អាស៊ាន​​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​​គាំទ្រ​ដោយ​ចិន​

11-11-2020 4:52 pm 830

​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​នឹង​ចាប់ផ្ដើម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១២​វិច្ឆិកា ដែល​គេ​រំពឹងថា​នឹង​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​គាំទ្រ​ដោយ​ចិន​ផងដែរ​។ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​រួមជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ដ្រាលី និង​ណូវែល​ហ្សេ​ឡង់ គ្រោង​នឹង​បិទ​បញ្ចប់​កិច្ចពិភាក្សា​លើ​កិច្ចព្រមព្រៀង​ស្ដីពី ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ក្នុង​តំបន់​(RCEP)​នៅ​ថ្ងៃអាទិត្យ​។​

​កិច្ចព្រមព្រៀង​ដែល​រំពឹងថា​នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​ដែរនោះ នឹងត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​បញ្ចប់​ទាំងស្រុង ប៉ុន្ដែ​នឹង​បន្ដ​ទម្លាក់​ថ្លៃ​ពន្ធ​ទំនិញ​នៅក្នុង​តំបន់​ជាច្រើន ហើយ​អាច​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។ អនុ​រដ្ឋមន្ដ្រីការបរទេស​វៀតណាម​លោក​Nguyen Quoc Dung ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ក្នុងឆ្នាំនេះ​និយាយថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​RCEP នឹង​ផ្ដល់​សន្ទុះ​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់​ជាពិសេស​រវាង​ប្រទេស​ហត្ថលេខី​។​

​សូមបញ្ជាក់ថា ប្រទេស​១៥​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ក្នុង​តំបន់​(RCEP) មាន​ប្រជាជន​ប្រមាណ​ជិត​១​ភាគបី​នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក និង​រួមចំណែក​ប្រមាណ​២៩​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។ ចិន​គឺជា​ប្រភព​នាំចូល​និង​ជា​ទិសដៅ​នាំចេញ​ធំ​បំផុត​មួយ សម្រាប់​ប្រទេស​ដែល​នឹង​ក្លាយជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​RCEP​។​

​ការប្រកាស​ពី​ផែនការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ ធ្វើឡើង​ស្របពេល​សហរដ្ឋអាមេរិក​កំពុង​ជួប​ភាពចលាចល ដោយសារតែ​ការបោះឆ្នោត​ប្រធានាធិបតី​។ ដ្បិត​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេ​យ្យ បានឈ្នះ​សំឡេង​អង្គ​បោះឆ្នោត​អាច​ក្លាយជា​ប្រធានាធិបតី​ក៏ដោយ ប៉ុន្ដែ​លទ្ធផល​ផ្លូវការ​នៅ​មិនទាន់​ប្រកាស​ទេ ហើយ​លោក​ដូណាល់ ត្រាំ​ក៏​មិន​ទទួលស្គាល់​លទ្ធផល​ថា​លោក​ចាញ់​ដែរ​។ 

​លោក​បាយ​ដិន ជា​អនុ​ប្រធានាធិបតី​ក្នុង​អាណត្ដិ​លោក​បារ៉ាក់ អូ​បា​ម៉ា​កាន់តំណែង ដែល​លោក​អូ​បា​ម៉ា​ដូចជា​ជំនួយការ​មួយ​សម្រាប់​តំបន់​អាស៊ី​នោះ ត្រូវបាន​គេ​រំពឹងថា​នឹង​ដឹកនាំ​អាមេរិក​ដើរ​ចេញពី​គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ​របស់លោក​ត្រាំ​។ លោក​បាយដិ​ននឹង​ផ្សារភ្ជាប់​ឡើងវិញ​នូវ​ទំនាក់ទំនង​យ៉ាងសកម្ម​រវាង​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​។ 

​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ពី​សំណាក់​សហរដ្ឋអាមេរិក ដែល​បង្កឡើង​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម ជា​កត្ដា​មួយ​ជំរុញ​ទៅរក​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ក្នុង​តំបន់​។ កិច្ចព្រមព្រៀង​នេះ​រំពឹង​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​សំខាន់បំផុត​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ ហើយក៏​ទំនង​នឹង​ធ្វើឲ្យ​ចិន​ឈរជើង​កាន់តែ​រឹងមាំ​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍ ជប៉ុន និង​កូរ៉េខាងត្បូង​។ ជាងនេះទៅទៀត​ក៏​អាច​នឹង​ធ្វើឲ្យ​ចិន​មាន​គោលជំហរ​កាន់តែ​ល្អប្រសើរ ដើម្បី​បង្កើត​ច្បាប់ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ឲ្យមាន​រូបរាងឡើង​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត