លោក​ត្រាំ​ថា​លោក​បាយ​ដិនយក​កូវី​ដ​១៩​បន្លាច​ប្រជាជន​ឲ្យ​បោះឆ្នោតឲ្យ​លោក​

24-10-2020 11:20 am 1618

​វីរុស​កូវី​ដ​១៩​នៅតែ​ជា​ប្រធានបទ​ដ៏​ពេញនិយម នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ជាថ្មី​ម្តងទៀត​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​លោក​ត្រាំ ចំពោះ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។ បេក្ខជន​ប្រធានាធិបតី​វ័យ​៧៧​ឆ្នាំ​រូបនេះ បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​ថា ប្រសិនបើ​លោក​ទទួល​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ លោក​នឹង​ស្នើ​សភា​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី កូវី​ដ​១៩ ហើយនឹង​ប្រញាប់​ចុះហត្ថលេខា ក្នុងអំឡុងពេល​១០​ថ្ងៃ​ដំបូង នៃ​ការ​ឡើងកាន់តំណែង​ប្រធានាធិបតី​។ ថ្លែង​ចេញពី​ក្រុង​Wilmington រដ្ឋ​Delaware ដោយ​ការជឿជាក់​លើ​ការដាក់ចេញ​នូវ​គោលនយោបាយ​កូវី​ដ លោក​បាយដិន​អះអាងថា លោក​នឹងមិន​បិទ​សេដ្ឋកិច្ច និង​មិន​បិទ​ប្រទេស​ទេ តែ​លោក​នឹង​បិទ​មេ​រោគរាតត្បាត​នេះ​។​

​ចំណែក​លោក​ដូណាល់ ត្រាំ​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​សាធារណរដ្ឋ​វិញ នៅក្នុងពេល​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​នៅ​រដ្ឋ Florida បាន​រិះគន់​លោក​បាយ​ដិន ដែល​បាន​និយាយ​នៅលើ​វេទិការ​ជជែក​ដេញដោល​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ថា​អតីត​អនុ​ប្រធានាធិបតី​រូបនេះ កំពុង​ព្យាយាម​បំភ័យ​ប្រជាជន ដោយ​ការនិយាយ​ជ្រុល​ហួសហេតុ​ពី​ការគំរាមកំហែង​នៃ​វីរុស ដើម្បី​កន្ត្រាក់​អារម្មណ៍​ប្រជាជន​ឲ្យ​បោះឆ្នោតឲ្យ​លោក​។ លោក​ត្រាំ​អះអាង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ថា នឹង​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ក្នុងពេល​ឆាប់ៗ​។​

​ការ​ប្រជែង​គ្នា​ឃោសនា​ពី​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ ដោយ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​រូបនេះ ត្បិត​អាមេរិក​ជា​កន្លែង​ដែល​វីរុស​កូវី​ដ​១៩ រីក​រាលដាល​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ វីរុស​នេះ​បានសម្លាប់​ប្រជាជន​អាមេរិក​អស់​ជាង​២២​ម៉ឺន​៩​ពាន់​នាក់​ហើយ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ជាង​៨​លាន​៧​សែន​នាក់​។ ការស្លាប់​និង​ឆ្លង​ដោយ​វីរុស​កូវី​ដ​១៩ មិនទាន់​បញ្ចប់​ត្រឹមនេះ​ទេ​។ បើ​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វាស់វែង​និង​វាយតម្លៃ​សុខភាព នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា វីរុស​នេះ​អាច​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង​កន្លះ​លាន​នាក់​នៅ​សហរដ្ឋអាមេរិក នៅ​ចុង​ខែកុម្ភៈ​ឆ្នាំ ២០២១​។ ជាមួយគ្នា​នោះ​មនុស្ស​ប្រហែលជា​១៣​ម៉ឺន​នាក់ អាច​ត្រូវបាន​ជួយសង្គ្រោះ ប្រសិនបើ​មនុស្ស​គ្រប់រូប នាំគ្នា​ពាក់​ម៉ាស់​ការពារ​។​

​រហូត​មកដល់ពេលនេះ​មាន​ប្រជាជន​អាមេរិក​ជាង​៥០​លាន​នាក់​ហើយ បាន​ទៅ​បោះឆ្នោត​មុន​កំណត់​។ ការបន្ត​បញ្ជ្រាប​គោលនយោបាយ​ដោះស្រាយ​វិបត្តិកូ​វីដ​ពី​បេក្ខជន​ទាំង​ពីររូ​ប សម្រាប់ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់បាន​ទៅបោះ​ឆ្នោត​នៅឡើយ ពិចារណា សម្រេច​ជ្រើសរើស​បេក្ខជន​រូប​ណា ដែលមាន​សមត្ថភាព និង​ស័ក្តិសម​នឹង​មក​អង្គុយ​កៅអី នៅ​សេត​វិមាន​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​ខាងមុខនេះ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត