អ្នកនយោបាយ​ផ្សេង​​យល់​យ៉ាងណា​​ក្រោយ​លោក​សម រង្ស៊ី​ជឿជាក់​លើ​អាមេរិក​?​

10-11-2020 3:37 pm 1659

​លោក​សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល គណបក្ស​សង្គ្រោះ​ជាតិ សូម​សម្តែង​អំណរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជា​បន្តបន្ទាប់ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​កម្ពុជា ហើយ​យើង​សង្ឃឹមថា ប្រទេស​យើង​ទាំងពីរ នឹង​ពង្រឹង​សហប្រតិបត្តិការ​រួម​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុង​ផលប្រយោជន៍​នៃ​ប្រជារាស្ត្រ​យើង​ទាំងពីរ​«​។ លោក​សម រង្ស៊ី​បានលើកឡើង​បន្តទៀតថា «​យើង​ជឿជាក់ថា សហរដ្ឋអាមេរិក នឹង​ជួយ​ជម្រុញឲ្យមាន​ការអនុវ​ត្ត​ន៍​យ៉ាង​ត្រឹមត្រូវ ចំពោះ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ និង​ចំពោះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវឲ្យ​គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​គោលជំហរ​អព្យាក្រឹត​ឥត​លម្អៀង​។ 

​ការលើកឡើង​របស់លោក​សម រង្ស៊ី បែបនេះ តើ​អ្នកនយោបាយ​ផ្សេង​គាត់​យល់​យ៉ាងណា​?

​សម្រាប់​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការលើកឡើង​របស់លោក​សម រង្ស៊ី មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ​។ លោក​អះអាងថា រាជរដ្ឋាភិបាល​ដែលមាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ បាន​ត្រឹមត្រូវ ហើយ​ការអនុវត្ត​ត្រឹមត្រូវ​នេះហើយ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​។ បើតាម​លោក​សុខ ឥសាន កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ជាង​ប្រទេស​ដទៃ​នៅលើ​ពិភពលោក​ទៀតផង​…………

សំឡេង​លោក​សុខ ឥសាន​៖

​ដោយឡែក​លោក​យ៉ង សាំង​កុមារ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិតេយ្យ​មូលដ្ឋាន លោក​យល់ឃើញថា វា​មិន​អាស្រ័យ​លើ​សហរដ្ឋអាមេរិក ឬក៏​សហភាព​អឺរ៉ុប​ទេ​។ លោក​បាន​ចោទ​ជា​សំណួ​រថា តើ​ភាគី​នយោបាយ​ខ្មែរ ចង់ឱ្យ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប ជា​អ្នកសម្របសម្រួល​? តើ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ១៩៩១ មាន​សិទ្ធិអំណាច​ដែរឬទេ​? សម្រាប់​លោក​យ៉ង សាំង​កុមារ នូវតែ​យល់ឃើញថា ដំណោះស្រាយ​មិន​អាស្រ័យ​លើ​អាមេរិក ឬក៏​សហភាព​អឺរ៉ុប​ទេ សំខាន់​លើ​ភាគី​នយោបាយ​ខ្មែរ​តែប៉ុណ្ណោះ​……………

​សំឡេង​លោក​យ៉ង់ សាំង​កុមារ​៖ 

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​សេចក្តីថ្លែងការណ៍ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្តីពី​ការបោះឆ្នោត នៅ​សហរដ្ឋអាមេរិក​ដោយបាន​កោតសរសើរ​ប្រជាពលរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​បោះឆ្នោត យ៉ាង​ទូលំទូលាយ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្នាក់មូលដ្ឋាន ថ្នាក់​រដ្ឋ និង​ថ្នាក់​សហព័ន្ធ ដោយ​គោរព​ស្មារតី​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ត្រឹមត្រូវ​ជាទីបំផុត​។ 

​បើតាម​លោក​សម រង្ស៊ី ស្មារតី​ប្រជាធិបតេយ្យ​នេះ ជា​គម្រូ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ហើយ​លោក​លើកឡើង​ផងដែ​រថា គណបក្ស​សង្គ្រោះ​ជាតិ សូម​អបអរសាទរ ការជាប់ឆ្នោត​របស់លោក​ប្រធានាធិបតី Joe Biden និង​លោកស្រី​អនុ​ប្រធានាធិបតី Kamala Harris​។ យើង​ជឿជាក់ថា ស្មារតី និង​សារ​បង្រួបបង្រួម​ជាតិ របស់​ឥស្សរជន​ទាំងពីរ​រូបនេះ នឹង​ធ្វើឲ្យ​សហរដ្ឋអាមេរិក កាន់តែខ្លាំង​ឡើង ទាំង​នៅ​ក្នុងប្រទេស ទាំង​នៅ​ក្រៅប្រទេស​ផងដែរ​៕ 


ព័ត៌មានផ្សេងទៀត