មនុស្សចំនួន២នាក់ត្រូវបានបាញ់សម្លាប់និង១៤នាក់របួស នៅក្នុងហេតុការណ៍បាញ់ប្រហារភេរវកម្ម នៅក្នុងទីក្រុងវីយែនណា(Vienna) ប្រទេសអូទ្រីសនៅយប់ថ្ងៃចន្ទទី០២ វិច្ឆិកា ឆ្នាំ២០២០។ ក្រោយសន្ធឹកអាវុធបានផ្ទុះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកKarl Nehammer បានដឹកនាំកងកម្លាំងពិសេសជាច្រើនរួមគ្នា ដើម្បីស្វែងរកជនសង្ស័យថាជាគ្នីគ្នារបស់ក្រុមភេរវករ តែនៅមិនទាន់កំណត់ទីតាំងរបស់ពួកគេបាននៅឡើយទេ។ មិនទាន់អាចកំណត់ទីតាំងបាន ពីព្រោះក្រុមភេរវករទាំងនោះ តែងតែចល័តទីតាំងជាញឹកញាប់ ដើម្បីគេចពីការតាមប្រមាញ់ ហេតុដូច្នេះហើយទើបធ្វើឲ្យពិបាកក្នុងការចាប់សញ្ញាថាពួកគេលាក់ខ្លួននៅទីណាឲ្យពិតប្រាកដ។ លោករដ្ឋមន្ត្រីរូបនេះបានអះអាងថា ទីតាំងដែលរងការវាយប្រហារមានចំនួន ៦ទីតាំង និងស្ថិតនៅក្បែរៗវិហារអធិដ្ឋានរបស់សាសនាជ្វីហ្វ។
ពាក់ព័ន្ធនឹងភេរវកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនេះដែរ លោកអធិការបតីSebastian Kurz វិញ បាននិយាយថា កងទ័ពត្រូវចេញប្រតិបត្តិការការពារទីតាំងនានានៅក្នុងរដ្ឋធានី ដូច្នេះប៉ូលិសអាចនឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មតែម្ដង។ លោកថ្លែងបញ្ជាក់បន្ថែមទៅកាន់វិទ្យុORFថា ក្រុមភេរវករបំពាក់ទៅដោយអាវុធស្វ័យប្រវត្តិយ៉ាងល្អប្រណីតៗ និងពោរពេញទៅដោយភាពវ័យឆ្លាត។ ប៉ូលិសក៏បាននិយាយដែរថា ខ្លួនបានបាញ់សម្លាប់ភេរវករម្នាក់ក្នុងពេលចុះបង្ក្រាប។ លោកអធិការបតីSebastian Kurz បានហៅថា វាជាការវាយប្រហារភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើមបំផុត។
ឆ្លើយតបនឹងភេរវកម្មដ៏ឃោរឃៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកKarl Nehammer បានព្រមានដល់ពលរដ្ឋឲ្យនៅឆ្ងាយពីទីក្រុងVienna និងថែមទាំងរឹតបន្តឹងលើការត្រួតពិនិត្យព្រំដែន។ ដើម្បីធានាដល់សុវត្ថិភាព កុមារមិនតម្រូវឲ្យចូលរៀនសាលារៀនឡើយនៅថ្ងៃអង្គារ៍នេះ។
ជាការកត់សំគាល់ ការវាយប្រហារនេះ បានកើតឡើងនៅប៉ុន្មានម៉ោង មុនពេលដែលប្រទេសអូទ្រីសដាក់ការរឹតត្បិតថ្នាក់ជាតិថ្មី ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩ ជាក់ស្ដែងបារនិងភោជនីយដ្ឋានត្រូវបានបិទរហូតដល់ចុងខែវិច្ឆិកា។
គួរជម្រាបថា ការវាយប្រហារភេរវកម្មពីសំណាក់ខ្មាន់កាំភ្លើងដែលកើតឡើងក្នុងទីក្រុងដ៏សំខាន់របស់ប្រទេសអូទ្រីសមួយនេះ ពុំមែនជាលើកទី១ឡើយ។ ពោល កាលពីឆ្នាំ១៩៨១ មានមនុស្ស២នាក់ត្រូវបានសម្លាប់ និង១៨នាក់រងរបួស ក្នុងការវាយប្រហាររបស់ជនជាតិប៉ាឡេស្ទីន២នាក់ នៅឯវិហារអធិដ្ឋានសាសនាជ្វីហ្វក្នុងទីក្រុងViennaនេះដូចគ្នា។ ក្រៅពីនេះ ក្រុមជ្រុលនិយមសាសនាជនជាតិប៉ាឡេស្ទីន ក៏បានសម្លាប់ជនស៊ីវិល៣នាក់ទៀតនៅឆ្នាំ១៩៨៥៕ ដោយ៖ យឺន សីហា