រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ និងជាសះស្បើយ៣នាក់

24-10-2020 11:55 am 336

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន០១នាក់ និងមានករណីព្យាបាលជាសះស្បើយចំនួន០៣នាក់។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិបារាំងអាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) នឹងបានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទីពីរ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ វិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរជម្រាបថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន៨៥នាក់ (ស្រី ២៦ នាក់ កុមារ០៣នាក់ និងទារក០៣នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិបារាំង អាយុ៣៧ឆ្នាំខាងលើ។

ជាមួយគ្នានេះ ក្រៅពីករណីអ្នកឆ្លងកូវីដ១៩ថ្មី ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីព្យាបាលឲ្យជាសះស្បើយថ្មីចំនួន០៣នាក់ផងដែរ ក្នុងនោះរួមមានទី១ បុរសជនជាតិឥណ្ឌូណេស៊ីអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរ នៅប្រទេសសាំងហ្គាពួរមកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា , ទី២ ជាបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា និងទី៣ ស្ត្រីជនជាតិបារាំងអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែតុលា។ 

អ្នកទាំង៣ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរជម្រាបថា គិតត្រឹម ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួនសរុប ២៨៧នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន០៤នាក់៕ 

 ពាក្យគន្លឹះ  កូវីដ១៩

ព័ត៌មានផ្សេងទៀត