ពេល​កំណត់​របស់​ក្រុមបាតុករ​កន្លងផុត លោក​ប្រយុទ្ធ​នៅតែ​មិន​ចុះចេញ

25-10-2020 11:50 am 832

​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃ​សៅរ៍​ទី​២៤​ខែតុលា​ឆ្នាំ​២០២០ ជា​គម្រប់​៣​ថ្ងៃ​គត់ ដែល​ក្រុមបាតុករ​ថៃ​កំណត់ ឲ្យ​លោកប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ត្រូវតែ​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។ ពេលវេលា​កំណត់​៣​ថ្ងៃ​បាន​រំលង​ផុត​ទៅហើយ ប៉ុន្តែ​លោក​ប្រា​យុទ្ធ​មិន​ធ្វើតាម​ការទាមទារ​របស់​ក្រុមបាតុក​រឡើយ​។ លោក​ប្រា​យុទ្ធ​បាន​ប្រាប់​អ្នកគាំទ្រ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅពេល​ចាកចេញ​ពី​វិហារ​ព្រះពុទ្ធសាសនា​មួយ ជា​កន្លែង​បួងសួង សុំ​សន្តិភាព​និង​វិបុលភាព​ជាតិ ថា លោក​នឹងមិន​ចុះចេញ​នោះទេ​។ លោក​ប្រា​យុទ្ធ ថ្លែងប្រាប់​អ្នកកាសែត​ថា រដ្ឋាភិបាល​មាន​ភាពស្មោះត្រង់​ក្នុង​ការដោះស្រាយ​បញ្ហា និង​ប្តេជ្ញា​អនុវត្ត​តាមច្បាប់​ក្នុង​ការធ្វើ​ដូច្នេះ​។​

​ចំណែក​ក្រុមបាតុករ​ដែល​មិនឃើញ​លោក​ប្រា​យុទ្ធ ធ្វើ​ទៅតាម​ការទាមទារ​របស់​ពួកគេ បាន​អំពាវនាវ​ឲ្យមាន​ការប្រមូលផ្តុំ​គ្នា​ជាថ្មី នៅ​ចុង​សប្តាហ៍​នេះ នៅ​កណ្តាល​ក្រុង​បាងកក ជា​កន្លែង​ដែល​ធ្លាប់​រៀបចំ​ការតវ៉ា​កាលពី​លើក​មុន​។ មេដឹកនាំ​ការតវ៉ា​ដ៏​លេចធ្លោ​ម្នាក់​ឈ្មោះ​Jatupat Boonpattaraksa ដែល​ត្រូវបាន​គេ​ស្គាល់​ថា Pai Dao Din បាន​ប្រាប់​គ្នីគ្នា​របស់ខ្លួន​នៅ​ខាងក្រៅ​ពន្ធនាគារ Bangkok Remand ជា​កន្លែង​ដែល​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​ដោះលែង អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការតវ៉ា​កន្លងមក ឲ្យមក​ប្រមូលផ្តុំ​គ្នា​តាំងតែ​ពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ និង​ពិចារណា​ពី​ជំហាន​បន្ទាប់​ដែល​ត្រូវធ្វើ នៅពេល​រង់ចាំ​ការឆ្លើយតប​ពី​លោក​ប្រា​យុទ្ធ​។​

រីឯការិយាល័យ​របស់លោក​ប្រា​យុទ្ធ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ស្កាត់​ទុកជាមុន ដើម្បី​កុំឲ្យ​ស្ថានការណ៍​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាថ្មី ដោយបាន​អំពាវនាវ​ម្តងទៀត ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា តាមរយៈ​សភា​ដែល​នឹង​ពិភាក្សា អំពី ស្ថានភាព​នយោបាយ​នៅក្នុង​សម័យប្រជុំ​ពិសេស​មួយ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​។ សេចក្តីថ្លែងការណ៍​ថា ទោះបី​ស្ថានភាព​នយោបាយ​ដែល​កំពុង​កើតមាន មាន​ទស្សនៈ​ផ្ទុយគ្នា​ជាច្រើន​ក្នុងចំណោម​ក្រុម​ផ្សេងៗ​គ្នា យើង​គួរតែ​ចាត់ទុក​នេះ​ជា​ឱកាស​មួយ សម្រាប់​ប្រជាជន​ថៃ​ពិគ្រោះ​យោបល់​គ្នា អំពី អ្វីដែល​ល្អ​បំផុត​សម្រាប់​ប្រទេសជាតិ​។ ប្រសិនបើ​ភាគី​ទាំងអស់ ប្តេជ្ញា​អនុវត្ត​ការអត់ធ្មត់ និង​ភាពបត់បែន​ពេញលេញ​នោះ កាលៈទេសៈ​អាចមាន​អំណោយផល​ជាង​មុន ក្នុង​ការលុបបំបាត់​ជម្លោះ​នយោបាយ ដែល​កំពុង​តានតឹង និង​ឈានដល់​លទ្ធផល​មួយ ដែល​អាច​ទទួលយកបាន​ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​Anucha Burapachaisri និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​។​

​គួរ​ជម្រាបជូន​ថា ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​ក្រុមនិស្សិត​វ័យក្មេងៗ បាន​ផ្ទុះឡើង​តាំងពី​ខែកក្កដា​ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ចំណុច​សំខាន់ៗ​មួយចំនួន​។ នៅ​ក្នុងនោះ មាន​ការទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ចុះ​ចេញពី​តំណែង​។ លោក​ប្រា​យុទ្ធ​ទទួលបាន​អំណាច​ពី​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា​ក្នុង​ឆ្នាំ​២០១៤ ហើយ​បាន​បន្ត​ក្តោប​ក្តាប់​អំណាច​បណ្តោះអាសន្ន​រហូត​ដល់​ទៅ​៥​ឆ្នាំ ទើប​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ ត្រូវ​ក្រុមយុវជន​ចាត់ទុកថា គ្រាន់តែ​ជាការ​បំភាន់​ភ្នែក ដើម្បីឲ្យ​លោកប្រា​យុទ្ធ ចាន់​អ៊ូ​ចា​អាច​រក្សា​អំណាច​បន្តទៀត តែ​ក្នុងនាម​ជា​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​។​

​ក្រៅពីនោះ​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ បង្កើតឡើង​ដោយ​របប​យោធា​ក្នុង​ឆ្នាំ​២០១៧ ដែល​សម្រួល​ឲ្យ​លោក​ប្រយុទ្ធ ធ្វើយ៉ាងណា​អាច​កាន់តំណែង​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៩​។ ក្រុមយុវជន​វ័យក្មេងៗ ក៏​មិន​ញញើត​ផងដែរ នៅក្នុង​ការទាមទារ​ឲ្យធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​។ ពួកគេ​ចង់ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន មាន​តួនាទី​ត្រឹម​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គ្រង​រាជសម្បត្តិ ប៉ុន្តែ​មិនត្រូវ​មានអំណាច​លើសពីនេះ​ទេ ព្រមទាំង​ទាមទារ​ឲ្យ​លុប​ច្បាប់​ដាក់ទោស​លើ​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ផងដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត