«​ភ្លេង​អារក្ខ​» ជា​វង់ភ្លេង​ដែលមាន​អាយុកាល​ចំណាស់​ជាង​គេ​របស់​ខ្មែរ​

06-11-2020 5:01 pm 375

+.​ប្រភព​កំណើត​នៃ​ភ្លេង​អារក្ខ​

​ភ្លេង​អារក្ខ កើតចេញ​ពី​ប្រជាជន ដែល​មាន​ទំនាក់ទំនង​ផ្សាភ្ជាប់ ទៅ​នឹង​ជំនឿ តាម​ចំណូលចិត្ត របស់​ប្រជាជន​ដើម នា​សម័យ​បុរេប្រវត្តិ​ខ្មែរ​។​

​បច្ចុប្បន្ន ពិធី​បញ្ជាន់​អារក្ខ ដែល​មាន​វង់​តន្ត្រី​សម្រាប់​កំដរ មាន​អាយុ​ប្រហែល​ជាង ២,៥០០​ឆ្នាំ មុន​គ​.​ស គឺ​មុន​ព្រះបាទ​ហ៊ុន ទៀន យាង​មក​កាន់កាប់​ដែនដី​របស់​ខ្មែរ​យើង​។​
​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​លោក​ជឹម ឈុំ ជា​សមាជិក​នៃ​ក្រុម​ទំនៀមទម្លាប់​ខ្មែរ ភ្លេង​អារក្ខ​នេះ មាន​កំណើត​ឡើង​អំពី​រឿង​កូនក្មេង​លេង​«​បាយឡុកបាយឡ​»​។​

+.​លក្ខណៈ​ទូទៅ​នៃ​ភ្លេង​អារ​ក្ខ​

​វង់ភ្លេង​អារក្ខ ជា​វង់ភ្លេង​មួយ ដែល​មាន​ចំណាស់​ជាង​វង់ភ្លេង​ដទៃទៀត​របស់​ខ្មែរ ដែល​វា​មាន​លក្ខណៈ​បញ្ជា គ្រប់គ្រង ដឹកនាំ ថែរក្សា​ការពារ ដល់​មនុស្ស​តាម​ក្រុម​នីមួយៗ​។​
​វង់ភ្លេង​នេះ ជា​លទ្ធផល​ដែល​កើតចេញ​ពី​ពិធី​បន់ស្រន់ ក្នុង​ជំនឿ​អរូបី ដែល​ជា​ជំនឿ​មួយ​ទាក់ទង​ទៅ​នឹង​ព្រលឹង​ខ្មោច ព្រា​យ បិសាច អ្នកតា​។​
​ចំពោះ​បទ​ភ្លេង គឺ​មាន​លក្ខណៈ​ស្រទន់ លន្លង់លន្លោច ស្រដៀង​គ្នា​នឹង​បទ​ភ្លេង​ការ​បុរាណ​ខ្មែរ​ដែរ ប៉ុន្តែ​មាន​ចរិត​ស្រោចស្រង់​ជីវិត ក្នុងពេល​កំពុង​ជួប​ការភិតភ័យ តក់ស្លុត ឬ​មាន​ការគំរាមកំហែង​ពី​មច្ចុរាជ​។​

+.​បទ​ភ្លេង និង​ទំនុកច្រៀង​នៃ​ភ្លេង​អារ​ក្ខ​

​បើ​យើង​ពឹងផ្អែក​លើ​បទ​ភ្លេង និង​ទំនុកច្រៀង​នៃ​វង់ភ្លេង​អារ​ក្ខ ដែល​ក្រុម​អ្នកស្រាវជ្រាវ​តន្ត្រី​ខ្មែរ​យល់ថា ជា​វង់​ភ្លេងខ្មែរ ដែល​កើតមាន​មុន​គេ​ដូច​គ្នា​នឹង​គ្រឿង​«​ដំគង​កាប់​ក្របី​»​របស់​បងប្អូន​ជនជាតិ​ដែរនោះ មានន័យ​ថា វា​ជា​តន្ត្រី​សម្រាប់​បម្រើ​ក្នុង​ពិធី​ផ្សេងៗ​ដូចជា​៖​បូជា​អារក្ខ អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរ​ដើម និង​បាន​កើតឡើង​តាំងពី​មុន​សម័យ​ដែល​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ហូរ​ចូល​មក​កម្ពុជា​តាំងពី​៣០៩ ឆ្នាំមុន​គ​.​ស​។​
​មួយវិញទៀត បើ​យើង​ពឹងផ្អែក​លើ​ទំនុកច្រៀង​បទ​ភ្លេង នៃ​ភ្លេង​ប្រពៃណី គឺ​មាន​តាំង​ពី​ស​.​វ​ទី​១ នៃ​គ​.​ស គឺ​ក្នុង​ពេល​ដែល​រៀប​មង្គលការ ព្រះថោង​នាងនាគ​។​ក្នុងនោះដែរ កំណាព្យ​ខ្មែរ ដែល​បានកើត​មុនគេ​គឺ​«​បទ​មេ​បួន​

»​។​
+.​បទ​ភ្លេង​និង​តួនាទី​របស់​ភ្លេង​អារក្ខ​

​ចំនួន​បទ​ភ្លេង​អារ​ក្ខ ដែល​បាន​រកឃើញ គឺ​មាន​ចំនួន​តិច​មិន​សមល្មម​នឹង​ការប្រគំ​ក្នុង​ពិធី​បញ្ជាន់​អារក្ខ​នោះទេ​។​តាម​ការស្រាវជ្រាវ​បទ​ភ្លេង​អារក្ខ​មួយចំនួន ជា​បទ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ពិធី​មង្គលការ​។​ជាងនេះទៅទៀត ភ្លេង​អារក្ខ ត្រូវបាន​គេ​រកឃើញ​ចំនួន ៥៦​បទ ដែល​មាន​អាយុកាល​ជា​ច្រើន​ពាន់​ឆ្នាំ​ណាស់​មកហើយ​។​

​ខាងក្រោម​នេះ​ជា​បទ​ភ្លេង និង​តួនាទី​នៃ​បទ​ភ្លេង​អារក្ខ​មួយចំនួន​ដែល​មាន​ដូចជា​៖

-​បទ​ជ្រង : ប្រើ​សម្រាប់​បញ្ចូល​រូប​

-​បទ​ផាត់ជាយ​:​ប្រើ​ពេល​មេមត់​ផ្តើម​ចូល​រូប​អន្ទង​ព្រលឹង​ខ្មោច​មក​ចូល​សណ្ឋិត​ក្នុង​ខ្លួន​

-​បទ​សូ​រិន្ទ​ខ្នងភ្នំ : សម្រាប់​យាង​សម្តេច​ព្រះ​គ្រូ​មក​ក្នុង​ពិធី​

-​បទ​បង្កូត​ស្នែង : ប្រើ​សម្រាប់​ជូន​ដំណើរ​សម្តេច​ព្រះ​គ្រូ​ត្រឡប់​ទៅវិញ​

-​បទ​ស្រី​ខ្មៅ : ប្រើ​សម្រាប់​អញ្ជើញ​ខ្មោច​ឈ្មោះ​ស្រី​ខ្មៅ​

-​បទ​សសរកន្លោង : ប្រើ​សម្រាប់​មេមត់​រាំ​ធ្វើដំណើរ​ជុំវិញ​អាសនៈ​

-​បទ​សុរិយា : ប្រើ​សម្រាប់​ពេល​សម្រាក​របស់​កងទ័ព​ខ្មោច​

-​បទ​ស្រី​វង : ប្រើ​សម្រាប់​ផ្តែផ្តាំ​ពេល​ខ្មោច​ចេញដំណើរ​

-​បទ​ព្រៃ​ឯ​លិច : ប្រើ​ពេល​ខ្មោច​វង្វេងព្រៃ​

-​បទ​កងសោយ : ប្រើ​សម្រាប់​ថ្វាយ​សំ​ណែន​។​

+.​ការប្រគំ​ភ្លេង​អារ​ក្ខ​

កាលពី​សម័យ​ដើម អ្នក​កូត​ទ្រខ្មែរ ត្រូវ​ច្រៀង​ផង​កូត​ផង​។​សម័យ​ក្រោយមក​អ្នក​វាយ​ស្គរ ត្រូវ​វាយ​ផង​ច្រៀង​ផង ហើយ​នៅ​សម័យ​ក្រោយបង្អស់ មាន​អ្នក​ច្រៀង​ម្នាក់​អង្គុយចាំ​ច្រៀង​ដោយ​មិន​មាន​លេង​ឧបករណ៍​ភ្លេង​អ្វី​ឡើយ​។​

​នៅក្នុង​វង់ភ្លេង​មាន​ឧបករណ៍​៣ ឬ​៥ ដែល​ប្រគំ​ជាប្រចាំ​រួមមាន​៖​ស្គរ ទ្រ សា​ដៀវ ប៉ី​អ ចាប៉ីដងវែង ឬ​ដង​ខ្លី រីឯ​ឧបករណ៍​ប៉ីពក​មិន​ប្រើ​ចូល​ជាមួយ​ឧករ​ណ៍​ភ្លេង​ខាងលើនេះ​ទេ​។​ចំពោះ​ប៉ីពក គេ​ប្រើ​នៅក្នុង​ពិធី​ពិសេស​ពីរ​គឺ​៖​នៅពេល​ដែល​ខ្មោច​តូចតាច​ណា​រឹងរូស​មិន​ព្រម​សារភាព អំពី​ការខុសឆ្គង​នានា ដែល​ខ្លួន​បាន​មក​យាយី​អ្នកជំងឺ ឬ​មួយ​ខ្មោច​នោះ​មិន​ព្រម​មក​បង្ហាញខ្លួន តាម​ការអន្ទង​របស់​មេមត់ ចំណុច​នេះ​អ្នកភ្លេង​ត្រូវ​ប្រើ​ប៉ីពក​ផ្លុំ​«​បទ​សុរិន្ទខ្នងភ្នំ​» អញ្ជើញ​សម្តេច​ព្រះ​គ្រូ​ជា​ស្តេច​លើ​ខ្មោច ឲ្យ​យាង​មក​ពិនិត្យ​សកម្មភាព​របស់​ខ្មោច​ទាំងនោះ ដោយ​ធ្វើ​ការគៀបសង្កត់ សួរចម្លើយ និង​បង្ខំ​ឲ្យមក​សារភាព​ចំពោះ​អំពើ​ដែល​ខ្មោច​នោះ​បាន​ប្រព្រឹត្ត​មកលើ​អ្នកជំងឺ​។​

​ប៉ី​ពក ត្រូវបាន​គេ​ប្រើ​ម្តងទៀត នៅពេល​ដែល​សម្តេច​ព្រះ​គ្រូ​ត្រូវ​យាង​ត្រឡប់​ទៅវិញ អ្នកភ្លេង​ផ្លុំ​«​បទ​បង្កូក​ស្នែង​» ហៅ​ដំរី​សម្តេច​ព្រះ​គ្រូ​ដែល​លែង​ឲ្យ​ស៊ី​ចំណី​នៅ​ជិតៗ​នោះ មក​ដឹក​សម្តេចព្រះគ្រូ​យាង​ត្រឡប់​ទៅវិញ​។​

+.​ពិធី​ធ្វើ​សក្ការៈបូជា​របស់​ក្រុម​ភ្លេង​

​តាម​ទំនៀមទម្លាប់​ប្រពៃណី​ដូនតា​យើង គេ​តែងតែ​ធ្វើ​ពិធី​សក្ការៈ​បួងសួង​ជានិច្ច មុន​ពេល​ប្រគំ​ភ្លេង​ម្តងៗ​។​ពិធី​សក្ការៈ​បួងសួង​នោះ​មានដូចជា​៖​ដំបូង​គេ​រៀប​ព្រះ​ពិ​សការ អុជ​ទៀនធូប​រួច​ប្រគំ​ភ្លេង​មួយ​បទ ដែល​ជា​បទ​រំលឹក​គុណ​ប្រចាំ​តាម​ទម្រង់​ភ្លេង​នី​មួយៗ​។​ការធ្វើ​ពិធី​សក្ការៈ​បួងសួង​នេះ គឺ​ដើម្បី​៖

១.​ធ្វើ​សក្ការៈ​បួងសួង​ចំពោះ​បុព្វបុរស ដែល​បាន​ប្រើ​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ទេពកោសល្យ​របស់ខ្លួន ក្នុង​ការបង្កើត​ឧបករណ៍​ភ្លេង​គ្រប់​ប្រភេទ និង​និពន្ធ​បទ​ភ្លេង​នានា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទុក​សម្រាប់​សេចក្តីត្រូវការ​របស់​កូនចៅ​ជំនាន់​ក្រោយ​

២.​ធ្វើ​សក្ការៈ​បួងសួង​រំលឹក​នឹង​គុណ​ដល់​គ្រូបាធ្យាយ​ដែល​បាន​បង្ហាត់បង្រៀន​គេ​គ្រប់ៗ​គ្នា​ឲ្យមាន​ចំណេះខាង​ភ្លេង​នេះ​

៣.​ធ្វើ​សក្ការៈ​បួងសួង​បន់ស្រន់​ចំពោះ​អំណាច​ទាំងឡាយ ដែល​ជា​វត្ថុ​ស័ក្តិសិទ្ធិ ទោះ​មាន​រូប​ក្តី អត់​រូប​ក្តី សូម​យាង​អញ្ជើញ​មក​ជួយ​ទ្រទ្រង់​ការប្រគំ​ភ្លេង​របស់​គេ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​

៤. ក្រៅ​ពី​សារៈសំខាន់​ទាំងបី​ខាងលើ ការធ្វើ​ពិធី​សក្ការៈ​បួងសួង​ក៏​ជា​ពិធី​ម្យ៉ាង​សំខាន់បំផុត ក្នុងការ​ស្មឹង​ស្មា​ធិ៍ ប្រមូល​អារម្មណ៍ឲ្យ​បានមូល ក្នុងពេល​ប្រគំ ដើម្បី​ចៀសវាង​ការ​ជាប់ជំពាក់​នឹង​បញ្ហា​ស្មុគស្មាញ​ខាងក្រៅ ដែល​ជា​ហេតុ ធ្វើឲ្យ​មាន​ការ​ភ្លេចភ្លាំង​ដល់​ការប្រគំ​

៥. ការធ្វើ​សក្ការៈ​ដែលមាន​អុជ​ទៀនធូប​ដោយ​អ្នកភ្លេង យល់ថា ពន្លឺ​ទៀន​ដែល​អុជ​នៅ​ទីនោះ​គឺជា ពន្លឺ​ប្រាជ្ញា ហើយ​សូម​ឲ្យ​ប្រាជ្ញា​របស់គេ​ភ្លឺ​ចិញ្ចាច​ដូច​ភ្លើងទៀន កម្ចាត់​បាន​នូវ​ភាព​ងងឹត ដូចជា​កម្ចាត់​បាន​នូវ​ភាព​ភ្លេចភ្លាំង​ភាន់​ច្រឡំ ក្នុង​ការប្រគំ​បទ​ភ្លេង​ផងដែរ​។​ចំណែកឯ​ផ្សែង​ធូប​គឺជា ខ្សែ​ឈាម​ដែល​រត់​តាម​សរសៃឈាម​ក្នុង​សរីរាង្គកាយ​ទាំងមូល​ដោយ​សុវត្ថិភាព ធ្វើឲ្យ​រាងកាយ​ទាំងមូល​មាន​សុខភាព​បរិបូរណ៍​មាន​កម្លាំង​ខ្លាំងក្លា ក្នុង​ការប្រគំ​ភ្លេង​៕(​ដោយ​៖​ថា ចាន់​ធី​)

+.​ឯកសារ​យោ​៖
-​ស្រាវជ្រាវ​តាម​សៀវភៅ ៖​អ្នកស្រី​កែវ ណា​រុំ «​តន្ត្រី​នៅ​ប្រទេស​ខ្មែរ​» រោង​ពុម្ព​នគរ​វត្ត​
-​ភិក្ខុ ប៉ាង ខាត់ «​ប្រវត្តិ​ពុទ្ធសាសនា​ប្រទេស​ខ្មែរ​»
-​លោកមៀ​ច ប៉ុណ្ណ «​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​»​ភ្នំពេញ ឆ្នាំ​២០១១


ព័ត៌មានផ្សេងទៀត