អឺរ៉ុប​កំពុង​បារម្ភ​​ដោយសារ​​ឆ្លងកូវី​ដ​​រលក​ទីពីរ​​ភាគច្រើន​​ទៅលើ​មនុស្សចា​ស់​

23-10-2020 4:08 pm 971
បច្ចុប្បន្នអឺរ៉ុប​កំពុងប្រឈមការឆ្លងកូវីដ-១៩ទៅលើមនុស្សចាស់

​អឺរ៉ុប​កំពុងតែ​ធ្លាក់​ក្នុង​រលក​ទី​ពីរ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ខណៈ​មនុស្ស​ចាស់​បាន​ក្លាយជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ករណី​ឆ្លង​ថ្មី​នេះ​។ ក្នុងអំឡុងពេល​រដូវ​ក្ដៅ​ប៉ុន្មាន​ខែ​មុន អឺរ៉ុប​មាន​ករណី​ឆ្លង​ទៅលើ​ក្រុមមនុស្ស​វ័យក្មេង  នៅពេល​ពួកគេ​នៅ​កម្សាន្ដ​នៅក្នុង​បា ភោជនីយដ្ឋាន និង​កន្លែង​សាធារណៈ​ផ្សេងៗ​។ ប៉ុន្ដែ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​អឺរ៉ុប​បានចេញ​ការព្រមាន​ថា នៅពេលនេះ​មាន​មនុស្ស​ចាស់​ជា​អ្នក​ឆ្លង​ច្រើន​ទៅវិញ​។ តាម​ការបញ្ជាក់​ឲ្យដឹង យ៉ាងហោចណាស់​១៣​ប្រទេស​នៅ​អឺរ៉ុប​ឃើញ​មាន​ករណី​ថ្មី​កើតឡើង​ទៅលើ​មនុស្ស​ចាស់​អាយុ​ចន្លោះ​ពី​៦៥​ឆ្នាំ​ឡើងទៅ​។ ការណ៍​នេះ​បាន​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារតែ​មនុស្ស​វ័យ​ចំណាស់​ប្រឈម​ខ្ពស់​នឹង​ការបាត់បង់​ជីវិត​។​

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ន​តំបន់​អឺរ៉ុប​មាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​សរុប​ជិត​៨​លាន​នាក់ និង​ស្លាប់​ជាង​២៤​ម៉ឺន​នាក់​។ បើ​គិតពី​ចំនួន​មនុស្ស​ឆ្លង​សរុប​ទូទាំង​ពិភពលោក​វិញ បាន​កើនឡើង​ដល់​ជាង​៤២​លាន​នាក់​ហើយ ស្លាប់​ជាង​១​លាន​នាក់​។ ប្រទេស​មាន​មនុស្ស​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ នៅតែ​ជា​សហរដ្ឋអាមេរិក​ដោយ​មាន​មនុស្ស​ឆ្លង​ជាង​៨​លាន​នាក់ និង​ស្លាប់​ជាង​២២​ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​worldometers៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត