លោក​ត្រាំ​និង​លោក​បាយដិន​បន្ដ​វាយប្រហារ​គ្នា​លើ​បញ្ហា​កូវី​ដនិង​ពាណិជ្ជកម្ម​

23-10-2020 2:14 pm 646

​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​ប្រជាធិបតេយ្យ បានបង្ហាញ​ការគាំទ្រ​ចំពោះ​វិធានការ​ចាក់សោរ​ប្រទេស ផ្ទុយ​ពី​លោក​ដូណាល់ ត្រាំ​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​សាធារណរដ្ឋ​ថា ស្ថាន​ភាពច្ចុប្បន្ន​ដល់ពេ​ល​ហើយ ដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​រឹត​ត្បឹត ព្រោះ​មនុស្ស​ភាគ​ជាច្រើន​ដែល​ឆ្លង​វីរុស​នេះ បាន​ជាសះស្បើយ​ហើយ​។ ម្យ៉ាង វ៉ាក់សាំង​មួយ​ប្រភេទ​នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុងពេល​ឆាប់ៗ​។ លោក​ថា​អាមេរិក​ជា​ប្រទេស​ដ៏​ធំ​មួយ និង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ប្រជាជន​កំពុងតែ​បាត់បង់​ការងារ អ្នកខ្លះ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ធ្លាក់ខ្លួន​ទៅ​ប្រព្រឹត្ត​រឿង​ផ្សេងៗ​ទៀត​ដែល​នាំឲ្យមាន​បញ្ហា មិន​ធ្លាប់មាន​ពីមុន​។ 

​លោក​បាយដិន​បន្តយក​វីរុស​កូវី​ដ​១៩ គាបសង្កត់​លោក​ត្រាំ​ទៀត ថា​អ្នក​ដែល​ទទួលខុសត្រូវ ចំពោះ​ការស្លាប់​ប្រជាជន​អាមេរិក​ជាង​២២​ម៉ឺន​នាក់ ដោយសារតែ​កូវី​ដ​១៩ មិនគួរ​នៅ​ធ្វើជា​ប្រធានាធិបតី​របស់​អាមេរិក​តទៅទៀត​ឡើយ​។ លោក​ត្រាំ​ថា លោក​បាន​ទទួលខុសត្រូវ​ទាំងស្រុង នៅក្នុង​ការដោះស្រាយ​វិបត្តិកូ​វីដ​១៩ ប៉ុន្តែ​វីរុស​កូវី​ដ​១៩​ដែល​កំពុងតែ​មាន​វត្ត​មាននៅ​អាមេរិក មិនមែនជា​កំហុស​របស់លោក​ដែល​នាំ​វា​មក​នោះទេ តែ​វា​ជា​កំហុស​របស់​ចិន​។ 

​ងាក​ចេញពី​កូវី​ដ​១៩ លោក​ត្រាំ ព្យាយាម​លាតត្រដាង​ពី​ភាពកខ្វក់ ដែល​លេច​ធ្លាយ​តាមរយៈ​សារ​អ៊ីមែល​កូនប្រុស​របស់លោក​បាយ​ដិន គឺ​លោក​ហាន់ធ័​រ បាយ​ដិន​។ លោក​ត្រាំ​បានលើកឡើង​ពី​បញ្ហា​នេះ តាំងពី​លោក​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៧​។ នោះ​គឺពាក់ព័ន្ធ​នឹង​ជំនួញ​ជួញដូរ​មិន​ត្រឹមត្រូវ​ជាមួយ​ចិន និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​មិន​ប្រក្រតី​ជាមួយ​អ៊ុ​យក្រែន ហើយ​លោក​បាយដិន​មានចំណែក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះដែរ​។ មិនមាន​ភ័ស្តុតាង​ណាមួយ​ត្រូវ​បានបញ្ជាក់ ដើម្បី​គាំទ្រ​ការចោទប្រកាន់​នេះ​ទេ ហើយ​លោក​បាយ​ដិន បាន​បដិសេធថា​ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន​។ លោក​បាន​ថ្លែង​ការពារ​ក្រុមគ្រួសារ​របស់លោក​និង​រូបលោក​ផ្ទាល់​ថា មិនបាន​យកប្រាក់​សូម្បីតែ​មួយ​កាក់​ពី​ប្រទេស​ណា​ឡើយ​។​

​មិន​បង្អង់​យូរ​លោក​បាយ​ដិន បាន​វាយបក​ទៅ​លោក​ត្រាំ​វិញ​ភ្លាមៗ ដោយ​យោងទៅតាម​ការចុះ​ផ្សាយ ដោយ​កាសែត​ដ៏​ល្បី​New York Times​ក្នុងពេល​ថ្មីៗ​នេះ ពី​រឿង​ដែល​លោក​ត្រាំ​មាន​គណនី​ធនាគារ​ចិន​។ ការណ៍​នេះ​ហាក់​បង្ហាញថា លោក​ត្រាំ​មាន​ទំនាក់ទំនង​រកស៊ី​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន តែ​បែរ​រិះគន់​អ្នកដទៃ​។ លោក​ត្រាំ​ដែលមាន​ដើមកំណើត​ជា​អ្នករកស៊ី បាន​ថ្លែង​ដូចជា​គ្មាន​ការភ្ញាក់ផ្អើល​ឡើយ​ថា លោក​មាន​គណនី​ធនាគារ​ច្រើន​ប្រភេទ ហើយ​បាន​បើក​ស្ទើរ​គ្រប់​ទីកន្លែង​។ មានន័យថា លោក​ជា​អ្នកជំនួញ មិនមាន​អ្វី​ប្លែក​ទេ​ដែលមាន​គណនី​ធនាគារ​បរទេស​ជាច្រើន​ក្នុង​ដៃ​។​

​នេះ​គ្រាន់តែ​ជា​ការលើកឡើង​ខ្លះៗ ក្នុងចំណោម​ប្រធានបទ​សំខាន់ៗ​ចំនួន​៦ ដែល​បាន​ស​ម្រឹត​សម្រាំង​ជាពិសេស នៅក្នុង​កម្មវិធី​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ផ្ទុយគ្នា​ពីរ​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​។ ក្រៅពី​បញ្ហា​កូវី​ដ​១៩ និង​បញ្ហា​រកស៊ី​ផ្ទាល់ខ្លួន បេក្ខជន​ទាំងពីរ បាន​ជជែក​វែកញែក​គ្នា​ផងដែរ លើ​បញ្ហា​ការរើសអើង​ជាតិ​សាសន៍​, បម្រែបម្រួល​អាកាសធាតុ​, សន្តិសុខ​ជាតិ និង​ភាពជា​អ្នកដឹកនាំ​។​

​ការជជែក​ដេញដោល​នេះ ចាត់ទុកជា​យុទ្ធនាការ​ទាក់ទាញ​អ្នកគាំទ្រ ដែល​នៅ​មិនទាន់​សម្រេចចិត្តថា​បោះឆ្នោតឲ្យ​បក្ខជ​នរូប​ណានៅ​ឡើយនោះ ពិចារណា​ទម្រាំ​តែ​ការបោះឆ្នោត​ជា​ផ្លូវការ​ឈានចូល​មកដល់​។ សូមបញ្ជាក់​បន្តិច​ថា ត្បិត​ការបោះឆ្នោត​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ ប៉ុន្តែ​មាន​ប្រជាជន​ជាង​៤៧​លាន​នាក់​ហើយ​បាន​បោះឆ្នោត​មុនពេល​កំណត់ ធ្វើឡើង​តាមរយៈ​ប្រអប់​សំបុត្រ​ឬ​អ៊ី​ម៉ែ​ល​។​

​ជា​ការកត់សំគាល់ នៅក្នុង​ការជជែក​ដេញដោល​លើកចុងក្រោយ មាន​របៀបរៀបរយ​ជាង​លើក​ទី​១ ដែល​ប្រព្រឹត្តទៅ​កាលពី​ចុង​ខែកញ្ញា​ឆ្នាំ​២០២០​។ កាលនោះ​បេក្ខជន​ទាំងពីរ បាន​និយាយ​កាត់​គ្នា​ទៅវិញទៅមក តែ​លោក​ត្រាំ​រំខាន​លោក​បាយដិន​ច្រើនជាង ហើយ​អ្នក​ទាំងពីរ​ថែមទាំង​ប្រើពាក្យ​មិន​សមរម្យ​ប្រមាថ​គ្នា​ផងដែរ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការជជែក​ដេញដោល​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ យ៉ាងណា នៅក្នុង​ការជជែក​ដេញដោល​លើកចុងក្រោយ​នេះ មាន​ការកំណត់​តឹងរ៉ឹង​ជាង​មុន ដើម្បី​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ ចៀសវាង​រង​នូវ​ការរិះគន់​។ នៅក្នុង​នោះ​ប៊ូ​តុង​ម៉ៃក្រូ​ហ្វូន​ត្រូវបើក​សម្រាប់តែ​បេក្ខជ​នណា ដែល​ដល់​វេន​និយាយ​ប៉ុណ្ណោះ ហើយ​បេក្ខជន​ម្នាក់ៗ​មាន​ពេល​២​នាទី ដើម្បី​ឆ្លើយ​សំណួរ​របស់​អ្នកស្រី​Kristen Welker នៃ​ទូរទស្សន៍​NBC News ដែលជា​អ្នកសម្របសម្រួល​ក្នុង​ការជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត