លោក​Lee Kun-hee​ប្រធាន​ក្រុមហ៊ុន​Samsung​ទទួលមរណភាព​

25-10-2020 3:02 pm 254
​លោក​Lee Kun-hee​ប្រធាន​ក្រុមហ៊ុនSamsung Group

​លោក​Lee Kun-hee​ប្រធាន​ក្រុមហ៊ុន Samsung Group បាន​ទទួលមរណភាព​ហើយ ក្នុង​អាយុ​៧៨​ឆ្នាំ​។ ក្រុមហ៊ុន​Samsung បញ្ជាក់ថា លោក​Lee​បាន​ទទួលមរណភាព​នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​មិន​បានបញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​នោះទេ​។ យ៉ាងណាក៏ដោយ លោក​Lee ធ្លាប់មាន​ជំងឺ​គាំងបេះដូង​កាលពី​ឆ្នាំ​២០១៤ ហើយ​ក្រោយពី​ដឹងថា​មាន​ជំងឺ​នេះ លោក​ចាប់ផ្តើម​យកចិត្តទុកដាក់​នៅក្នុង​ថែទាំ​ង​សុខភាព​រហូតមក​។​ លោក​ជា​អ្នកជំនួញ​ឆ្នើម និង​ជា​អ្នកមាន​ជាង​គេបំផុត​នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង ដោយមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ជិត ២១ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងទៅតាម​ទស្សនា​វ​ដ្តី Forbes របស់​អាមេរិក​។​

​លោក Lee គឺជា​កូនប្រុស​ទី​បី​របស់លោក Lee Byung-chul ដែលជា​អ្នកបង្កើត​ក្រុមហ៊ុន Samsung Group នៅ​ឆ្នាំ​១៩៣៨​។ លោក Lee បាន​ចូលរួម​ប្រឡូក​ក្នុង​អាជីវកម្ម​ជាមួយ​គ្រួសារ​ក្នុង​ឆ្នាំ​១៩៦៨ និង​បាន​កាន់កាប់​តំណែង​ប្រធាន​ក្រុមហ៊ុន​ Samsung ក្នុង​ឆ្នាំ​១៩៨៧ ក្រោយ​មរណភាព​របស់​ឪពុក​លោក​។ លោក Lee​បាន​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០០៨ បន្ទាប់ពី​រង​នូវ​ការចោទប្រកាន់​ពី​ការ​គេចវេស​ពន្ធ​និង​កិបកេង​ប្រាក់​។ 

​បន្ទាប់ពី​ដោះស្រាយ​បញ្ហា​រឿងក្តី​ក្តាំ​ចប់សព្វគ្រប់ លោក Lee​បាន​ត្រឡប់មក​កាន់តំណែង​ប្រធាន​ក្រុមហ៊ុន Samsung វិញ​ក្នុង​ឆ្នាំ​២០១០ តែ​បាន​រង​នូវ​ការរំខាន​ជាថ្មី ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​ឆ្នាំ​២០១៤ ដែល​តម្រូវឲ្យ​លោក​ចំណាយពេល​ថែទាំង​សុខភាព និង​សម្រាក​ព្យាបាល​ជំងឺ​អស់​ជាច្រើន​ឆ្នាំ​។ ចាប់តាំងពី​ធ្លាក់ខ្លួន​ឈឺ​ ការងារ​អាជីវកម្ម បាន​ធ្លាក់​មកលើ​កូនប្រុស​របស់លោក​គឺ​លោក Lee Jae-yong ជា​អនុប្រធាន​ក្រុមហ៊ុន Samsung ជា​អ្នកដឹកនាំ​ជំនួស​រហូតដល់​បច្ចុប្បន្ន៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត