មន្ត្រីហ្វីលីពីនបាននិយាយនៅថ្ងៃអាទិត្យទី១៥ វិច្ឆិកា ឆ្នាំ២០២០នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនដែលបោកបក់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននាឆ្នាំនេះបានកើនឡើងដល់ ៦៧ នាក់ហើយ។ តំបន់ជាច្រើននៅតែលិចទឹកនៅភាគខាងជើងប្រទេសហ្វីលីពីន ដែលរងការវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលប្រមាណ ៤ទសវត្សចុងក្រោយនេះ។
ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌូតឺតេ បានហោះទៅខេត្តTuguegarao ដើម្បីវាយតម្លៃពីស្ថានភាពនៅតំបន់Cagayan Valley។ ការចុះត្រួតពិនិត្យដោយផ្ទាល់របស់លោកឌូតឺតេ បន្ទាប់ពីព្យុះបានបង្កជាការជន់លិចយ៉ាងខ្លាំង ដោយសារឥទ្ធិពលព្យុះVamco ខណៈភ្លៀងបានបង្អុរយ៉ាងខ្លាំងនៅលើឯកោះLuzon រួមទាំងរដ្ឋធានីម៉ានីលផងដែរ។
ជុំវិញករណីអ្នកស្លាប់ដោយសារព្យុះដ៏អាក្រក់នេះ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន បាននិយាយថា អ្នកស្លាប់មានចំនួន ២២នាក់នៅក្នុងតំបន់Cagayan ១៧នាក់នៅភាគខាងត្បូងកោះលូហ្សុន ៨នាក់នៅរដ្ឋធានីម៉ានីល និង ២០នាក់នៅតំបន់ពីរផ្សេងទៀត។ អ្នកនាំពាក្យរូបនេះបន្តថា មនុស្ស ១២នាក់ កំពុងបាត់ខ្លួននៅឡើយហើយផ្ទះជិត ២៦,០០០ខ្នងរងនូវការខូចខាត។
ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយព្យុះកំណាចនេះ លោកManuel Mamba អភិបាលខេត្ត Cagayan បានថ្លែងក្នុងសន្និសីទកាសែតជាមួយលោកឌូតឺតេថា នេះជាព្យុះដ៏អាក្រក់បំផុតពុំធ្លាប់មានក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ។ លោកMamba ថា ព្យុះនេះវាកាន់តែអាក្រក់ឡើងៗជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះលោកMamba ក៏បានលើកឡើងដដែលពីការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តCagayan នឹងបានទទូចឲ្យលោកឌូតឺតេចេញបញ្ជាក្នុងការបង្រ្កាបការកាប់បំផ្លាញព្រៃឈើ។
យ៉ាងណា ប្រតិបត្ដិការជួយសង្គ្រោះកំពុងបន្តនៅខេត្តCagayan ស្របពេលដែលទំនប់ស្តុកទុកទឹកដ៏ធំMagat ដែលនៅក្បែរនោះកំពុងត្រូវបានបញ្ចេញទឹកដ៏ធំ ក្នុងបរិមាណស្មើនឹងអាងហែលទឹកអូឡាំពិកដល់ទៅ២ដងឯណោះ៕ ដោយ៖ យឺន សីហា