អា​ហ្វ​ហ្គានី​ស្ថាន​ផ្តាច់ជីវិត​មេដឹកនាំ​ជាន់ខ្ពស់​អាល់​កៃ​ដា​លោក​Al-Masri

25-10-2020 9:49 am 739
សាររបស់អគ្គស្នងការសន្តិសុខជាតិអាហ្វហ្គានីស្ថានបញ្ជាក់ពីការស្លាប់របស់លោកAbu Muhsin al-Masriមេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដា

​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន បានសម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​អាល់​កៃ​ដា​ម្នាក់ គឺ​លោក Abu Muhsin al-Masri ក្នុង​ប្រតិបត្តិការ​ពិសេស​មួយ​នៅក្នុង​ខេត្ត Ghazni​។ លោក​Al-Masri ជា​បុគ្គល​សំខាន់​ម្នាក់ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ភេរ​វករ ហើយ​ត្រូវបាន​គេ​តាម​ប្រមាញ់​ជា​យូរណាស់​មកហើយ​។ នេះ​បើតាម​អគ្គស្នងការ​សន្តិសុខ​ជាតិ​របស់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និយាយ​នៅក្នុង​សារធ្វី​ត​ទ័រ​កាលពី​ល្ងាច​ថ្ងៃសៅរ៍​។ លោក​Al-Masri ត្រូវបាន​ចោទប្រកាន់​នៅក្នុង​សហរដ្ឋអាមេរិក ពីបទ​បានផ្តល់​ការគាំទ្រ​ខាង​សម្ភារៈ​និង​ធនធាន ដល់​អង្គការ​ភេរ​វករ​បរទេស​និង​ការ​សមគំនិត​ក្នុង​ការសម្លាប់​ជនជាតិ​អាមេរិក​។​

​កាលពី​ខែ​មុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស សហរដ្ឋអាមេរិក​លោក​Mike Pompeo និយាយថា​ប្រតិបត្តិ​ករ​អាល់​កៃ​ដា​តិចជាង​២០០​នាក់ នៅតែ​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នៅឡើយ​។ អាមេរិក​តាម​ផ្តាច់​ឫសគល់​ក្រុម​អាល់​កៃ​ដា​អស់​រយៈពេល​១៩​ឆ្នាំ​មកហើយ នៅតែ​មិនទាន់​កម្ចាត់​ក្រុម​នេះ​អស់​។ អាមេរិក​បាន​បញ្ជូន​ទ័ព​ទៅ​លុកលុយ​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដែលជា​សំបុក​របស់​ក្រុម​សកម្មប្រយុទ្ធ ដើម្បី​ផ្តួលរំលំ​មេដឹកនាំ​ក្រុម​តា​លី​បង់និងក្រុមអាល់កៃដា។ តាលីបង់ត្រូវអាមេរិកចាត់ទុកជា​អ្នកផ្តល់​ជម្រក​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា ដែលជា​អ្នក​វាយប្រហារ​ភេរវកម្ម លើ​អគារ​ពាណិជ្ជកម្ម​ភ្លោះ​អាមេរិក ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត