អ្នក​ងាយ​រងគ្រោះ​​អាចនឹងទទួល​បាន​​វ៉ាក់សាំង​​ការពារកូ​វីដ​-១៩​​នៅ​ខែមីនា​​ឆ្នាំក្រោយ​

10-11-2020 3:36 pm 308

​មន្ដ្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃទី​០៩​វិច្ឆិកា​ថា វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​អាច​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ខែ​មីនាឆ្នាំ​២០២១ ចំពោះ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។ លោក​Bruce Aylward​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ថា លទ្ធផល​បណ្ដោះអាសន្ន​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ហ្វាយ​ហ្សឺ​(Pfizer Inc) គឺ​វិជ្ជមាន​ចំពោះ​ការសាកល្បង​វ៉ាក់សាំង​ដំណាក់កាល​ចុងក្រោយ ដែល​អាចជា​ក្ដីសង្ឃឹម​សម្រាប់​ពិភពលោក​ទាំងមូល​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​នៅតែមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ហើយ​នេះ​គ្រាន់តែ​ជា​លទ្ធផល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ នៅ​ខែ​មីនាឆ្នាំ​២០២១ នៅពេលដែល​ការ​បំពេញការងារ​ស្វែងរក​វ៉ាក់សាំង​បាន​ល្អប្រសើរ​ហើយ​នោះ ពិភពលោក​នឹង​ស្ថិតក្នុង​ទីតាំង​ផ្លាស់ប្ដូរ​មួយ​ដែល​អាច​យកឈ្នះ​លើ​វិបត្ដិកូ​វីដ​បាន​។​

​សូម​ជម្រាបជូន​ថា ជំងឺ​កូវី​ដ​-១៩​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ប្រមាណ​៥១​លាន​នាក់​ហើយ​ទូទាំង​ពិភពលោក និង​ស្លាប់​ជាង​១​លាន​នាក់​។ ក្នុងចំណោម​នោះ​មាន​ព្យាបាល​ជាសះស្បើយ​ជាង​៣៦​លាន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅសល់​ជិត​១៤​លាន​នាក់​។ បច្ចុប្បន្ន​បណ្ដា​ប្រទេស​មួយចំនួន​កំពុង​ជួបប្រទះ​ករណី​ឆ្លង​សាជាថ្មី​កាន់តែខ្លាំង រហូត​ប្រទេស​ខ្លះ​ប្រកាស​ចាត់វិធានការ​តឹងរ៉ឹង​រហូតដល់​បិទ​ប្រទេស​ឡើងវិញ​ផងដែរ​៕​(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  កូវីដ១៩វ៉ាក់សាំង

ព័ត៌មានផ្សេងទៀត