ហេតុផល​៥​យ៉ាង​​នៅ​ពីក្រោយ​​ការជាប់ឆ្នោត​​របស់​​លោកចូ បាយ​ដិន​

10-11-2020 10:46 am 917

​វា​ហាក់ដូចជា​ត្រូវ​ចំណាយពេល​យូរ​គួរសម​ដែរ គិត​ទៅ​ពាក់កណ្ដាល​ជីវិត​ទៅហើយ គឺ​ប្រមាណ​ជា​៥០​ឆ្នាំ​ឯណោះ ទម្រាំ​លោកចូ បាយដិនជាប់ជា​ប្រធានាធិបតីអាមេ​រិក​។ មហិច្ឆតា​ចង់​ក្លាយជា​ប្រធានាធិបតី លោក​បាយដិន​ស្រមៃ​តាំងពី​ចាប់ផ្ដើម​ប្រឡូក​ក្នុង​សង្វៀន​នយោបាយ​នា​វ័យ​ប្រមាណ​ជិត​៣០​ឆ្នាំ​មកម្ល៉េះ ដោយ​ចង់​ធ្វើជា​ប្រធានាធិបតី​វ័យក្មេង​ជាងគេ​របស់​អាមេរិក​។ ប៉ុន្ដែ​គ្រប់យ៉ាង​ត្រូវ​ដើរ​បញ្ច្រាស គឺ​លោក​មិនបាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក្មេង​ជាងគេ​ទេ ប៉ុន្ដែ​ជា​ប្រធានាធិបតី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ទៅវិញ​។ រឿងរ៉ាវ​នយោបាយ​រប​ស់​លោកចូ បាយ​ដិន ក៏​អាចជា​មេរៀន​មួយ​ដល់​សាធារណជន​ទូទៅ ថា​ការតស៊ូ​គង់​នឹង​បានសម្រេច ហើយ​ក្ដី​ស្រមៃ​ពិតជា​មិនយឺត​ពេល​ទេ​បើសិន​មាន​ឆន្ទៈ​បន្ដ​ចង់បាន​ក្ដី​ស្រមៃ​នោះ  តែ​ក៏​មិនត្រូវ​ឲ្យ​ហួសពេល​យូរពេក​ដែរ​។​

​លោកចូ បាយដិន​មុនជាប់​ជា​ប្រធានាធិបតី​អាមេរិក លោក​ក៏​មិន​បណ្ដោយឲ្យ​ពេលវេលា​ដើរ​ទៅមុ​ខឥតប្រយោជន៍​ឡើយ លោក​ធ្លាប់ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ដេ​ឡាវែ​រស​រុប​រហូតដ​ល់​៧​អាណត្ដិ​ជាប់គ្នា​។ ជាងនេះទៅទៀត​លោក​ក៏​ជា​អនុ​ប្រធានាធិបតី​អាមេរិក​ពីរ​អាណត្ដិ ចូល​កាន់តំណែង​ពី​ឆ្នាំ​២០០៩​ដល់​២០១៧ ជំនាន់​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អាមេរិក​។ បទពិសោធន៍​នយោបាយ​ប៉ុណ្ណេះ​គឺ​ចាស់វស្សា​គ្រប់គ្រាន់ ហើយក៏​មិនមាន​មនុស្ស​ច្រើន​នាក់​ទេ​ដែលមានបទពិសោធន៍​លើ​លោក​។​

​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ លោក​បាយដិន​ទទួលបាន​សំឡេង​អង្គ​បោះឆ្នោត​តំណាង​ប្រមាណ​២៧៩ ខណៈ​លោក​ដូណាល់ ត្រាំ​ទទួល​បានតែ​២១៤​សំឡេង​អង្គ​បោះឆ្នោត​តំណាង​ប៉ុណ្ណោះ នេះ​បើតាម​ទិន្នន័យ​របស់​បណ្ដាញសារព័ត៌មាន​BBC​និង​CNN​។ តាម​ច្បាប់បោះឆ្នោត​អាមេរិក បេក្ខជន​ប្រធានាធិបតី​អាមេរិក​រូប​ណា​ទទួលបាន​អង្គ​បោះឆ្នោត​តំណាង​២៧០​នៃ​៥៣៨ ឬ​ស្មើនឹង​៥០+១ គឺជា​អ្នកឈ្នះ​ក្លាយជា​ប្រធានាធិបតី​ហើយ​។ សួរថា​តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​លោកចូ បាយដិន​អាច​ឈ្នះ​ក្នុង​ការបោះឆ្នោត​នៅពេលនេះ​?

​ទី​១ វិបត្ដិកូ​វីដ​-១៩

​កូវី​ដ​-១៩​អាចជា​ហេតុផល​ដ៏​ធំ​បំផុត​មួយ​ក្នុងចំណោម​ហេតុផល​ផ្សេងៗ រុញច្រាន​ឲ្យ​លោក​បាយដិន​អាច​ផ្ដួល​លោកត្រាំ​បាន​។ ជំងឺ​រាតត្បាត​ជា​សាកល​នេះ​បាន​ឆក់យក​អាយុជីវិត​ពល​រដ្ឋ​អាមេរិក​ជាង​២០​ម៉ឺន​នាក់ និង​ឆ្លង​ជាង​១០​លាន​នាក់ ក្លាយជា​ប្រទេស​មាន​មនុស្ស​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​បំផុត​ក្នុង​លោក​។ បញ្ហា​នេះ​បានប្រែក្លាយ​ជីវិត​ពលរដ្ឋ​អាមេរិកឲ្យ​ចូលទៅក្នុង​រឿង​នយោបាយ មានន័យថា​ពួកគេ​ត្រូវ​គិតគូរ​ក្នុង​ការជ្រើសរើស​មេដឹកនាំ​ថ្មី​ដែលមាន​សមត្ថភាព​ជាង​នេះ ទប់ស្កាត់​កុំឲ្យ​ពួកគេ​បាត់បង់​សាច់ញាតិ​តទៅ​ទៀត ខណៈ​លោក​ដូណាល់ ត្រាំ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ ក៏​ហាក់​ទទួលស្គាល់​បញ្ហា​ដែល​បាន​កើតឡើង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​បន្ដ​ជួយ​បន្លឺ​ពី​វិបត្ដិកូ​វីដ​-១៩​យ៉ាង​កងរំពង បន្ថែម​លើ​សំឡេង​លោកចូ បាយ​ដិន​ដែល​រិះគន់​រដ្ឋបាល​លោកដូ​ណាល់ ត្រាំ​មិន​សំចៃមាត់​ថា​បរាជ័យ​លើ​រឿងកូ​វីដ​។ ការណ៍​នេះ​ធ្វើឲ្យ​ពលរដ្ឋ​អាមេរិកដ​ក់​ជាប់ក្នុង​អារម្មណ៍ ហើយ​មិនអាច​បន្ដ​គាំទ្រ​ប្រធានាធិបតី​ដែល​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។ មិន​ត្រឹមតែ​អាយុជីវិត​មនុស្ស កូវី​ដ​-១៩​បាន​វាយលុក​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យសេដ្ឋកិច្ច ធ្វើឲ្យ​ពលរដ្ឋ​អាមេរិក​បាត់​បង់ការ​ងារ​រាប់លាន​នាក់​។​

ទី២ យុទ្ធនាការ​ឃោសនា​មិន​ហ៊ឹកហ៊ាក់​ពេក​តែ​ជោគជ័យ​

​នៅក្នុង​អាជីព​នយោបាយ​របស់លោក លោក​បាយដិន​ធ្លាប់បាន​បង្កើត​កេរ្ដិ៍ឈ្មោះ​យ៉ាង​អស្ចារ្យ ប៉ុន្ដែ​វា​ក៏បាន​ទាញ​លោក​ឲ្យ​ធ្លាក់ក្នុង​ឧបសគ្គ​ដែរ​។ និន្នាការ​ធ្វើឡើង​ទាំង​មិន​ត្រឹមត្រូវ​កន្លងមក​ឬ​អាច​និយាយថា​អួត​ក្អេងក្អាង​ពេក បានធ្វើឲ្យ​លោក​ធ្លាក់ផ្លូវ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោ​ត​ប្រធានាធិបតី​លើកដំ​បូង​ក្នុង​ឆ្នាំ​១៩៨៧ ហើយ​បន្ដ​ដល់​ឆ្នាំ​២០០៧ នៅពេល​លោក​ចាប់ផ្ដើម​ចូល​ប្រកួតប្រជែង​ជា​លើក​ទី​ពីរ​។ នៅលើ​ទី​បី​នេះ​លោក​ក៏​នៅ​បន្ដ​គោលការណ៍​ចាស់​មួយចំនួន​ដែល​ធ្លាប់ប្រើ​ពីមុន ប៉ុន្ដែ​ដោយមាន​ការប្រុងប្រយ័ត្ន​បំផុត មិនបង្កើត​បញ្ហា ជា​ពាក្យពេជន៍​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ទាញ​បាន​ការចាប់អារម្មណ៍ ដោយ​មិន​ត្រូវដាក់​គោលនយោបាយ​អ្វី​វែងឆ្ងាយពេក ច្រើនជាង​រឿង​កំពុង​កើតឡើង​ក្នុងប្រទេស​នោះទេ​។ 

​តួយ៉ាង​ការរីក​រាលដាល​នៃជំងឺកូ​វីដ​-១៩ ការតវ៉ា​ក្រោយ​មរណភាព​បុរស​ស្បែក​ខ្មៅ​ច​ច ហ្វ្ល​យ ផលប៉ះពាល់​សេដ្ឋកិច្ច សុទ្ធ​ជា​រឿង​ដែលមាន​ការយកចិត្ដទុកដាក់​ខ្លាំង​សម្រាប់​ប្រជាជាតិ​អាមេរិក​បច្ចុប្បន្ន ហើយ​ទាំងអស់នេះ​សុទ្ធ​ជា​អ្វីដែល​លោកបាយដិន​បានលើកឡើង​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ លោក​បាយដិ​នក៏​មិន​ចេញ​ឃោសនា​ច្រើនពេក​ដូច​លោក​ត្រាំ​ដែរ ដោយ​លោក​គោរព​ទៅតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​កូវី​ដ​-១៩​។ តែ​លោក​ត្រាំ​បាន​បង្កើន​ការជួបជុំ​ធំៗ​នៅក្នុង​រដ្ឋ​ជាច្រើន​អំឡុងពេល​ឃោសនា រហូតដល់​ថ្ងៃ​ចុងក្រោយ​មួយថ្ងៃ​លោក​ដើរ​ដល់​បួន ប្រាំ​រដ្ឋ​។ ផ្ទុយទៅវិញ​មិន​ថា​ការ​ឃោស​ធំ​ប៉ុនណា ហ៊ឹ​កហ៊ាក់​ប៉ុនណា​ក៏ដោយ តែបើ​មិន​ចំ​គោលដៅ​នោះ​ក៏​មិន​ជោគជ័យ​ឡើយ​។ 

​ទី​៣ ជា​អ្នកផ្សេង​មិនមែន​លោក​ត្រាំ

​មួយ​សប្ដាហ៍​មុន​ថ្ងៃ​បោះឆ្នោត យុទ្ធនាការ​ឃោសនា​រប​ស់លោក​បាយដិន​បាន​បង្ហាញសារ​តាមទូ​រ​ទស្សន៍ ដែល​ស្រដៀង​គ្នា​នឹង​អ្វីដែល​លោក​និយាយ​មុន​ទទួល​ការតែងតាំង​ជា​ផ្លូវការ​កាលពី​ខែសីហា គឺថា​ការបោះឆ្នោត​ជា​“​ការ​តតាំង​ដើម្បី​ដួងព្រលឹង​អាមេរិក និង​ជា​ឱកាស​សម្រាប់​ជាតិ​សាសន៍​អាមេរិក​ស្ដារឡើងវិញ​នូវ​អ្វីដែល​លោក​ត្រាំ​បាន​ធ្វើឲ្យមាន​ភាពវឹក​វរ ការបែកបាក់​ក្នុង​រយៈពេល​បួន​ឆ្នាំកន្លងមក​។​” ពាក្យស្លោក​នេះ​គឺ​មានន័យ​សាមញ្ញ ហើយ​លោក​បាយ​ដិនបាន​ភ្នាល់​ជោគវាសនា​នយោបាយ​របស់លោក ទៅ​ប្រជែង​នឹង​លោក​ដូណាល់ ត្រាំ​ដែល​ចូលចិត្ដ​ការឈ្លោះប្រកែក​គ្នា​។ លោក​ត្រាំ​មាន​ចរិត​នយោបាយ​ឆាប់​ខឹង ឆាប់​រលាក ខណៈ​ពលរដ្ឋ​អាមេរិក​ចង់បាន​គឺ​ភាពស្ងប់ស្ងាត់​និង​ភាពជា​អ្នកដឹកនាំ​ដែល​អត់ធ្មត់​ខ្ពស់​។ ពលរដ្ឋ​អាមេរិក​ខ្លះ​បា​និយាយថា​ពួកគេ​ហត់នឿយ​នឹង​ឥរិយាបថ​របស់លោក​ត្រាំ​ណាស់​។ 

​សារ​ឈ្នះៗ​របស់លោក​បាយដិន​ជារឿង​សាមញ្ញ​បំផុត ដែល​គ្រាន់តែ​និយាយថា​ការបោះឆ្នោត​មិនមែន​ធ្វើឡើង​សម្រាប់​លោក​ត្រាំ​ទេ តែ​សម្រាប់​អ្នកផ្សេង សម្រាប់​ពលរដ្ឋ​អាមេរិក​។ ជាទូទៅ​អ្នកប្រជាធិបតេយ្យ​ថា ជ័យជម្នះ​របស់លោក​បាយដិន​មានន័យថា ពលរដ្ឋ​អាមេរិក​អាច​មិន​ខ្វល់​ពី​នយោបាយ​បាន​រាប់​សប្ដាហ៍ ដែល​ស្ដាប់ទៅ​ដូចជា​រឿង​កំប្លែង​ប៉ុន្ដែ​វា​ជា​សេចក្ដី​ពិត ព្រោះ​ពេលខ្លះ​ពលរដ្ឋ​អាមេរិក​ហាក់​ជួយ​ឈឺឆ្អាល​ខ្លាំង​ចំពោះ​លោក​ដូណាល់ ត្រាំ​។ ប៉ុន្ដែ​បើសិនជា​លោកចូ បាយ​ដិន ពលរដ្ឋ​អាមេរិក​អាច​មិនបាច់​ខ្វល់​ច្រើន​ទេ ជារួម​អាច​ថា​ទុកចិត្ដ​លោកបាយ​ដិនបាន​។​

​ទី​៤ ការស្ថិតនៅ​កណ្ដាល​

​ក្នុងអំឡុង​យុទ្ធនាការ​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក​បាយដិន​មាន​ការប្រកួតប្រជែង​ស្វិតស្វាញ​ជា​មួយក្រុម​ឆ្វេង​និយម​ក្នុង​គណបក្ស​របស់លោក ដែលមាន​លោក​ប៊ែ​នី សាន់ឌ័​រ និង​អ្នកស្រី​អេ​លីហ្សា​បេ​ត វ៉ារិន សុទ្ធ​ជា​គូប្រជែង​មាន​សក្ដានុពល​។ ប៉ុន្ដែ​មិន​ថា​មាន​សម្ពាធ​យ៉ាងណា លោក​បាយ​ដិនបាន​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ជា​កណ្ដាល មិន​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​ជា​សាកល​របស់​រដ្ឋ មិន​គាំទ្រ​ការអប់រំ​ឥតគិតថ្លៃ​នៅ​មហាវិទ្យាល័យ និង​មិន​គាំទ្រ​ការយកពន្ធ​លើ​ប្រាក់ចំណូល​។ ការណ៍​នេះ​អនុញ្ញាតឲ្យ​លោក​អាចបង្កើន​នូវ​យុទ្ធសាស្ដ្រ​កណ្ដាល​និយម និង​ធ្វើឲ្យ​ក្រុម​សាធារណរដ្ឋ​ពុំមានឥ​ទ្ធិព​ល​នៅ​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ 

​យុទ្ធសាស្ដ្រ​កណ្ដាល​និយម​ក៏ត្រូវ​បាន​បង្ហាញឲ្យឃើញ នៅក្នុង​ជម្រើស​ដែល​លោកចូ បាយដិន​ទទួលយក​លោក​ស្រីកា​ម៉ាឡា ហារី​ស ធ្វើជា​អនុ​ប្រធានាធិបតី​ប្រកៀក​ស្មា​ប្រយុទ្ធ​ក្នុង​ការបោះឆ្នោត ខណៈដែល​លោក​ក៏​អាច​ជ្រើសរើស​អ្នកមាន​ការគាំទ្រ​ខ្លាំង​ជាង​លោកស្រី​ហារី​ស​ពី​គណបក្ស​ឆ្វេងនិយម​របស់លោក​។ ចំណុច​មួយ​ដែល​លោក​បាយដិន​ហាក់​បោះជំហាន​ជិតជាង​លោក​សាន់ឌ័​រនិង​អ្នកស្រី​វ៉ារិន គឺ​ទៅលើ​បញ្ហា​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ​។ ប្រហែលជា​មានការ​គណ​នា​ឃើញថា​អត្ថប្រយោជន៍​នៃ​ការអំពាវនាវ​ទៅដល់​ម្ចាស់ឆ្នោត​ជា​យុវវ័យ អាចមាន​សារសំខាន់​សម្រាប់​ការគាំទ្រ​នៅក្នុង​រដ្ឋ​ដែលមាន​ការប្រកួតប្រជែង​សន្លឹកឆ្នោត​ខ្លាំង​។ ក្រុម​យុវវ័យ​បាន​និយាយថា ពួកគេ​គ្មាន​ការ​លាក់បាំង​អ្វី​ទេ​ចំពោះ​ការរិះគន់​ផែនការ​របស់លោក​បាយដិ​នគ្រា​ជា​អនុប្រធានាធិប​តីក​ន្ល​ង​មក តែ​យ៉ាងណាមិញ​លោក​បាយ​ដិនបាន​ឆ្លើយតប​គួរឲ្យកត់សម្គាល់​ទៅលើ​ការរិះគន់ ហើយ​បាន​បង្កើន​ទំហំ​នៃ​ការវិនិយោគ បង្កើត​ការងារ ហើយ​សន្យា​នឹង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​ភ្លាមៗ​។ 

​ទី​៥ មាន​ប្រាក់​ច្រើន​បញ្ហា​កាន់តែ​តិច​

​កាលពីដើមឆ្នាំ​២០២០ អាច​និយាយបានថា​កា​ផ្គត់ផ្គង់​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកចូ បាយដិន​គឺ​ពុំ​មានអ្វី​ទេ​។ លោក​ចាប់ផ្ដើម​ឈាន​ជើង​ចូលក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ចំណុច​មួយ​ដែល​ហាក់​ពុំ​អាច​ទទួលបាន​អត្ថប្រយោជន៍​អ្វី​សោះ បើ​ប្រៀបធៀប​នឹង​លោក​ដូណាល់ ត្រាំ​ធ្លាប់​ចំណាយ​ប្រាក់​យ៉ាងច្រើន​។ ប៉ុន្ដែ​ចាប់ពី​ខែមេសា​មក យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​បាយ​ដិន បាន​ប្រែខ្លួន​ទៅជា​ការ​រៃអង្គាស​ប្រា​ស់ និង​ម្យ៉ាង​ក៏​ដោយសារ​យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ​តែងតែ​មានប្រៀប​លើ​គូប្រជែង​ផ្នែក​ហិរញ្ញវត្ថុ ដូច្នេះ​នៅ​ដើម​ខែតុលា​យុទ្ធនាការ​របស់លោក​បាយ​ដិនបាន​បង្កើន​ប្រាក់រ​ហូ​តដល់​១៤៤​លាន​ដុល្លារ ជា​ចំនួន​ច្រើនជាង​លោក​ត្រាំ​វិញ​ម្ដង​។ 

​លោក​បាយដិន​ចាប់ផ្ដើមប្រើ​ប្រាស់ប្រាក់​នេះ ដើម្បី​ជា​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សព្វផ្សាយ​ដូចជា​ទូរទស្សន៍ នៅ​ស្ទើរតែ​គ្រប់​រដ្ឋ​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​។ ជា​ការពិត​ដែលថា​លុយ​មិនមែនជា​អ្វី​គ្រប់យ៉ាង​ទេ ប៉ុន្ដែ​ក្នុង​ឆ្នាំ​២០២០​នៅពេល​ការធ្វើ​យុទ្ធនាការ​ដោយផ្ទាល់​ត្រូវបាន​កាត់បន្ថយ​ដោយសារតែ​កូវី​ដ​-១៩ ហើយ​មនុស្ស​ភាគច្រើន​ចំណាយពេល​នៅផ្ទះ​​ លោក​បាយ​ដិនបាន​ប្រើប្រាស់​សាច់ប្រាក់​ដែលមាន ពង្រីក​យុទ្ធសាស្ដ្រ​ឃោសនា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលទៅក្នុង​រដ្ឋ​សំខាន់ៗ​ដូចជា​តិច​សាស ច​ចា អូហ៊ី​យ៉ូ និង អាយ​អូ​វ៉ា​។ ប្រាក់​បាន​ផ្ដល់នូវ​ជម្រើស​និង​គំនិត​ផ្ដួចផ្ដើម​នៃ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​លោក​បាយដិន​ទាញយក​អត្ថប្រយោជន៍​ទៅ​ប្រើប្រាស់​បាន​យ៉ាង​ល្អ​៕

(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត