មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាទៅជួបលោកកឹម សុខាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជាជំនួបឯកជនធម្មតាមិនមានអ្វីចំឡែកនោះទេ។ ការលើកឡើងនេះបន្ទាប់ពីលោកPatrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមកជួបលោកកឹម សុខាជាថ្មីម្ដងទៀតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ដោយបានពិភាក្សាគ្នាទៅលើបញ្ហាមួយចំនួន។
អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិលោកកឹម សុខា បានឲ្យដឹងថា ក្នុងជំនួបក្រៅពីការសួរសុខទុក្ខរូបលោកនិងឯកអគ្គរដ្ឋទូតអាមេរិកក៏បានសំណេះសំណាលនិងពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ជាពិសេសបានពិភាក្សាផ្តោតលើផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩បញ្ហាគ្រោះទឹកជំនន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។
ក្នុងជំនួបនេះដែរPatrick Murphyក៏បានកោតសសើរនូវជំហរ និងសកម្មភាពរបស់លោកកឹមសុខាដែលមានការអត់ធ្មត់ ការចូលរួមសកម្មភាពនានាក្នុងសង្គមសេដ្ឋកិច្ច បរិស្ថាន សាសនាជាដើម ទោះមិនទាន់មានសេរីភាពពេញលេញក៏ដោយ ជាពិសេសសកម្មភាពចុងក្រោយ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
យ៉ាងណាក៏ដោយលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាមសម្រាប់អ្នកសារព័ត៌មាន បានសរសេរលើកឡើងថា ការជួបគ្នារវាងអតីតប្រធានគណបក្សប្រឆាំងជាមួយលោក Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺជារឿងឯកជនគ្មានរឿងអ្វីចំឡែកនោះទេ។ម្យ៉ាងទៀតលោកសុខ ឥសានក៏បានឆ្លើយតបទៅកាន់អ្នកវិភាគមួយចំនួន ដែលបានលើកឡើងថាលោកកឹម សុខាគ្មានទោសកំហុស ដោយអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ការនិយាយថាលោកកឹម សុខាគ្មានទោសគឺជាការរំលោភសិទ្ធិសាម៉ីជន និងរំលោភសិទ្ធិរបស់តុលាការ។
សូមជម្រាបថា លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០១៧ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ឬឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយសំណុំរឿងរបស់លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះរយៈពេលផងដែរ។ ប៉ុន្តែចាប់តាំងពីថ្ងៃទី២៥មីនា ឆ្នាំ២០២០មកសវនាការលើសំណុំរឿងរបស់អតីតមេបក្សប្រឆាំងរូបនេះត្រូវបានផ្អាកជាបន្តបន្ទាប់ដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ៖ឃួន សុភ័ក្រ