​ទាំង​អ្នកស្រី​លី ស្រី​វី​ណា អតីតមន្ដ្រី​អតីត​​CNRP​១៤​រូប​ហើយ​​ទទួលបាន​​នីតិសម្បទា​​នយោបាយ​​ឡើង​វិញ​

12-11-2020 9:56 pm 1446

គិត​រហូត​មកដល់ពេលនេះ មាន​អតីតមន្ដ្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ​និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ដែល​ក្នុងនោះ​បូក​រួម​ទាំង​អ្នកស្រី​លី ស្រី​វី​ណា​ផងដែរ​។ អ្នកស្រី​លី ស្រី​វី​ណា អតីត​តំណាងរាស្ដ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល​សម្រេច​មិនឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​នយោបាយ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ​។ 

​ព្រះរាជក្រឹត្យ​ធ្វើឡើង​បន្ទាប់​ពី​អតីត​តំណាងរាស្ដ្រ​រូបនេះ បាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ និង​បន្ទាប់​ពី​បាន​ចេញ​លិខិត​ស្នើ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោកនាយក​រដ្ឋមន្ដ្រី​ក៏​យល់ព្រម​ហើយ​ដែរ ក្នុង​ការទទួលយក​អ្នកស្រី​មក​ធ្វើជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ចំពោះ​អតីតមន្ដ្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៤​រូប ដែល​ទទួលបាន​នីតិសម្បទា​នយោបាយ​ឡើង​វិញ មាន​ដូចជា​ទី​១៖​លោក​គង់ គាំ ទី​២៖​លោក​គង់ បូរ៉ា ទី​៣៖​លោក​ស៊ី​ម សុវណ្ណនី ទី​៤៖​លោក​រៀល ខេមរិន្ទ ទី​៥៖​លោក​អ៊ូ ច័ន្ទ​រ័ត្ន ទី​៦៖​អ្នកស្រី​ទេព សុ​ទ្ធី ទី​៧៖​លោក​កង គឹម​ហាក់ ទី​៨៖​លោក​ជីវ កត្តា ទី​៩៖​លោក​ច័ន្ទ សិលា ទី​១០៖​លោក​សុន ឆ័យ ទី​១១៖​លោក​តាវ គឹម​ឈន ទី​១២៖​លោក​វ៉ា សាម៉ុន ទី​១៣៖​លោក​ស៊ុន សុភ័​ក្រ និង​​​ទី​១៤៖​អ្នកស្រី​លី ស្រី​វី​ណា​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា អតីតមន្ដ្រី​ទាំង​១៤​រូប​ខាងលើ ស្ថិតក្នុង​ចំណោម​អតីតមន្ដ្រី​សរុប​១១៨​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​សម្រេច​ផ្អាក​មិនឲ្យ​ធ្វើ​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ សាលដីកា​នេះ​ចេញ​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​៕ ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត