លោក​ត្រាំ​ថាបើ​រាប់​តែ​សន្លឹកឆ្នោត​ស្របច្បាប់​លោក​នឹង​ឈ្នះ​យ៉ាង​ងាយស្រួល​

06-11-2020 9:24 am 1953

​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និយាយ​នៅ​ថ្ងៃទី​០៥​វិច្ឆិកា​ថា ប្រសិនបើ​ការបោះឆ្នោត​មាន​ភាពត្រឹមត្រូវ​ច្បាស់លាស់ នោះ​លោក​នឹង​ឈ្នះ​ឆ្នោត​ដោយ​ងាយ​។ ការលើកឡើង​របស់​លោក​ត្រាំ​នេះ សបញ្ជាក់​ឲ្យឃើញ​ថា ប្រធានាធិបតី​ក្នុង​អាណត្តិ​រូបនេះ នឹង​មិន​សុខចិត្ត​ឡើយ បើ​លទ្ធផល​រាប់​សន្លឹកឆ្នោត​របស់​ខ្លួន​ចាញ់​គូប្រជែង គឺ​លោកចូ បាយ​ដិន បេក្ខជន​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​។ នៅ​ក្នុង​ការ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​លើកដំបូង ចាប់តាំងពី​ការបោះឆ្នោត​បិទ​បញ្ចប់ លោក​ត្រាំ និយាយថា «​ប្រសិនបើ​ការរាប់​សន្លឹកឆ្នោត​របស់​ខ្ញុំ​មាន​ភាពត្រឹមត្រូវ ខ្ញុំ​នឹង​ឈ្នះ​ដោយ​ងាយ​។ លោក​ត្រាំ​បន្តថា ពួកគេ​អាច​ព្យាយាម​លួច​សន្លឹកឆ្នោត​ពី​លោក ដោយ​ពួកគេ​មិន​បាន​រាប់​សន្លឹកឆ្នោត​ដែល​មក​យឺត​ឡើយ​»​។​

​លោក​ត្រាំ​បន្ត​និយាយ​ដោយ​គ្មាន​ភ័ស្តុតាង នា​រាត្រី​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​ថា ប្រសិន​បើ​រាប់​តែ​សន្លឹកឆ្នោត​ស្របច្បាប់ លោក​នឹង​ទទួល​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​យ៉ាង​ងាយស្រួល​។ លោក​ដូណាល់ ត្រាំ​ចោទថា ការបោះឆ្នោត​នេះ​ពោរពេញ​ទៅដោយ​អំពើពុករលួយ និង​បង្កប់​ការ​ក្លែងបន្លំ យ៉ាងច្រើន ជាពិសេស សន្លឹកឆ្នោត​ដែល​បោះ​តាម​អ៊ីមែល​។ សន្លឹកឆ្នោត​បោះ​តាម​ប្រៃសណីយ៍ គឺ​មាន​ភាគច្រើន​ជា​អ្នកគាំទ្រ​លោកចូ បាយ​ដិន បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​។​

​ជាមួយនឹង​ភាពជឿជាក់​របស់ខ្លួន លោក​ត្រាំ​បាន​អះអាង​ថា លោក​បាន​ឈ្នះ​ក្នុង​រដ្ឋ​សំខាន់ៗ​រួចទៅហើយ ពិសេស​ក្នុង​រដ្ឋ​Florida រដ្ឋ​Iowa រដ្ឋ​Indiana និង​រដ្ឋ​Ohio​ជាដើម​។ យ៉ាងណា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៦​វិច្ឆិកា​នេះ លទ្ធផល​បឋម​ក្នុងការ​រាប់​សន្លឹកឆ្នោត គឺ​លោក​បាយ​ដិន នៅតែ​បន្ត​នាំមុខ ដោយ​មាន​សំឡេង ២៦៤​អង្គ​បោះឆ្នោត​តំណាង ទល់​នឹង​លោក​ត្រាំ​ដែលមាន​ត្រឹមតែ ២១៤​អង្គ​បោះឆ្នោត​តំណាង​។ បើ​ពិនិត្យ​ជាក់ស្ដែង ដើម្បី​មាន​លទ្ធភាព​ឈ្នះ​ឆ្នោត​បាន លុះត្រា​ណា​តែ​លោក​ត្រាំ​ឈ្នះ​ដាច់​ក្នុង​រដ្ឋ​សំខាន់ៗ​៤​ទៀត រួមមាន រដ្ឋ​Pennsylvania រដ្ឋ​North Carolina រដ្ឋ​Georgia និង​រដ្ឋ​Nevada​។​

​ដោយឡែក ជុំវិញ​បណ្ដឹង​របស់​លោក​ត្រាំ​ដែល​ប្ដឹង​លើ​ដំណើរការ​បោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​២ គឺ​រដ្ឋ​Georgia និង​រដ្ឋ​Michigan ត្រូវបាន​តុលាការ​ចាត់ទុកថា គ្មាន​ប្រសិទ្ធភាព​ឡើយ​។ គ្មាន​ប្រសិទ្ធភាព ដោយហេតុ​ថា លោក​ត្រាំ​ពុំ​មាន​ភ័ស្តុតាង បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ឡើយ​ថា សន្លឹកឆ្នោត​របស់​លោក​ត្រូវ​គេ​បន្លំ​ឬ​លួច​ដោយ​ប្រការ​ណា​នោះ​។ បើ​តាម​លោក​ត្រាំ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ទំនងជា​ត្រូវ​សម្រេច​ដោយ​តុលាការ​កំពូល​។ 

​ចំណែក​លោកចូ បាយដិ​នក្នុងពេល​ថ្មីៗ​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ស្រុកកំណើត​របស់​លោក​នៅ​Wilmington ក្នុង​រដ្ឋ​Delaware ថា លោក​នឹង​អាច​កម្ចាត់​លោក​ត្រាំ​បាន​។ ក្នុងន័យនេះ លោក​ក៏​ជឿជាក់​ដែរ​ថា នឹង​អាច​ដណ្តើម​តំណែង​ប្រធានាធិបតី ពី​លោក​ត្រាំ​បាន​ក្រោយ​រាប់​សន្លឹកឆ្នោត​អស់ ហើយ​លោក​នឹង​ត្រូវបាន​ប្រកាស​ជា​អ្នក​ឈ្នះ​ក្នុង​ការបោះឆ្នោត​នេះ​។ ក្នុងពេល​កំពុង​តែ​ផ្ទុះ​ភាពចម្រូងចម្រាស់​ក្នុងពេល​រាប់​សន្លឹកឆ្នោត បេក្ខជន​ប្រធានាធិបតេ​យ្យ​របស់​គណបក្ស​ប្រជាធិបេយ្យវ័យ​៧៧​ឆ្នាំ​រូប​នេះ បាន​ជំរុញ​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន រក្សា​ភាពស្ងប់ស្ងាត់ និង​និយាយ​ថា​លទ្ធផល​នឹង​ត្រូវ​បាន​គេ​ដឹងក្នុងពេលឆាប់ៗ​នេះ​៕

(​ដោយ​៖ យឺន សីហា​)

ព័ត៌មានផ្សេងទៀត