លោកស្រី​Barrett​ត្រូវបាន​ជ្រើសរើស​ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក​យ៉ាង​តក់ក្រហល់​

27-10-2020 12:17 pm 404

​លោកស្រី​Amy Coney Barrett ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក បោះឆ្នោត​គាំទ្រ​ជា​ចៅក្រម​តុលាការ​កំពូល ដោយ​ទទួលបាន​សំឡេងគាំទ្រ​៥២​ទល់នឹង​សំឡេង​ប្រឆាំង​៤៨​។ ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សាធារណរដ្ឋ​ទាំងអស់ មានតែ​លោកស្រី​Susan Collins​ម្នាក់​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការបោះឆ្នោត​គាំទ្រ​លោកស្រី​Amy Coney Barrett កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ព្រោះតែ​កៀក​ជាមួយ​ការបោះឆ្នោត​ប្រធានាធិបតី​ពេក​។ ចំណែក សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ ទាំងអស់ សុទ្ធតែ​បាន​ប្រឆាំងនឹង​ការបោះឆ្នោត​នេះ​។ សម្រាប់អ្នកប្រជាធិបតេយ្យយល់ថា ការជ្រើសរើសចៅក្រម គួរតែធ្វើឡើងនៅក្រោយការបោះឆ្នោតប្រធានាធិបតី។

​ការបោះឆ្នោត​ជ្រើសរើស​លោកស្រី Amy Coney Barrett ​​ធ្វើឡើង​យ៉ាង​តក់ក្រហល់ ពោល​៨​ថ្ងៃមុន​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​ក្រុម​អ្នកប្រជាធិបតេយ្យ​។ ពួកគេ​ថា ការជ្រើសរើស​នេះ រំលោភ​លើ​ការសម្រេចចិត្ត​របស់​ស​មាជិក​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ​ក្នុង​ឆ្នាំ​២០១៦ ដែល​កាលនោះ ពួក​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​បដិសេធ ចំពោះ​ការសម្រេច​របស់លោក​បា​រ៉ាក់ អូ​បា​ម៉ា​នៅក្នុង​ការតែងតាំង​លោក Merrick Garland ៩​ខែ​មុន​លោក​អូ​បា​ម៉ា​ចប់​អាណត្តិ​ប្រធានាធិបតី​។​

​យ៉ាងណាក៏ដោយ ដោយសារតែ​គណបក្ស​សាធារណរដ្ឋ មាន​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា បាន​ពន្លឿន​ការបោះឆ្នោត​ជ្រើសរើស​ចៅក្រុម​តុលាការ​កំពូល បាន​ដោយ​ជោគជ័យ​។ ភ្លាមៗ​បន្ទាប់ពី​ត្រូវ​បានជ្រើសរើស លោកស្រី​Amy Coney Barrett​បាន​ចូល​ស្បថ​កាន់​ត​ណែ​ង​ចៅក្រម​តុលាការ​កំពូល​អាមេរិក នៅ​យប់​ថ្ងៃ​ចន្ទ​ទី​២៦​ខែតុលា​ឆ្នាំ​២០២០ នៅ​សេត​វិមាន ក្រោម​អធិបតីភាព​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​។ លោក​ដូណាល់ ត្រាំ​ថ្លែងថា នេះ​គឺជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​អាមេរិក សម្រាប់​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក និង​សម្រាប់​ភាពយុត្តិធម៌​និង​មិន​លម្អៀង​។ លោក​បន្ថែមថា លោកស្រី Amy Coney Barrett ជា​និស្សិត​ផ្នែក​ច្បាប់​ដ៏​ឆ្នើម​ម្នាក់​របស់​ប្រទេស ហើយ​លោកស្រី​នឹង​ធ្វើឲ្យមាន​យុត្តិធម៌​នៅ​តុលាការ លំដាប់​ខ្ពស់បំផុត​នៅក្នុង​ទឹកដី​អាមេរិក​។​

​លោកស្រី Amy Coney Barrett មាន​វ័យ​៤៨​ឆ្នាំ ចូលមក​ជំនួស​តំណែង​លោកស្រី Ruth Bader Ginsburg ដែល​ទទួលមរណភាព​ដោយសារតែ​ជំងឺមហារីក កាលពី​ខែកញ្ញា​ឆ្នាំ​២០២០​។ លោកស្រី Barrett ក្លាយជា​ចៅក្រម​ទី​៣ ក្នុងចំណោម​ចៅក្រម​ទាំង​៩​រូប របស់​តុលាការ​កំពូល​អាមេរិក ដែល​ត្រូវបានតែងតាំង ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ ចៅក្រម​ដែលជា​អ្នក​អភិរក្សនិយម មាន​ចំនួន​ភាគច្រើន​នៅក្នុង​តុលាការ​កំពូល ចំនួន​៦​ទល់នឹង​៣​។ ចំនួន​ចៅក្រម​ដែលជា​អ្នក​អភិរក្ស​និយម កាន់តែច្រើន​កាលណា លោក​ត្រាំ​សប្បាយចិត្ត​កាន់តែខ្លាំង​កាល​នោះដែរ​។ កាលពី​មិនទាន់មាន​ការបោះឆ្នោត​គាំទ្រ​លោកស្រី Amy Coney Barrett ជា​ចៅក្រម​តុលាការ​កំពូល លោក​ត្រាំ​ធ្លាប់​លើកឡើងថា លោក​ត្រូវការ​អ្នក​អភិរក្សនិយម​ម្នាក់ទៀត សម្រាប់​បម្រើ​ការងារ​នៅ​តុលាការ​កំពូល ព្រោះតែ​លទ្ធផល​នៃ​ការបោះឆ្នោត ទំនង​មិន​បញ្ចប់​ត្រឹម​ការបោះឆ្នោត​ដោយ​សន្លឹកឆ្នោត​ទេ វា​អាច​នឹងមាន​ការប្តឹងតវ៉ា​ដល់​តុលាការ​កំពូល ត្បិត​លោក​ក៏​ព្រួយបារម្ភ​ពី​ការ​ចាញ់ឆ្នោត ឬ​ការប្តឹងតវ៉ា​លទ្ធផល​បោះ​ឆ្នោត ដោយ​គណបក្ស​ប្រជាធិបតេយ្យ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត