ថ្ងៃអុំទូកទី១លោកនាយករដ្ឋមន្រ្តីអំពាវនាវឲ្យប្រុងប្រយ័ត្នជំងឺកូវីដ១៩

30-10-2020 11:13 am 160

ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលបានប្រារព្ទធ្វើឡើងចាប់ពីថ្ងៃទី៣០តុលា-០១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្រៅពីការអបអរសាទរ និងសប្បាយរីករាយនៅក្នុងថ្ងៃបុណ្យនេះ លោកបានបន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការបង្ការការពារ ការចម្លងជំងឺកូវីដ១៩។

នៅក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ លោកនាយករដ្ឋមន្រ្តី តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ បានឲ្យដឹងថា ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូក នៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយ នៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានស្នើរឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យនេះនៅទូទាំងប្រទេស។

គួរជម្រាបជូនដែរថា ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ថែមទៀត លើបុរសជនជាតិខ្មែរ ដែលទើបត្រឡប់មកពីប្រទេសស៊ូដង់ខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា។ ជាមួយគ្នានេះដែរ បើរាប់គិតត្រឹមថ្ងៃទី៣០ ខែតុលា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន២៩១នាក់ ក្នុងនោះអ្នកព្យាបាលបានជាសះស្បើយមានចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតចំនួន៨នាក់៕

ព័ត៌មានផ្សេងទៀត