អាមេរិក​ទទូច​ឲ្យ​តុលាការ​កំពូល​ពន្លឿន​វិធានកា​រក្ដៅ​លើ​កម្មវិធី​TikTok

26-10-2020 2:42 pm 247

​រដ្ឋបាល​គ្រប់គ្រង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ទទូច​ដល់​តុលាការ​កំពូល​អាមេរិក​ក្នុង​ការបង្កើន​ចំណាត់ការ​ក្ដៅ​ចំពោះ​កម្មវិធី​ធី​ក​ធ៉ក់​(TikTok)​។ ការទទូច​នេះ ធ្វើ​ឡើង​ដោយសារ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ និង​បាន​ជំរុញ​ឲ្យ​តុលាការ​កំពូល​ពន្លឿន​ក្នុង​ការបិទឬ​ហាមឃាត់​កម្មវិធី​វីដេអូ​មួយ​នេះ​ឲ្យ​កាន់តែ​ឆាប់​។​

​បណ្ដឹង​របស់​រដ្ឋបាល​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ដាក់​ទៅ​កាន់​តុលាការ​កំពូល ដោយ​បាន​ប្ដឹង​ឲ្យ​ផ្អាក​ដំណើរការ​កម្មវិធី​TikTok​។ អាមេរិក​ចោទ​ថា​កម្មវិធី​TikTok ជា​កម្មវិធី​របស់​រដ្ឋាភិបាលចិន ខណៈ​នៅ​អាមេរិក​មាន​មនុស្ស​ប្រមាណ ១០០​លាន​នាក់​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ​។​

​គួរបញ្ជាក់​ថា រដ្ឋបាល​គ្រប់គ្រង​របស់​លោក​ត្រាំ​បាន​ដាក់​ពាក្យបណ្ដឹង​លើ​កម្មវិធី​TikTok កាលពី​ថ្ងៃ​សុក្រ​ទី​២៣​តុលា នៅក្នុង​តុលាការ​សហព័ន្ធ​នៃ​ទីក្រុង​វ៉ាស៊ីនតោន​។ មិនតែប៉ុណ្ណោះ រដ្ឋបាល​គ្រប់គ្រង​របស់​លោក​ត្រាំ ក៏​កំពុងតែ​ស្វះស្វែង​ក្នុងការ​បញ្ចុះបញ្ចូល​ចៅក្រម​របស់​តុលាការ​ផង​ដែរ ដើម្បី​ផ្អាក​ឬ​បិទ​ចោល​នូវ​កម្មវិធី​ចែករំលែក​វីដេអូ​ដែល​ខ្លួន​បាន​ចោទថា មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន​។ កាលពី​ខែ​កញ្ញា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់​បាន​ចេញ​បទបញ្ជា​បណ្ដោះអាសន្ន​មួយ​ម្ដងមកហើយ ក្នុង​ការទាមទារ​ឲ្យ​ផ្អាក​ប្រតិបត្តិការ​កម្មវិធី​របស់​ក្រុមហ៊ុន ByteDance​នេះ​។ តែ​យ៉ាងណា កម្មវិធី​TikTok នឹង​ត្រូវ​បិទ​ចោល​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១២​វិច្ឆិកា​ខាង​មុខ​។​

​ដោយឡែក សម្រាប់​ក្រុមហ៊ុន ByteDance ដែលជា​អាណាព្យាបាល​របស់​កម្មវិធី TikTok បាន​ចេញ​មុខ​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​ថា ខ្លួន​ពុំ​បាន​ផ្ដល់​ទិន្នន័យ​ណាមួយ​ទៅកាន់​ប្រទេស​ចិន​ឡើយ​។ លើសពី​នេះ​ក្រុមហ៊ុន​នេះ​បាន​អះអាង​ទៀតថា ម៉ាស៊ីន​មេ​ដែល​រក្សា​ទុក​ទិន្នន័យ​អ្នកប្រើប្រាស់ គឺ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​សិង្ហ​បុរី មិន​មែន​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត