បញ្ចៀស​គ្រោះថ្នាក់​ដែល​បង្កដោយ​ខ្លាញ់​ក្នុង​ឈាម​

24-10-2020 6:31 pm 190

​ខ្លាញ់​ក្នុង​ឈាម ជាដើម​ហេតុដែល​បណ្តោល​ឲ្យមាន​ជំងឺ​សម្ពាធ​ឈាមឡើង​ខ្ពស់ ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ទឹកនោម​ផ្អែម និង​ភាពធាត់​លើស​ទម្ងន់​ជាដើម​។ ដោយសារតែ​ឃើញ​ពី​ហានិភ័យ​នេះហើយ ទើប​អ្នកជំនាញ​បាន​ណែនាំ ឲ្យ​ជៀសវាង​អនុវត្ត​ចំណុច​មួយចំនួន​ដូចជា​៖

ឈប់​ជក់បារី​និង​ផឹកស្រា អ្នក​គួរតែ​ឈប់​ជក់បារី​ឬ​ផឹកស្រា​ទៀត​ទៅ ព្រោះ​មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ទូទៅ​នោះទេ សូម្បីតែ​សរសៃឈាម​ក៏​រងគ្រោះ​ដែរ​។ ជក់បារី​និង​ផឹកស្រា​ក្នុង​រយៈពេល​យូរ សរសៃឈាម​នឹងត្រូវ​ប្រមូលផ្តុំ​ទៅដោយ​ខ្លាញ់​កូលេ​ស្តេ​រ៉ុល ដែល​បង្ក​ទៅជា​ជំងឺ​ដ៏​មាន​គ្រោះថ្នាក់​ផ្សេងៗ​។​

កំណត់​ការ​ទទួលទាន​សរីរាង្គ​សត្វ មិន​ត្រឹមតែ​ខ្លាញ់​សត្វ​នោះទេ ដែល​អ្នក​ត្រូវ​កាត់បន្ថយ​ទទួលទាន សូម្បីតែ​ខួរក្បាល ថ្លើម ពោះវៀន និង​សរីរាង្គ​សត្វ​ផ្សេងៗ​ទៀត ក៏មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន ដែល​អ្នក​គួរ​កាត់បន្ថយ​ដូចគ្នា​។​

​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ខ្លាញ់ ប្រសិនបើ​អ្នក​ចម្អិន​អាហារ​ផ្សេងៗ ដោយ​ប្រើ​វិធី​ចៀន ឬ​បំពង នឹង​ធ្វើឲ្យ​អាហារ​បាត់បង់​គុណភាព ហើយ​ថែមទាំង​មាន​ផ្ទុក​ខ្លាញ់​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែច្រើន​។ ជាពិសេស អ្នក​ដែលមាន​ទម្លាប់​ទទួលទាន​ស៊ុត​ចៀន  គួរតែ​បង្វែរ​មក​ញ៉ាំ​ស៊ុត​ស្ងោរ​វិញ​ប្រសើរ​ជាង​។​

​ដើម្បី​កាត់បន្ថយ​ខ្លាញ់​ក្នុង​ឈាម ក្រៅពី​ជៀសវាង​អាហារ​ដូចខាងលើ អ្នក​គួរតែ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឲ្យបាន​ច្រើន ហើយ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​៕

ព័ត៌មានផ្សេងទៀត