លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរម្លឹកដល់រដ្ឋមន្ត្រីចំនួន៤រូបថា ក្នុងស្ថានភាពរងគ្រោះដោយសារទឹកជំនន់ បានបង្កការខូចខាតផ្លូវជាតិ ផ្លូវលំ ស្ពាន និងទំនប់ប្រឡាយមួយចំនួន រដ្ឋមន្ត្រីទាំង៤រូបនេះ កុំបង្អង់យូរ ទឹកស្រកភ្លាម ចុះសាងសង់ជួសជុលភ្លាម កុំរង់ចាំការវាយតម្លៃពីផលប៉ះពាល់។ ប្រមុខរដ្ឋាភិបាលបានថ្លែងថា សភាពការណ៍មិនធម្មតា នីតិវិធីក៏មិនធម្មតាដែរ។
រដ្ឋមន្ត្រីក្រសួងទាំង៤នេះរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លោកនឹងតាមដានចំពោះសកម្មភាពនៃការចុះជួសជុលសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ហើយក្រសួងណាមួយយឺតយ៉ាវក្នុងការងារនេះ ក្រសួងនោះនឹងទទួលខុសត្រូវចំពោះរដ្ឋាភិបាល។
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរាហ៍ នាថ្ងៃទី២៦ ខែតុលានេះ៕