វិធានការ​សម្រាប់​មន្ត្រី​អប់រំ​នៅ​តាម​អង្គភាព​ជាតិ​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

11-11-2020 1:12 pm 266

​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីណែនាំ ស្ដី​ពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។

ក្នុង​សេចក្ដីជូនដំណឹង ក្រសួង បាន​ណែនាំ​វិធានការ​មួយចំនួន​ដល់​មន្ត្រី​អប់រំ​ដែល​បម្រើការ​នៅ​តាម​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់​ដូចជា ក្រសួង​អនុញ្ញាត​ឲ្យ​មន្ត្រី​ធ្វើការ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ និង​ផ្អាក​ការត្រួតពិនិត្យ​វត្តមាន​។ នៅតាម​អង្គភាព​ទាំងអស់​ត្រូវ​រៀបចំ​វេន​ការងារ ដើម្បី​ធានា​កិច្ចការ​នៅ​ការិយាល័យ​នីមួយៗ​មាន​ដំណើរការ​ជា​ប្រក្រតី និង​មិន​រាំងស្ទះ​ដល់​ការងារ​របស់​ស្ថាប័ន​។ 

​ជាមួយគ្នា ក្រសួង​បាន​ណែនាំ​ឲ្យ​បន្ត​ដាក់​ឆ្លង​ឯកសារ និង​បែងចែក​ឯកសារ តាម​ប្រព័ន្ធ​ឌីជីថល មានដូចជា តេ​ឡេ​ក្រាម Whatsapp ជាដើម​។ សម្រាប់​អង្គភាព​ថ្នាក់​ជាតិ​ទាំងអស់ ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី ស្ថានភាព​សុខភាព​របស់​មន្ត្រី​។ មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​ការពារ ឲ្យបាន​ជាប់លាប​គ្រប់​ពេល​ចេញ​ចូល និង​ពេល​បំពេញការងារ​។ ត្រូវ​រក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជាប្រចាំ​។​

​ម្យ៉ាងទៀត សម្រាប់​គ្រប់​ច្រកចេញ​ចូល​អង្គភាព​ទាំងអស់ ត្រូវ​កំណត់​ឲ្យមាន​ការវាស់​កម្ដៅ និង​ពាក់​ម៉ាស់​ជាប្រចាំ ក្នុង​ករណី​មិន​អនុវត្តតាម នឹង​មិន​ត្រូវ​អនុញ្ញាតឲ្យ​ចូល​ក្នុងប​រិ​វេណ​ជាដាច់ខាត​។ មិន​តែ​ប៉ុណ្ណោះ​ប្រសិនបើ​មាន​ករណី​សង្ស័យ ឬ​ស​ភាពមិនប្រក្រតី ដែល​ជា​រោគសញ្ញា​នៃ​ជំងឺ​កូវី​ដ​-១៩ ត្រូវ​រាយការណ៍​ឬ​ទូរ​សព្ទ​ទៅ​លេខ ១១៥​ជាបន្ទាន់​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត