រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ម្នាក់ទៀត​​ ជា​ស្ត្រី​ជនជាតិ​បារាំង​​

27-10-2020 8:18 am 272

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ថ្មី​ម្នាក់ លើ​ស្ត្រី​ជនជាតិ​បារាំង ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង ចូលមក​កម្ពុជា​។ ទទ្ទឹម​និង​នោះ ក្រសួង​សុខាភិបាល ក៏​បានប្រកាសថា មិនមាន​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូវី​ដ​-១៩ នោះទេ​។​

​ក្រសួង​បានបញ្ជាក់​ឲ្យដឹងថា ស្ត្រី​ជនជាតិ​បារាំង​ដែល​រកឃើញ​មាន​ឆ្លងកូវី​ដ​-១៩ មាន​អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមបញ្ជាក់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១០៨​នាក់ (​ស្រី ៤៧​នាក់ និង​កុមារ ០៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​បារាំង អាយុ ២៣​ឆ្នាំ​ខាងលើ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ១០៧​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ នោះ ត្រូវបាន​ដាក់​ឱ្យធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន​១៩​នាក់ និង​ក្រៅពីនោះ​នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​មាន​រក​ឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ២៨៨​នាក់ ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៥​នាក់ ៕(ដោយ៖វណ្ណ យ៉ា​រី​)

ព័ត៌មានផ្សេងទៀត