ពលរដ្ឋ​អាច​រៀបចំ​ពិធី​បុណ្យ​អុំទូក​តាម​ភូមិ ឃុំ​និង​វត្ត​អា​រ៉ា​ម​បាន​តែ​មិន​អនុញ្ញាតឲ្យ​ធ្វើ​នៅ​ថ្នាក់​ខេត្ត​ទេ​

27-10-2020 4:39 pm 245

ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ទោះបីជា​នៅក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា មិន​មាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ក៏ដោយ តែ​បើ​តាម​ការសង្កេត គឺ​អាច​មាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ នឹង​មាន​ការរៀបចំ​កា​រ​ប្រណាំងទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដោយ​ក្រុម​តូចៗ​របស់​ពួកគាត់ នៅ​តាម​ភូមិ ឃុំ ទី​វត្ត​អា​រ៉ា​ម ឬ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដែល​ទាំងនេះ គឺ​តម្រូវឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​រៀបចំ​ពិធី​នេះ ដោយ​ធានា​មិនឲ្យ​មាន​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ឡើយ​។​

​ដោយ​សង្កេត​ឃើញ​ដូចនេះ​ហើយ ទើប​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីណែនាំ​មួយ ដើម្បី​ជា​ការ​រំលឹក​ដាស់តឿន​បន្ថែមទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ដើម្បី​កុំឲ្យ​ភ្លេច​ក្នុង​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ ក្នុង​បរិបទ​ដែល​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​កំពុងតែ​ប្រយុទ្ធប្រឆាំង​ពី​ជំងឺ​រាតត្បាត​មួយ​នេះ​។​

​នៅក្នុង​នោះ​ដែរ ដើម្បី​ជា​ការរួមចំណែក​ក្នុង​ការការពារ ក្រសួង​សុខាភិបាល​សូម​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ដែល​រៀបចំ​ចាត់ចែង​ឲ្យមាន​ការប្រារព្ធ​ពិធី​បុណ្យ​ថា ការរៀបចំ​ឲ្យមាន​កម្ម​វិធី​ប្រណាំងទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក គឺ​មិន​អនុញ្ញាតឲ្យ​ធ្វើ​នៅ​ថ្នាក់​ខេត្តឡើយ ព្រោះ​តែ​វា​អាច​បង្ក​ឲ្យ មាន​ការប្រមូលផ្តុំ​គ្នា​ច្រើន​ពេក តែ​អាច​រៀបចំ​នៅ​តាម​ភូមិ ឃុំ និង​វត្ត​អា​រ៉ា​ម​បាន ។​

​ជាមួយគ្នានេះដែរ ចំពោះ​ចំណុះ​ទូក​នីមួយៗ មិន​ត្រូវឲ្យ​លើស​ពី ១០​នាក់ និង​ទូក​ចូលរួម​ប្រកួត មិនឲ្យ​លើស​ពី ៦​ទូក​ទេ​ក្នុង​មួយ​ពិធី ។​ចំពោះ​អ្នកចូលរួម​ទស្សនា​វិញ គឺ​មិន​ត្រូវ​លើសពី ៦០​នាក់​ទេ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​សម្រាប់​អ្នកអុំទូក​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រសួង​ក៏​តម្រូវ​ឲ្យ​អាជ្ញាធ​រតាម​រាជធានី​-​ខេត្ត និង​សុខាភិបាល​មូលដ្ឋាន​ទាំងអស់ ត្រូវតែ​សហការ​គ្នា ដោយ​មាន​ការគ្រប់គ្រង ឃ្លាំមើល និង​ណែនាំ​ជូន​ដល់​ពលរដ្ឋ​ដែល​ចូលរួម  ដោយ​ត្រូវ​ឲ្យ​ពួកគាត់​ពាក់​ម៉ាស​ជាប់​ជានិច្ច រៀបចំ​កន្លែង​លាងដៃ មានការ​វាស់​កំដៅ​ខ្លួន មាន​ការរៀបចំ​គម្លាត​សុវត្ថិភាព ហើយ​ក្នុង​ករណី​មាន​គ្រុនក្តៅ មិន​ត្រូវ​ឲ្យ​ពួកគាត់​ចូលរួម​ទេ​។​

​សូម​ជម្រាប​ជូន​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា តែ​នៅក្នុង​ឆ្នាំនេះ​កម្ពុជា ពុំ​មាន​ការរៀបចំ​នោះ​ទេ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត