មន្ត្រី​និង​បុគ្គលិក​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​៤​នាក់​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩

09-11-2020 3:07 pm 219

​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​បញ្ជាក់ថា អ្នកការទូត​កម្ពុជា ចំនួន ២​នាក់ និង​បុគ្គលិក​ក្នុងស្រុក​ចំនួន ២​នាក់ នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង បាន​ធ្វើតេស្ត​សំណាក ជា​លទ្ធផល​ពួកគាត់​ទាំង ៤​នាក់ គឺ​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​។​

​នៅក្នុង​សេចក្តីប្រកាស​បាន​បញ្ជាក់​បន្ថែមថា ក្រោយពេល​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​បារាំង​រួចមក ពេល​នេះ​ពួកគាត់​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​រៀងៗ​ខ្លួន និង​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​។​ជាមួយគ្នានេះដែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស ក៏​កំពុង​រង់ចាំ​លទ្ធផល​របស់​បុគ្គលិក​ក្នុង​ស្រុក​ម្នាក់​ទៀត នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​។​ទោះបីជា​បែប​នេះ​ក៏ដោយ ក៏​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស នឹង​បន្ត​ដំណើរការ​ជា​ប្រក្រតី តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

​ទន្ទឹមនឹងនេះ​ដែរ ស្ថានទូត​កម្ពុជា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​អាជ្ញាធ​រ​សុខាភិបាល​បារាំង ដើម្បី​តាមដាន​ការវិវត្ត​នៃ​ជំងឺ​របស់​អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ក្នុងស្រុក​ទាំង​បួន​នាក់​ខាងលើ ដោយ​យកចិត្តទុកដាក់​ផងដែរ​៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត