មេ​បក្ស​ប្រឆាំង​ថៃ​ទទូច​ក្នុង​សភា​ឲ្យ​លោកប្រា​យុទ្ធចុះ​ចេញពី​តំណែង​

26-10-2020 4:47 pm 881

​ប្រធាន​គណបក្ស​ប្រឆាំង​របស់​ថៃ​លោក​Sompong Amornwiwat ក្នុង​សម័យប្រជុំ​សភា​ពិសេស​នៅ​ថ្ងៃ ទី​២៦​តុលា​នេះ បាន​ទទូច​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ចុះចេញ​ពី​តំណែង ខណៈ​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​គ្រោង​នឹង​លើក​គ្នា​ទៅ​ដាក់​ញត្តិ នៅឯ​ស្ថានទូត​អាឡឺម៉ង់​ប្រចាំ​ប្រទេស​ថៃ​។​

​ក្នុង​សម័យប្រជុំ​នេះ ប្រធាន​គណបក្ស​ភឿ​ថៃ (Pheu Thai Party) បាន​និយាយថា លោក​ប្រា​យុទ្ធ​គួរតែ​ចុះចេញ​ពី​តំណែង ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​លើ​ការប្រព្រឹត្ត​ខុសឆ្គង​ចំពោះ​ការតវ៉ា ដោយ​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​នឹង​ក្រុមបាតុករ​ថៃ​កាលពី​ថ្ងៃ​ទី​១៦​តុលា​។ មិនតែប៉ុណ្ណោះ លោក​ប្រា​យុទ្ធ​ថែមទាំង​បាន​ចេញ​ក្រឹត្យ​គ្រាអាសន្ន​ពិសេស​មួយ ក្នុងការ​បំបែក​និង​បញ្ឈប់​ការជួបជុំ​របស់​ហ្វូង​បាតុករ​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​១៤​តុលា​ទៀត​។​

​ក្រៅពី​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង លោក​Sompong ថែមទាំង​បាន​ទទូច​ឱ្យមាន​ការដោះលែង​អ្នក​តវ៉ា​ដែល​ត្រូវបាន​ឃុំខ្លួន ក្រោយ​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិកា​រ​បង្គ្រាប និង​បំបែកហ្វូង​បាតុករ​កាលពី​ពេល​កន្ល​ង​ទៅ​។ មេ​បក្ស​ប្រឆាំង​ថៃ​ដដែល​នេះ​និយាយថា នាយករដ្ឋមន្ត្រី​គួរតែ​មាន​ចិត្ត​បើកទូលាយ ចំពោះ​ការទាមទារ​របស់​ក្រុមអ្នកតវ៉ា​វ័យក្មេង ក្នុងន័យ​ចង់ឲ្យ​មាន​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ​ថ្មី​។​

​តែ​យ៉ាងណា បើ​តាម​លោក​Paiboon Nititawan សមាជិកសភា​មួយ​រូប​មកពី​គណបក្ស​Palang Pracharath (Palang Pracharath Party) បាន​ចេញមុខ​ការពារ​លោក​ប្រា​យុទ្ធ​ថា ប្រទេស​ត្រូវការ​ភាពជា​អ្នក​ដឹកនាំ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​សេដ្ឋកិច្ច និង​ការពារ​រាជាធិបតេយ្យ​ដែល​កំពុង​រង​ការវាយប្រហារ​ដោយ​ក្រុមបាតុករ​គ្មាន​សណ្ដាប់ធ្នាប់​។​

​គួរ​ជម្រាប​ថា ចលនា​តវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ខែ​កក្កដា​មក ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជាង​៣​ខែ​ហើយ​មិន​ទាន់​បញ្ចប់​ទេ ដ្បិត​ពុំទាន់​មាន​ការឆ្លើយតប​ណាមួយ​តាម​តម្រូវការ​របស់​ពួកគេ​។ គោលបំណង​នៃ​ការតវ៉ា​នេះ គឺ​ចង់​ទម្លាក់​លោកនាយក​រដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​ចេញពី​តំណែង ព្រោះ​ពួកគេ​ចាត់ទុក​ការបោះឆ្នោត​កាលពី​ឆ្នាំមុន គ្រាន់តែ​ជា​ការរៀបចំ​ឡើង ដើម្បី​រក្សា​អំណាច​លោក​ប្រា​យុទ្ធ​ប៉ុណ្ណោះ ទោះបី​លោក​ប្រា​យុទ្ធ​អះអាង​ជា​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​ក៏ដោយ​។ ក្រុមបាតុករ​ក៏​ទាមទារ​ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ និង​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូ​រ​បទបញ្ជា​មួយចំនួន ដូច​ជា​ការ​អនុញ្ញាត​ឲ្យ​ព្រះមហាក្សត្រ​អាច​គ្រប់គ្រង​លើ​ទ្រព្យសម្បត្ដិ​នៅ​រាជវាំង និង​គ្រប់គ្រង​លើ​អង្គភាព​កងទ័ព​មួយចំនួន និង​ចង់ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះរាជកិ​ច្ច​ច្បាស់លាស់​ស្ថិតក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត