉ា ក៏បាន​រៀបការ​ជាមួយនឹង​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ទៀត​។ 

​មួយឆ្នាំ​ក្រោយមក អូ​បា​ម៉ា​រួមជាមួយ​ម្តាយ​និង​ឪពុកចុង បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ចា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​។ កាលនោះ លោក​ក៏បាន​ចូល​សិក្សា​នៅ​សាលា​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ពោលគឺ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​៩​ឆ្នាំ​។  លុះដល់​អាយុ​១០​ឆ្នាំ​គឺ​នៅ​ឆ្នាំ​១៩៧១ ក្រុមគ្រួសារ​ក៏បាន​បញ្ជូន​លោក​ទៅកាន់​ទីក្រុង​Honolulu​នៃ​រដ្ឋ​ហា​វៃ​វិញ ដោយ​ស្ថិតក្រោម​ការចិញ្ចឹម​បីបាច់​ពី​លោកយាយ​ដើម្បី​បន្ត​ការសិក្សា​នៅ​ទីនោះ​។ ជីវិត​រស់នៅ​ដោយ​គ្មាន​ការថែរក្សា​និង​ផ្តល់​ភាពកក់ក្តៅ​ពី​សំណាក់​ឪពុកម្តាយ បានធ្វើឲ្យ​លោក​អូបា​ម៉ា​មាន​ភាព​ឯកោ  ហើយ​លោក​តែងតែ​និយាយថា​លោក​គ្មានអ្វីៗ​ដូច​មនុស្ស​នៅ​ជុំវិញខ្លួន​ឡើយ​។ ម្យ៉ាងវិញទៀត​នៅ​សាលារៀន មាន​មិត្ត​ភ​ក្រ័ជា​ច្រើន​ដែល​រើសអើង​លោក ដោយសារ​លោក​មាន​ស្បែក​ខ្មៅ​បែបនេះ​។  មាន​បញ្ហា​ស្មុគស្មាញ់​ច្រើនពេក រហូត​រុញឲ្យ​អូបា​ម៉ាប្រើប្រាស់​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន​។ តែ​ក្រោយមក​លោក​ក៏​យល់ដឹង​ពី​ឥទ្ធិពល​អាក្រក់​នៃ​របស់​ទាំងនោះ ដោយ​លះបង់​សកម្មភាព​មិនល្អ​ហើយក៏​បែរមក​ខិតខំ​សិក្សា​ឡើងវិញ​។ អូ​បា​ម៉ា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ដ្រ​នយោបាយ នៅ​សាកលវិទ្យាល័យ​Columbia​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ឆ្នាំ​១៩៨៣ និង​បានបញ្ចប់​មុខជំនាញ​ច្បាប់​មួយទៀត​ពី​សាលា​ច្បាប់​Harvard​ក្នុង​ឆ្នាំ​១៩៩១​។ ចំពោះ​ចំណង់​ចំណូលចិត្ត​របស់លោក គឺ​ការអាន​សៀវភៅ​និង​លេង​កីឡាបាល់បោះ​។ 

​អាជីព​នយោបាយ

​បើ​និយាយ​ពី​ជីវិត​ក្នុង​ឆាកនយោបាយ​វិញ លោក​អូ​បា​ម៉ា​បាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ក្នុង​រដ្ឋ​អ៊ី​លីណ​យ​(Illinois) តាំងពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ ចូល​កាន់តំណែង​នៅ​ឆ្នាំ​១៩៩៧​រហូតដល់​ឆ្នាំ​២០០៤​។ ពី​ឆ្នាំ​២០០៥​ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៨ លោក​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​តំណាងឲ្យរ​ដ្ឋ​អ៊ី​លី​ណយ​(Illinois)​។  លោក​ក៏​ជាបុ​ក្គលដែល​ចេញមុខ​ប្រឆាំង ចំពោះ​វិធានការ​របស់លោក​ច​ច ដិ​បាល់​យូ ប៊ូ​ស​(George W. Bush) ក្នុងការ​ចូលលុកលុយ​ក្នុងប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣​ផងដែរ​។​

​នៅ​ឆ្នាំ​២០០៧ លោក​បានប្រកាស​ឈរ​ជា​បេក្ខភាព​ក្នុង​ការប្រកួតប្រជែង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​តំណែង​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​។ កាលនោះ​លោក​បាន​ចុះ​ទៅធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាច្រើនលើក ហើយ​បានបង្ហាញ​ពី​គោលនយោបាយ​សំខាន់ៗ​ដូចជា ការបញ្ចប់​សង្គ្រាម​នៅ​អ៊ឺរ៉ាក់ និង​ការផ្តល់ជូន​នូវ​សេវា​ថែទាំ​សុខភាព​ជាដើម​។ ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំងខ្លា​របស់លោក​ក្នុង​បក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​(Hillary Clinton) ភរិយា​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ប៊ីល គ្លី​ន​តុ​ន​។ ប៉ុន្តែ​ឆ្លងកាត់​ការប្រកួតប្រជែង​លោក​អូ​បា​ម៉ា​បាន​ទាញ​ប្រជាប្រិយភាព​ពីរ​អ្នកគាំទ្រ​ច្រើនជាង ជាហេតុ​ធ្វើឲ្យ​លោក​អាចជាប់​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ ទៅ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាមេរិក ជាមួយនឹង​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សារ​ធា​រណៈ​រដ្ឋ ដែល​កាលនោះ​គឺ​លោក​ច​ន មឹក​ខេន​(John McCain)​។ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ ២០០៨ លោក អូ​បា​ម៉ា បាន​យកឈ្នះ​ការបោះឆ្នោត​ដោយ​ទទួលបាន​សម្លេងគាំទ្រ​សរុប​ចំនួន​៥២.៩​ភាគរយ​ទល់នឹង​៤៥.៧​ភាគរយ​។ ពេលនោះ​ហើយ​ដែល​សហរដ្ឋអាមេរិក​មាន​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ 

​បើ​និយាយ​អំពី​ស្នាដៃ​របស់លោក​ក្នុង​តំណែង​ជា​ប្រធានាធិបតី​រយៈពេល​៤​ឆ្នាំ​នៃ​អាណត្តិ​ទី​១  គឺមាន​ច្រើន​សន្ធឹកសន្ធាប់​ដូចជា ការដាក់ចេញ​នូវ​ប្រព័ន្ធ​នៃ​ការធានា​ថែ​ទាំង​សុខភាព ការបញ្ចប់​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ការស្តា​ឡើងវិញ​នូវ​បញ្ហា​សេដ្ឋកិច្ច​របស់​អាមេរិក​ជាដើម​។ ស្នាដៃ​ជាច្រើន​នេះហើយ ដែល​បានធ្វើឲ្យ​លោក​ក្លាយជា​ប្រធានាធិបតីអាមេ​រិក​នៅ​អាណត្តិ​ទី​២​បន្តទៀត ដែល​បាន​យកឈ្នះ​ដៃគូ​ដ៏​ខ្លាំង​មកពី​គណបក្ស​សាធារណៈរដ្ឋ គឺ​លោក​មិត រ៉ុម​នី​(Mitt Romney)​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១២​។ ជាប់ឆ្នោត​ក្នុង​អាណត្ដិ​ទីពីរ លោក​អូ​បា​ម៉ា​បាន​បន្ដ​គោលនយោបាយ​ដឹកនាំ​អាមេរិក​ឆ្ពោះទៅមុខ គឺកំណត់​បន្ថែម​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នយោបាយ និង​បង្កើន​គោលនយោបាយ​ការបរទេស​ដើម្បី​លើកកម្ពស់​កិត្ដិនាម​អាមេរិកលើ​ឆាក​អន្ដរជាតិ​។ លោក​ក៏បាន​គិតគូរ​ខ្លាំង​ផងដែរ​ពី​បញ្ហា​បរិស្ថាន ការផ្គត់ផ្គង់​ថាមពល​នៅ​ក្នុងស្រុក ការគ្រប់គ្រង​អាវុធ ការគ្រប់គ្រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ជាដើម​។​

​ដោយសារតែ​អាមេរិក​កំណត់ឲ្យ​ប្រធានាធិបតី​ម្នាក់​កាន់តំណែង​បានតែ​ពីរ​អាណត្ដិ ដូច្នេះ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ក៏​ត្រូវផុត​អាណត្ដិ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ គឺ​នៅ​ថ្ងៃ​លោក​ដូណាល់ ត្រាំ​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​ថ្មី ក្រោយ​យកឈ្នះ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ 

​ស្ថានភាព​គ្រួសារ​

​បើ​និយាយ​អំពី​គ្រួសារ​របស់លោក​អូ​បា​ម៉ា​វិញ លោក​បាន​រៀបការ​ជាមួយនឹង​អ្នកស្រី​មី​សែ​ល ឡា​វ៉ន រ៉ូ​ប៊ីន​សុន​(Michelle LaVaughn  Robinson) នៅ​ខែតុលា ឆ្នាំ​១៩៩២​។ ប្រពន្ធ​របស់លោក​គឺជា​អ្នកច្បាប់​និង​អ្នកនិពន្ធ​ផងដែរ​។ ចំណងអាពាហ៍ពិពាហ៍​មាន​កូនស្រី​ចំនួន​ពីរ​នាក់ គឺ​ម៉ាលៀ អូ​បា​ម៉ា​(Malia Obama) និង​សា​សា អូ​បា​ម៉ា​(Sasha Obama)​។ ទាក់ទង​នឹង​ជីវិត​ក្នុង​គ្រួសារ​នេះ បើទោះបីជា​លោក អូ​បា​ម៉ា​មាន​ការងារ​រវល់​យ៉ាងណាក៏ដោយ ក៏​លោក​តែងតែ​ឆ្លៀតពេល​ដើម្បី​បំពេញ​មុខងា​ជា​ស្វាមី​ល្អ និង​ជា​ឪពុក​ល្អ​ជានិច្ច​។  ជាទូទៅ លោក​តែងតែ​បែងចែក​ពេលវេលា​ដើម្បី​ទៅលេង​កីឡា ទៅ​រាំ លេង​ព្យា​ណូ ជាមួយនឹង​ក្រុមគ្រួសារ​។ មូលហេតុ​ដែល​ធ្វើឲ្យ​លោក​បារ៉ាក់ អូ​បា​ម៉ា​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ជាមួយនឹង​គ្រួសារ​យ៉ាង​ដូច្នេះ ត្រូវបាន​គេ​សន្និដ្ឋានថា អាច​ប្រហែល​មកពីរ​ជីវិត​របស់លោក ពុំ​ទទួលបាន​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​របស់លោក​គ្រប់គ្រាន់​ដូច​ក្មេង​ដទៃ ពោលគឺ​តាំងពី​ឪពុកម្តាយ​របស់លោក​បាន​លែងលះគ្នា​ទាំង​លោក​នៅ​ជា​កុមារភាព​។ ក្រោយ​លែងលះ​ជាមួយ​ម្ដាយ មានតែ​ម្តងគត់​ដែល​ឪពុក​របស់លោក​បានមក​សួរសុខទុក្ខ​ផ្ទាល់ គឺ​នៅ​ឆ្នាំ​១៩៧១​។ ចំណែកឯ​ម្តាយ​របស់លោក​វិញ ក៏​មិនបាន​មើលថែ​លោក​ឲ្យ​ដិតដល់​នោះដែរ ពោលគឺ​បាន​ទៅ​រស់នៅ​ជាមួយនឹង​ប្តី​ថ្មី​នៅឯ​ប្រទេស​ឥណ្ឌូនេស៊ី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ហេតុនេះហើយ លោក​មិន​ចង់ឲ្យ​កូនៗ​របស់លោក ជួប​រឿងរ៉ាវ​ដូច​លោក​នោះទេ​។​

​អ្វីដែល​មហាជន​ចាប់អារម្មណ៍ បើទោះបី​លោក​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពិភពលោក​ក៍ដោយ ប៉ុន្តែ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ត្រូវបាន​គេ​ប្រទះឃើញ​ជា​ញឹកញាប់​នៅតាម​ទីសាធារណៈ​។ ជួនកាល​គេ​បានឃើញ​លោក​ជិះ​កង់​កម្សាន្ដ​លេង​ជាមួយ​កូនស្រី​ទាំងពីរ​នាក់​របស់លោក​ក្នុង​សួន​។ ជួនកាល​គេ​បានឃើញ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នាំ​ភរិយា​និង​កូនៗ​ទៅ​ហាង​ការ៉េម​ដូច​ប្រជាជន​សាមញ្ញៗ​របស់​អាមេរិក​ដែរ​។ ពេលខ្លះ​គេ​ក៍បាន​ឃើញ​លោក​អូ​បា​ម៉ា​ជួប​ជជែក​ជាមួយ​កម្មករ កូនក្មេង ក្នុង​ភាពស្និទ្ធស្នាល​បំផុត​។ ឥរិយាបថ​បែបនេះ​មានន័យថា លោក​អូ​បា​ម៉ា​ជា​មនុស្ស​សេរី សាមញ្ញ មិន​ប្រកាន់​ឫកពា​ថ្លៃថ្នូរ​ជ្រុល​ហួសហេតុ​នោះទេ​៕ 

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត