លោកនាយក​រដ្ឋមន្ត្រីរ​ម្លឹក​ពី​ការប្រថុយជីវិត​ចូល​ក្នុង​តំបន់​ខ្មែរក្រហម​កាន់កា​ប់​

24-10-2020 3:34 pm 1978

​លោកនាយក​រដ្ឋមន្ត្រី បាន​រម្លឹក​អំពី​ការ​ប្រថុយ​ជីវិត​ដើម្បី​ជួយសង្គ្រោះ​ជាតិ​ទាំងមូល ក្នុង​ការ​ចូល​ទៅក្នុង​តំបន់​ខ្មែរក្រហម ដែល​កាន់កាប់​ដោយ​អតីត​មេ​ខ្មែរក្រហម លោក​អ៊ី ឈាន និង​លោក​សុក ភាព នៅ​ឆ្នាំ​១៩៩៦ បើ​ទោះបី​មាន​ការហាមឃាត់​ពី​សំណាក់​ម្តាយ និង​ម្តាយ​ធំ​របស់​លោក​ក៏ដោយ​។ ​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​រម្លឹក​បែបនេះ នៅក្នុង​ឱកាស​ដែល​លោក​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​តំបន់​អតីត​សង្គ្រាម​ដ៏​ក្តៅគគុក នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​និយាយ​រម្លឹក​អំពី​គុណ​បំណាច់​របស់​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​ធ្វើ​ឲ្យ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​បាន​ទទួល​ជោគជ័យ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​រំលឹកថា បើ​គ្មាន លោក អ៊ី ឈាន និង លោក សុក ភាព ដែល​ជា​មេ​ទ័ព​របស់​ខ្មែរក្រហម​កាលនោះ​ចូលរួម​ទេ នយោបាយ​ឈ្នះ​ឈ្នះ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​មិន​នឹង​ទទួលបាន​ជោគជ័យ​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ដើម្បី​បើក​ការចរចា​បញ្ចប់សង្គ្រាម​។ ​អតីត​មេទ័ព​ខ្មែរក្រហម​២​រូប គឺ​លោក អ៊ី ឈាន បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង លោក សុក ភាព អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ បាន​គាំទ្រ និង​ចូលរួម​បះបោរ​ប្រឆាំងនឹង​ប៉ុលពត ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម អស់​លទ្ធភាព និង​ទទួល​យ​ការចរចា បញ្ចប់សង្គ្រាម​នាំមក​នូវ​សន្តិភាព​ដូច​សព្វថ្ងៃ​។ ទោះជា​យ៉ាងនេះក្តី នយោបាយ​ឈ្នះ​ឈ្នះ ក៏​ទទួលបាន​ការគាំទ្រ​ពី​គ្រប់ភាគី​ទាំងអស់​ផងដែរ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់ថា ប្រទេស​មួយចំនួន​មិន​ទាន់​បញ្ចប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ឡើយ​ទេ ដូចជា​នៅ​ប្រទេស​ហ្វីលីពីន មី​យ៉ាន់​ម៉ា និង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ តែ​កម្ពុជា​បាន​បញ្ចប់​ទាំងស្រុង ដែល​តំបន់​ម៉ាឡៃ និង​តំបន់​មួយចំនួន ចប់​នៅ​ឆ្នាំ​១៩៩៦ និង​ឈាន​ទៅ​ចប់​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​១៩៩៨​។​

​ប្រមុខ​រដ្ឋាភិបាល​ថ្លែងថា លោក​មាន​សមត្ថភាព​ក្នុងការ​រំលត់​ភ្លើងសង្គ្រាម ប៉ុន្តែ​លោក​មិន​មាន​សមត្ថភាព​ធ្វើ​ជា​គ្រូអាចារ្យ ក្នុងការ​ប្រដៅ​ណែនាំ​ក្រុមប្រឆាំង ដែល​ជា​ក្រុម​ជន​អគតិ​តែងតែ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ឲ្យ​ដើរ​មក​រក​ផ្លូវត្រូវ​វិញ​បានឡើយ​។ លោកនាយក​រដ្ឋមន្ត្រី​ថា សកម្មភាព​របស់​ក្រុម​ប្រឆាំង ដែល​មាន​មេ​ឧទ្ទាម​រត់ចោលស្រុក គឺជា​នយោបាយ​បំផ្លាញ​ជាតិ​ខ្មែរ​សុទ្ធសាធ ពោល​ពួកគេ​មិនមែន​ជា​ក្រុម ដែល​មាន​ទស្សនៈ​ជួយ​អភិវឌ្ឍន៍​ជាតិ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល​ថ្លែងបន្តថា បើ​ក្រុមប្រឆាំង​ប្រើ​នយោបាយ មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង បែបនេះ លោក​ក៏​មិន​អាច​បន្ត​រួមរស់ ជាមួយ​ពួកគេ​បានដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​សង្កត់ធ្ងន់​ថា លោក​មាន​សមត្ថភាពរ​ក​សន្តិភាព​ជូន​ពលរដ្ឋ​បាន​ប៉ុណ្ណឹង តែ​លោក​មិន​មាន​សមត្ថភាព រក​សន្តិភាព​ឲ្យ​ក្រុម​ប្រឆាំង​មួយ​ដែល​តែងតែ​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ទេ​។ លោកនាយក​រដ្ឋមន្ត្រី​ថា លោក​កាន់​តំណែង​តាមរយៈ​ការបោះឆ្នោត ដូច្នេះ​លោក​ចុះចេញ​ពី​តំណែង​ក៏​តាមរយៈ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ដូច​គ្នា​៕

 

ព័ត៌មានផ្សេងទៀត