ក្រុមហ៊ុនផលិតឱសថរបស់អាមេរិកPfizerបានប្រកាសកាលពីថ្ងៃចន្ទថា តាមការវិភាគលើទិន្នន័យដំបូងនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩បង្ហាញឲ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកូវីដ-១៩។ នេះជាការអភិវឌ្ឍថ្មីមួយខណៈដែលពិភពលោកកំពុងរង់ចាំវ៉ាក់សាំងយ៉ាងអន្ទះអន្ទែង។ ក្រុមហ៊ុនPfizerដែលបានចាំដៃផលិតវ៉ាក់សាំងជាមួយក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់BioNTech ចេញផ្សាយព័ត៌មានលម្អិតបន្ថែមពីការសាកល្បងនៅតាមគ្លីនិករបស់ខ្លួន ដោយផ្អែកលើការពិនិត្យទិន្នន័យជាផ្លូវការលើកដំបូង ពីសំណាក់ក្រុមអ្នកជំនាញមកពីខាងក្រៅក្រុមហ៊ុន។
តាមរយៈការវិភាគបង្ហាញឲ្យឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាពរហូតដល់ជាង៩០ភាគរយឯណោះ ទៅលើអ្នកដែលស្ម័គ្រចិត្ដសាកល្បងធ្វើតេស្ដវ៉ាក់សាំង ដោយពួកគេពុំមានអាការៈណាមួយបង្ហាញថាបានឆ្លងកូវីដ-១៩ឡើយ។ ក្រុមហ៊ុនPfizerគ្រោងនឹងស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក សម្រាប់ការអនុញ្ញាតជាបន្ទាន់នូវវ៉ាក់សាំងចំនួនពីរដូសនៅចុងខែនេះ បន្ទាប់ពីក្រុមហ៊ុនប្រមូលបានទិន្នន័យសុវត្ថិភាពក្នុងរយៈពេលពីរខែនៃការធ្វើតេស្ដសាកល្បងដំណាក់កាលចុងក្រោយ។ នៅចុងឆ្នាំ២០២០នេះ ក្រុមហ៊ុននឹងផលិតកម្រិតវ៉ាក់សាំងឲ្យបានគ្រប់ដូស ដើម្បីចាក់លើមនុស្សចន្លោះពី១៥ទៅ២០លាននាក់។
អ្នកស្រីKathrin Jansenអនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងនៅក្រុមហ៊ុនPfizerបានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អមួយក្នុងប្រវត្ដិសាស្ដ្រ។ ស្ថានភាពអាក្រក់បំផុតដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យយើងអាចដើរលើផ្លូវនិងជាគោលដៅដែលពុំទាន់មាននរណាម្នាក់អាចធ្វើបាន គឺអាចទទួលបានវ៉ាក់សាំងក្នុងរយៈពេលតែមួយឆ្នាំ។
ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងការពារកូវីដ-១៩ អ្នកវិទ្យាសាស្ដ្រឯករាជ្យបានព្រមានប្រឆាំងនឹងការរកឃើញលទ្ធផលមុនទិន្នន័យសុវត្ថិភាពរយៈពេលវែងត្រូវប្រមូលបាន។ ក៏ពុំទាន់មាននរណាដឹងឡើយថាវ៉ាក់សាំងអាចការពារបានរយៈពេលយូរបំផុតប៉ុន្មាន។ ទោះជាយ៉ាងណាការអភិវឌ្ឍនេះធ្វើឲ្យក្រុមហ៊ុនPfizerក្លាយជាក្រុមហ៊ុនដំបូងបង្អស់ ដែលប្រកាសលទ្ធផលវិជ្ជមានពីការសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយ តាំងពីមានការប្រកួតប្រជែងផលិតវ៉ាក់សាំងក្នុងខែមករា ហើយក្រុមហ៊ុននេះបានបំបែកកំណត់ត្រាបានលឿនជាងគេ។
គួរជម្រាបជូនថា វ៉ាក់សាំងចំនួន១១ផ្សេងគ្នាកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ក្នុងនោះមាននៅសហរដ្ឋអាមេរិកចំនួន៤វ៉ាក់សាំងផងដែរ។ វឌ្ឍនភាពរបស់ក្រុមហ៊ុនPfizer អាចជាសញ្ញាល្អសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេសModerna ដោយសារតែប្រើបច្ចេកវិទ្យាស្រដៀងគ្នា។ អ្នកនាំពាក្យក្រុមហ៊ុនModernaបាននិយាយថា ក្រុមហ៊ុនរំពឹងនឹងមានការរកឃើញបណ្ដោះអាសន្នណាមួយពីការសិក្សារបស់ខ្លួនក្នុងខែនេះ៕