លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងនៅស្ថានទូតអាមេរិក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំថ្ងៃខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង គឺមានការបញ្ជាមកពីសហរដ្ឋអាមេរិក។ ការអះអាងបែបនេះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឡើងនៅឱកាសដែលលោកចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
ប្រជាពលរដ្ឋ ដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខស្ថានទូតចិន ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតមួយចំនួនទៀតប្រចាំនៅកម្ពុជា ដើម្បីទាមទារឱ្យប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍សំខាន់ៗក្នុងកិច្ចព្រមព្រៀងជាអន្តរជាតិ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ តែការប្រមូលផ្ដុំតវ៉ានេះត្រូវបានអាជ្ញាធរក្រុងភ្នំពេញបំបែកការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរជិត២០នាក់ដែលព្យាយាមដាក់ញត្តិនៅស្ថានទូតចិនប្រចាំនៅកម្ពុជា។
មុនមួយថ្ងៃនៃការជួបជុំនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានថានឹងចាត់វិធានការចំពោះក្រុមអ្នកប្រមូលផ្តុំធ្វើបាតុកម្ម ដើម្បីរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ដោយសម្អាងថាកម្ពុជាកំពុងមានទុក្ខដោយសារគ្រោះទឹកជំនន់និងជំងឺកូវីដ១៩។ នៅក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការធ្វើបាតុកម្មតវ៉ានេះ គឺមានអ្នកបញ្ជាមកពីសហរដ្ឋអាមេរិក………….
សំឡេង៖
ចំណែកអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ ដែលបានរារាំង បង្ក្រាបដោយហិង្សា និងចាប់ប្រជាពលរដ្ឋដែលបានប្រមូលផ្ដុំ និងជួបជុំគ្នានៅមុខស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ ដើម្បីសម្ដែងមតិ អបអរសាទរ និងទាមទារឱ្យប្រទេសចិនគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ផងដែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយការធ្វើបាតុកម្មខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង ២៣ តុលា ១៩៩១ មិនមែនមានតែពលរដ្ឋនៅកម្ពុជាទេ ក្រៅពីពលរដ្ឋនៅក្នុងស្រុក ពលរដ្ឋខ្មែរនៅក្រៅប្រទេសវិញក៏ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី២៣តុលានេះដែរ ដូចជានៅប្រទេសបារាំង ប៊ែលហ្សិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក និងប្រទេសកាណាដាជាដើម។ បាតុករដែលភាគច្រើនជាសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសនោះ ពួកគេដាក់ញត្តិប្រឆាំងនឹងអ្វីដែលគេចោទថា មានវត្តមានកងទ័ពចិននៅកម្ពុជា៕