The power of positive Thinkingប្រើប្រាស់ថាមពលនៃការគិតក្នុងការផ្លាស់ប្តូរខ្លួនឯង

12-11-2020 1:20 pm 359

សៀវភៅ The power of positive Thinking និពន្ធដោយលោក ណរម៉ែន វិនសិនត៍ភីល មាន១៧មេរៀន និង៣៤៦ទំព័រ ហើយសៀវភៅមួយក្បាលនេះនឹងជួយបង្ហាញឱ្យអ្នកឃើញអនុភាពដ៏អស្ចារ្យ ដែលផ្តល់កម្លាំងចិត្តដែលមិនចេះរីងស្ងួត ជួយកម្លាំងក្តីភ័យខ្លាច ប្រែក្លាយបរាជ័យទៅជាជោកជ័យដ៏អស្ចារ្យ។សៀវភៅនេះនឹងបង្រៀនអ្នកពីវិធីគិតសាមញ្ញធម្មតា ដើម្បីជួយដោះបញ្ហាបង្កើនឥទ្ធិពលក្នុងការសម្រេចចិត្ត ពុះពារក្នុងការសម្រេចគោលដៅជីវិតតាមបំណងប្រាថ្នា។សៀវភៅ The power of positive Thinking ជាសៀវភៅដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់ និងលក់ដាច់ចំនួនដល់ទៅជាង ៥លានក្បាល ដែលជួយដល់អ្នកអានអោយមានចិត្តស្ងប់សុខក្នុងជីវិត និងផ្លាស់ប្តូរការរស់នៅឱ្យកាន់តែប្រសើរឡើង។

សៀវភៅនេះត្រូវបានសរសេរឡើងក្នុងបំណងជួយកែលម្អជីវិតមនុស្សដែលពោរពេញដោយទុក្ខលំបាក ផ្តល់គំនិតល្អៗធ្វើឱ្យមានអារម្មណ៍ស្ងប់សុខ អនុភាពនៃការគិតវិជ្ជមាន ថាមពលនៅពេលដែលមានផ្នត់គំនិតវិជ្ជមាន មានគន្លឺះល្អៗ អាចអោយអ្នកអានយកទៅប្រើការបានយ៉ាងពិតប្រាកដរួមទាំងវិធីគិត វិធីប្រតិបត្តិអំពីការមានជំនឿក្នុងចិត្ត សៀវភៅនេះប្រើប្រាស់ភាសាសាមញ្ញដែលងាយយល់ ។

អ្នកនិពន្ធសៀវភៅនេះលោក ណរម៉ែន វិនសិនត៍ភីល បានរៀបរាប់ថា មនុស្សជាច្រើនតែងចុះចាញ់ចំពោះ បញ្ហា ដែលកើតមានក្នុងជីវិត ។ពួកគេប្រឹងប្រែងរស់ក្នុងសេចក្តីឈឺចាប់ដោយការខកចិត្តព្រោះពួកគេគិតថា ខ្លួនគ្មានសំណាងដូចអ្នកដទៃ។ក្នុងជីវិតអ្នកអាចជួបរឿងបរាជ័យជាញឹកញយប៉ុន្តែអ្នកយករឿងទាំងនោះ ធ្វើជាមេរៀនអោយអ្នករឹងមាំ ពេលអ្នកសាកល្បងឆ្លងកាត់ឧបសគ្គទាំងនោះយូៗទៅ វានឹងពង្រឹងថាមពលខ្លាំងឡើង ហើយភាពខ្លាំងទាំងនោះនិងបំផ្លាញភាពភ័យខ្លាំង ព្រមទាំងផ្តល់ដល់អ្នកនូវទំនុកចិត្តឱ្យអ្នកកាន់តែខ្លាំង ។អ្នកនិពន្ធក៏បានលើកឡើងក្នុងមេរៀន ស្ងប់ចិត្តអាចបង្កើតថាមពល ក្នុងទំព័រ៣៩ ដោយបង្ហាញថា មានវិធីមួយចំនួនដែលធ្វើឱ្យធូរស្បើយពីសេចក្តីទុក្ខ គឺការចាប់ផ្តើមនិយាយពាក្យល្អៗ ពាក្យសម្តីសម្តែងចេញពីអារម្មណ៍ ពាក្យសម្តីល្អធ្វើអោយអ្នកមានអារម្មណ៍ថាមានសេចក្តីសុខ ។ ការនិយាយល្អឬអាក្រក់សុទ្ធតែមានឥទ្ធិពលមកលើការគិតរបស់យើងពាក្យសម្តីបង្ហាញពីការគិតរបស់មនុស្ស ការនិយាយមិនល្អធ្វើអោយអ្នកគិតមិនល្អ យូរៗក៏ក្លាយទៅជាទម្លាប់ ប្រសិនបើអ្នកកំពុងតែជួបសន្ទនាជាមួយអ្នកណាម្នាក់ អ្នកត្រូវតែពិចារណា ជាមុនសិន ថាធ្វើបែបណាទើបអាចបញ្ចូលសាច់រឿងល្អ ពាក្យល្អចូលទៅបាន ដូច្នេះនឹងធ្វើអោយអ្នកមានទំនាក់ទំនងកាន់តែល្អ ប្រសើរឡើង។

ដោយឡែកបញ្ហាជំនឿចិត្ត អ្នកនិពន្ធសៀវភៅនេះ បានលើកឡើងថា នៅពេលដែលអ្នកព្យាយាមគិតតែរឿងអវិជ្ជមាន រឿងអាក្រក់ៗ នោះខួរក្បាលនឹងប្រើប្រាស់ថាមពលចាំបាច់ទាញយកតែរូបភាព ព្រឹត្តការណ៍ដែលប្រហាក់ប្រហែល រឿងបរាជ័យដែលអ្នកធ្លាប់ជួបកន្លងមក ការគិតនោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព មួយវិញទៀតកង្វះជំនឿចិត្តលើខ្លួនេងក៏ជាបញ្ហាចំបងផងដែរ សម្រាប់មនុស្សបច្ចុប្បន្ន បើតាមការស្រាវជ្រាវ ក្នុងសកលវិទ្យាល័យមួយ បានធ្វើការសិក្សាលើនិស្សិតចំនួន៦០០នាក់ បណ្តាសិស្សទាំងនោះត្រូវបានគេសួរសំនួរទាក់ទងបញ្ហាដែលគេជួបប្រទះ ក្នុងនោះមាន៧៥%បាន បង្ហាញពីអារម្មណ៍ខ្វះជំនឿចិត្ត ក្នុងការដោះស្រាយបញ្ហាទាំងនោះ។

អ្នកនិពន្ធបានសន្និដ្ឋានបានថា មនុស្សភាគច្រើនរស់ដោយខ្វះជំនឿចិត្តលើសមត្ថភាពរបស់ខ្លួនទាល់តែសោះ ហើយការបរាជ័យតែងតែកើតឡើងលើពួកគេជានិច្ច លុះយូរៗទៅក៏ក្លាយជាផ្នត់គំនិត ថាខ្លួនឯងគ្មានសមត្ថភាពក្នុងការធ្វើអ្វីមួយអោយបានសម្រេច។មនុស្សរងទុក្ខដោយសារការគិត និងការភ័យខ្លាច បញ្ហាក្នុងជីវិត ឧបសគ្គ ការលំបាកជាច្រើនបានសូ្របទាញថាមពលក្នុងជីវិតរបស់អ្នកដូច្នេះអ្នកត្រូវកែប្រែការគិតរឿងមិនល្អចេញអោយឆាប់រហ័សបំផុត ព្រោះនៅពេលដែលអ្នកឈប់គិតអវិជ្ជាមាន បញ្ហាអាក្រក់ទាំងឡាយក៏នឹងលែងបង្ហាញខ្លួនដែរ៕(ដោយ៖ភិន សុភី) 

ព័ត៌មានផ្សេងទៀត