ស៊ូដង់​និង​អ៊ីស្រាអែល​ពី​សត្រូវ​ក្លាយជា​មិត្តភក្តិ

24-10-2020 5:53 pm 670

​តាម​ការប្រកាស​របស់​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ថា​ស៊ូដង់​និង​អ៊ីស្រាអែល​បានសម្រេច​ភ្ជាប់​ទំនាក់ទំនង​ជាធម្មតា​ជាមួយគ្នា​ហើយ​។ ប្រទេស​ស៊ូដង់​និង​អ៊ីស្រាអែល និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជាមួយ​អាមេរិក​ថា គណៈប្រតិភូ​របស់​ពួកគេ នឹង​ជួបប្រជុំគ្នា​នៅក្នុង​សប្តាហ៍​ខាងមុខ​។ ក្រុម​មេដឹកនាំ​ទាំងនេះ បាន​យល់ព្រម​ធ្វើឲ្យមាន​ភាពប្រក្រតី នៃ​ទំនាក់ទំនង​រវាង​ស៊ូដង់​និង​អ៊ីស្រាអែល ដើម្បី​បញ្ចប់​ជម្លោះ​ទាស់ទែង​រវាង​ប្រជាជាតិ​របស់​ពួកគេ​។ ស៊ូដង់​ជា​បក្ខពួក​របស់​ប៉ាឡេ​ស្ទីន ជួយ​គាំទ្រ​ប៉ាឡេ​ស្ទីន​បង្កើត​រដ្ឋ​ឯករាជ្យ ប្រឆាំងនឹង​អ៊ីស្រាអែល​ជាច្រើន​ទសវត្ស​មកហើយ​។ ប៉ុន្តែ​នៅពេល​ស៊ូដង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ថ្មី ក្នុង​ជំនាន់​លោក Abdalla Hamdok ជា​នាយករដ្ឋមន្ត្រី ស៊ូដង់​បាន​កែប្រែ​យ៉ាង​ស៊ីជម្រៅ​បំផុត​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ដែល​ទទួលបាន​មិត្តភក្តិ​ថ្មីៗ​បន្តបន្ទាប់ ដែលជា​ការរួម​ផ្តុំ​កម្លាំង​គាំទ្រ​លោក​នៅ​មជ្ឈឹម​បូ​ព៌ា និយាយថា​កិច្ចព្រមព្រៀង​នេះ គឺជារ​បក​គំ​ឃើញ​ថ្មី​មួយ​សម្រាប់​សន្តិភាព និង​ការចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី​មួយ​។ ចំណែកឯ​ក្រសួងការបរទេស​អារ៉ាប់​រួម បាន​ស្វាគមន៍ ចំពោះ​ការសម្រេចចិត្ត​របស់​ប្រទេស​ស៊ូដង់ ដោយបាន​ហៅថា ជា​ជំហាន​ដ៏​សំខាន់ ដើម្បី​ជំរុញ​សន្តិសុខ​និង​វិបុលភាព​នៅក្នុង​តំបន់​។​

​តែ​សម្រាប់​ប៉ាឡេ​ស្ទីន ដែល​បាត់បង់​សម្ព័ន្ធមិត្ត​ម្នាក់ទៀត ព្រោះតែ​ស៊ូដង់​ប្រែចិត្ត​ទៅ​ជ្រក​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ជា​ផ្លូវការ បាន​ថ្កោលទោស​និង​ថា​ការផ្លាស់ប្តូរ​របស់​ស៊ូដង់ ជាការ​ក្បត់​បុព្វហេតុ​របស់​ប៉ាឡេ​ស្ទីន​។ តាម​ប្រវត្តិសាស្ត្រ​ប្រទេស​អារ៉ាប់​បានដាក់​លក្ខខណ្ឌ ចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល លុះត្រាតែ​អ៊ីស្រាអែល ដក​កងទ័ព​ចេញពី​ទឹកដី​ដែល​កាន់កាប់​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៦៧ និង​រដ្ឋ​ប៉ាឡេ​ស្ទីន​ត្រូវ​បង្កើតឡើង ជាមួយនឹង​ការបង្កើត​រដ្ឋធានី​នៅលើ​ទឹកដី​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​។ តែ​បច្ចុប្បន្ន​តំបន់​នេះ កំពុង​មានការ​ប្រទាញប្រទុង​គ្នា រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​នៅឡើយ​។​

​យ៉ាងណាក៏ដោយ ប្រទេស​សមាជិក​នៃ​សម្ព័ន្ធ​អារ៉ាប់ បានរ​បេះ​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ម្តង​មួយៗ​។ ស៊ូដង់​ជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់ ដែល​សម្រេច​បំភ្លេច​រឿង​អតីតកាល​ដ៏​ជូរចត់ ហើយ​ងាក​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល បន្ទាប់ពី​អារ៉ាប់​រួម​។ បើតាម​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បង្ហើប​ថា ប្រទេស​យ៉ាងតិច​ចំនួនប្រាំ​បន្ថែមទៀត រួមទាំង​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ កំពុង​ពិចារណា​ភ្ជាប់​ទំនាក់ទំនង​ជាធម្មតា​ជាមួយ​អ៊ីស្រាអែល​។​

​ការសម្រេច​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ជាមួយគ្នា​រវាង​ស៊ូដង់​និង​អ៊ីស្រាអែល កើតឡើង​ក្រោម​ការសម្របសម្រួល​របស់​អាមេរិក​។ ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបាន​បំពេញ​ទស្សនកិច្ច ទៅកាន់​បណ្តា​ប្រទេស​មជ្ឈឹម​បូ​ព៌ា កាលពី​អំឡុង​ខែសីហា​ឆ្នាំ​២០២០ ដើម្បី​សាទរ​ទំនាក់ទំនង​ថ្មីថ្មោង​រវាង​អារ៉ាប់​រួម​និង​អ៊ីស្រាអែល​ផង និង​ដើម្បី​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស​អារ៉ាប់​ផ្សេងទៀត ឲ្យ​បែរម​កភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល ក្នុងន័យ​ផ្សះផ្សារ​សន្តិភាព​ក្នុង​តំបន់​។​

​ប្រមុខ​ការទូត​អាមេរិក​បាន​ជិះ​យន្តហោះ​ពី​អ៊ីស្រាអែល បន្តដំណើរ​ទៅ​ប្រទេស​ស៊ូដង់​ផ្ទាល់ ខណៈ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ស៊ូដង់ ទើបតែ​បាន​ធូរស្រាល​ជាង​មុន ក្រោយ​មាន​ភាព​តានតឹង​ជាមួយគ្នា តាំងពី​អាមេរិក​ដាក់បញ្ចូល​ស៊ូដង់ ក្នុង​ក្រុម​ប្រទេ​សឧត្ថ​ម្ភ​គាំទ្រ​ក្រុម​ភេរវ​និយម​ឆ្នាំ​១៩៩៣​។ ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​ព្រឹត្តិការណ៍​ធំៗ​មួយចំនួន​បាន​កើតឡើង ដោយ​រដ្ឋាភិបាល​ស៊ូដង់ បាន​យល់ព្រម​ប្រគល់​ប្រាក់​៣៣៥​លាន​ដុល្លារ​ឲ្យ​អាមេរិក ជា​សំណង​ជំងឺ​ចិត្ត​ដល់​ពលរដ្ឋ​អាមេរិកកាំង ដែល​រងគ្រោះ​ដោយសារតែ​ការវាយប្រហារ​ភេរវកម្ម​ ក្នុង​ប្រទេសកេន​យ៉ា​និង​តង់​ហ្សា​នី ​កាលពី​ឆ្នាំ​១៩៩៨ ហើយ​ជា​ថ្នូរ​ត្រឡប់មកវិញ គឺ​ស៊ូដង់​ត្រូវបាន​អាមេរិក​ដក​ចេញ ពី​បញ្ជី​ប្រទេ​សឧត្ថ​ម្ភ​គាំទ្រ​ក្រុម​ភេរវ​និយម​ផង​ដែរ​។ ការ​រួច​ផុតពី​ទណ្ឌកម្ម​របស់​អាមេរិក នឹង​ផ្តល់​លទ្ធភាព​ឲ្ស​ស៊ូដង់​ស្តា​សេដ្ឋកិច្ច​ដែល​ធ្លាក់​ដុនដាប​ឡើងវិញ ព្រោះ​២៩​ឆ្នាំ​រស់​ក្រោម​សម្ពាធ​អាមេរិក ស៊ូដង់​ត្រូវបាន​បិទ​ខ្ទប់​ជំនួយ​សេដ្ឋកិច្ច​និង​រារាំង​ការធ្វើ​និយោគ​ទាំងអស់នៅ​ក្នុងប្រទេស​។​

​ក្រោយពី​ទទួលបាន​ប្រាក់​ដល់ដៃ​គ្រប់​ចំនួន​ហើយ លោក​ត្រាំ​បាន​ដក​ទណ្ឌកម្ម​ចេញពី​ស៊ូដង់ និង​ទូរស័ព្ទ​ទៅរក​មេដឹកនាំ​អ៊ីស្រាអែល​និង​ស៊ូដង់​ភ្លាមៗ​។ នាយករដ្ឋមន្ត្រី​ស៊ូដង់ Abdalla Hamdok បាន​ថ្លែងអំណរគុណ​ដល់​លោក ត្រាំ ដែល​បាន​ដក​ប្រទេស​របស់លោក​ ចេញពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវកម្ម និង​​និយាយថា​រដ្ឋាភិបាល​ស៊ូដង់ កំពុង​ធ្វើការ​ឆ្ពោះទៅរក​ទំនាក់ទំនង​អន្តរជាតិ​មួយ ដែល​បម្រើប្រជាជន​ស៊ូដង់​ឲ្យបាន​ល្អ​បំផុត​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត