រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ ម្នាក់​ថែមទៀត​ លើ​បុរស​ជនជាតិខ្មែរ ​

30-10-2020 8:35 am 297

​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី ម្នាក់​ថែមទៀត លើ​បុរស​ជនជាតិខ្មែរ ដែល​ទើប​ត្រឡប់មក​ពី​ប្រទេស​ស៊ូដង់​ខាងត្បូង​។​

​នៅក្នុង​សេច​ជូនដំណឹង​ដដែល​បាន បញ្ជាក់ថា បុរស​ដែល​រកឃើញ​ឆ្លងកូវី​ដ​១៩​ថ្មី​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម​នៅ South Sudan (UNMISS) បាន​ធ្វើដំណើរ​មកពី​ប្រទេ​ស៊ូដង់​ខាងត្បូង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​គុយបា មក​បន្ត​ជើងហោះហើ​យ​នៅ​ប្រទេស​អេត្យូ​បី រួម​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក់​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូវី​ដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បានដាក់ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​ចំនួន​៨៧​នាក់ (​ស្ត្រី​២៥​នាក់ កុមារ​០៤​នាក់ ទារក​០១​នាក់ និង​បុរស​៥៧​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​អ្នកជំងឺ​ខាងលើនេះ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ៨៦​នាក់​ទៀត ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូវី​ដ​-១៩​នោះ ត្រូវបាន​ដាក់​ឱ្យធ្វើ​ចត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោ​ចិន​តុង និង​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣០ ខែតុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​២៩១​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​ចំនួន​៨​នាក់​៕


ព័ត៌មានផ្សេងទៀត