លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក្នុងអាណត្តិកាលពីថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២០ បានដាក់ពាក្យបណ្ដឹងទាមទារឲ្យមានការបោះឆ្នោតជាថ្មី ក្នុងតំបន់Chatham នៃរដ្ឋGeorgia។ រដ្ឋGeorgiaកំពុងស្ថិតក្នុងដំណាក់កាលរាប់សន្លឹកឆ្នោតនៅឡើយ តែសំឡេងគាំទ្រកំពុងនាំមុខដោយលោកចូ បាយដិន។ ពាក្យបណ្ដឹងរបស់លោកត្រាំ ធ្វើឡើងបន្ទាប់ពីលោកបានអះអាងថា មានបញ្ហាក្នុងការរាប់សន្លឹកឆ្នោតដោយសារតែមានភាពយឺតយ៉ាវក្នុងការបញ្ជូនសន្លឹកឆ្នោត។
ក្រៅពីរដ្ឋGeorgia នៅមានរដ្ឋសំខាន់ៗចំនួន២ទៀត ដែលលោកត្រាំបានដាក់ពាក្យប្ដឹងតវ៉ាដូចគ្នា គឺរដ្ឋ Pennsylvania និងរដ្ឋMichigan។ រដ្ឋMichiganបានរាប់សន្លឹកឆ្នោតរួចហើយ គឺលោកបាយដិនជាអ្នកទទួលបានការគាំទ្រច្រើនជាងលោកត្រាំ។ ចំណែករដ្ឋ Pennsylvaniaវិញ កំពុងស្ថិតក្នុងដំណាក់កាលរាប់សន្លឹកឆ្នោតនៅឡើយ តែសញ្ញាបង្ហាញថាលោកបាយដិននាំមុនលោកត្រាំ។ ក្នុងពាក្យបណ្ដឹង ក្រុមប្រឹក្សាតំណាងសង្កាត់របស់លោកត្រាំ បានទាមទារដល់ចៅក្រមឲ្យមានការពិនិត្យលើសន្លឹកឆ្នោតរបស់ខ្លួន ដែលបានបញ្ជូនយឺតយ៉ាវនៅក្រោយម៉ោង០៧៖០០នាទីល្ងាច និងមិនត្រូវបានរាប់។ នេះបើយោងទៅតាមរបាយការណ៍ចេញដោយតុលាការនៅក្នុងថ្ងៃបោះឆ្នោត។
ជុំវិញបណ្ដឹងលោកត្រាំនេះដែរ បើតាមលោកMarc Elias មេធាវីតំណាងរបស់គណបក្សប្រជាធិបតេយ្យអាមេរិក បានមានប្រតិកម្មតាមរយៈបណ្ដាញសង្គមTwitterថា ពាក្យបណ្ដឹងរបស់លោកត្រាំប្ដឹងលើការរាប់សន្លឹកឆ្នោតនេះ ហាក់មិនគួរឲ្យគោរពឡើយ។ លោកបន្តថា លោកត្រាំដឹងច្បាស់ណាស់ថាខ្លួននឹងចាញ់ ហើយនេះជាការចាកចេញរបស់លោក។
គិតត្រឹមព្រឹកថ្ងៃទី០៥វិច្ឆិកានេះ សម្រាប់លទ្ធផលរាប់សន្លឹកឆ្នោត គឺលោកចូ បាយដិន បេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យកំពុងតែបន្តនាំមុខលោកប្រធានាធិបតីដូណាល់ ត្រាំ ដែលជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋដដែល ខណៈលទ្ធផលផ្លូវការពុំទាន់បានបញ្ចេញនៅឡើយ។ ពោល លទ្ធផលជាផ្លូវការអាចនឹងចាយរយៈពេលយូរជាងការបោះឆ្នោតអាណត្តិមុនៗ។ យូរជាង ដោយហេតុថារដ្ឋមួយចំនួនមានចំនួនអ្នកបោះឆ្នោតច្រើននៅតាមប្រៃសណីយ៍ ដែលនាំឲ្យការប្រមូល និងរាប់សន្លឹកឆ្នោតចាយពេលច្រើនជាងការបោះឆ្នោតមុនៗ៕
ដោយ៖ យឺន សីហា