មនុស្សគ្រប់គ្នាបានដឹងបានលឺថា តាំងពីស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកដូណាល់ ត្រាំប្រធានាធិបតីទី៤៥របស់អាមេរិក បានប្រើគោលនយោបាយ “អាមេរិកដំពូងគេ” ឬ “America First” ក្នុងបំណងធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត។ និយាយឲ្យងាយយល់គោលនយោបាយនេះអាចថាលោកត្រាំអាត្មានិយមបន្ដិច ព្រោះលោកសំដៅយកផលប្រយោជន៍ជាតិសាសន៍អាមេរិក សំខាន់ជាងជាតិសាសន៍ណាៗទាំងអស់។ គោលនយោបាយ“America First” ក៏បានជំរុញឲ្យលោកត្រាំធ្វើរឿងប៉ះពាល់ដល់អារម្មណ៍សម្ព័ន្ធមិត្ដមួយចំនួនផងដែរ តួយ៉ាងករណីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាក្នុងឆ្នាំ២០១៥ ជាកិច្ចព្រមព្រៀងចំណាយពេលជាង១ទសវត្សទើបឯកភាពគ្នា។ ក្រៅពីនេះលោកបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងភាពជាដៃគូអន្ដរ-ប៉ាស៊ីហ្វិក ពីអង្គការយូនេស្កូ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបានប្រកាសដកអាមេរិកចេញពីអង្គការសុខភាពពិភពលោកថែមទៀត ក្រោយចោទថាអង្គការមួយនេះថាមាននិន្នាការលម្អៀងទៅរកចិន។ ទាំងនេះសុទ្ធតែធ្វើឲ្យប្រទេសសម្ព័ន្ធមិត្ដមិនសប្បាយចិត្ដ ហើយចាប់ផ្ដើមស្ទាក់ស្ទើរក្នុងការបន្ដកិច្ចសហប្រតិបត្ដិការជាមួយអាមេរិកទៅមុខទៀត។
និយាយពីប្រទេសចិន លោកត្រាំបានបន្ទោសខ្លាំងៗទៅលើគូប្រជែងយក្សមួយនេះ ក្រៅតែពីរឿងរ៉ាវនយោបាយ លោកបានដាក់សម្ពាធយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច រហូតផ្ទុះសង្គ្រាមពាណិជ្ជកម្មក្នុងឆ្នាំ២០១៨បន្ដរហូតដល់បច្ចុប្បន្នដោះស្រាយមិនទាន់ចេញ។ លោកត្រាំចោទថាធ្វើពាណិជ្ជកម្មជាមួយចិនខាតបង់ ព្រោះគ្មានតុល្យភាពដោយសារចិនលួចកេងចំណេញ ហើយក្រុមចិនបានទាំងលួចយកកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនធំៗរបស់អាមេរិកទៀត។ លោកត្រាំចាប់ផ្ដើមចាត់វិធានការរឹតបន្ដឹងលើការរកស៊ីជាមួយចិន និងបានប្រកាសកៀរគរឲ្យក្រុមហ៊ុនអាមេរិកវិលមកបោះទីតាំងនៅក្នុងស្រុកវិញ ដើម្បីបង្កើតការងារសម្រាប់ពលរដ្ឋអាមេរិកស្របតាមគោលនយោបាយ“America First”។ ជារួមលោកត្រាំមិនគាំទ្រឲ្យក្រុមហ៊ុនអាមេរិកចាប់ដៃជាមួយចិនទេ លុះត្រាតែជាការរកស៊ីដោយស្មើភាពគ្មានលួចកេងប្រវ័ញ្ច។
និយាយដាក់បន្ទុកលើការរកស៊ីជាមួយចិន ហើយថ្មីៗនេះបានទាំងវាយប្រហារលើបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកចូ បាយដិនផង ដោយលើកឧទាហរណ៍កូនប្រុសលោកបាយដិនផ្ទាល់ គឺលោកហាន់ធ័រ បាយដិន ថាមានទំនាក់ទំនងរកស៊ីមិនត្រឹមត្រូវជាមួយចិន ហើយថាលោកបាយដិនមានគោលនយោបាយឱនលំទោនខ្លាំងពេកទៅរកចិន ប៉ុន្ដែលោកត្រាំខ្លួនឯងផ្ទាល់ក៏ត្រូវបានគេរកឃើញថាបានរកស៊ីជាមួយចិនច្រើនឆ្នាំ និងមានគណនីធនាគារនៅក្នុងប្រទេសចិនថែមទៀត។ តើនេះជាការពិតឬយ៉ាងណា?
បើតាមរបាយការណ៍ព័ត៌មានចេញផ្សាយដោយកាសែតNew York Times លោកដូណាល់ ត្រាំពិតជាមានគណនីធនាគារចិន ហើយបានចំណាយពេលជាច្រើនឆ្នាំបន្ដមុខជំនួញនៅក្នុងប្រទេសចិន។ គណនីធនាគារនោះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរបស់លោកមានឈ្មោះថាTrump International Hotels Management ហើយត្រូវបានប្រើប្រាស់សម្រាប់បង់ពន្ធនៅចិនចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។ New York Timesបញ្ចេញគណនីធនាគារចិន បន្ទាប់ពីទទួលបានរបាយការណ៍បង់ពន្ធរបស់លោកត្រាំ ដែលក្នុងនោះមានទាំងព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួននិងក្រុមហ៊ុន។ កន្លងមកកាសែតនេះធ្លាប់បង្ហាញឲ្យដឹងថា ក្រោយជាប់ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ២០១៦និង២០១៧ លោកត្រាំបានបង់ពន្ធមួយឆ្នាំតែ៧៥០ដុល្លារប៉ុណ្ណោះ។
គណនីធនាគារចិនរបស់លោកត្រាំ បានចំណាយរហូតដល់១៨៨,៥៦១ដុល្លារសម្រាប់ការបង់ពន្ធនៅចិន។ កាសែតNew York Timesនៅបញ្ជាក់ទៀតថា លោកត្រាំបានវិនិយោគយ៉ាងតិចណាស់ក៏ជាង១៩ម៉ឺនដុល្លារដែរក្នុងក្រុមហ៊ុនតូចៗចំនួន៥ ដែលបង្កើតឲ្យមានឱកាសពិសេសដើម្បីបន្ដគម្រោងពាណិជ្ជកម្មនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ។ កិច្ចខិតខំប្រឹងប្រែងលើការងាររកស៊ីនេះ លោកត្រាំបានពន្លឿនខ្លាំងក្នុងឆ្នាំ២០១២ ជាមួយនឹងការបើកការិយាល័យមួយនៅសៀងហៃ។ រីឯក្រុមហ៊ុនទាំង៥ដែលមានទំនាក់ទំនងរកស៊ីជាមួយលោកត្រាំបានអះអាងថា យ៉ាងហោចណាស់ទឹកប្រាក់ចំនួន៩៧,៤០០ដុល្លារ ត្រូវបានចំណាយក្នុងការរកស៊ីគិតតាំងពីឆ្នាំ២០១០ ក្នុងនោះមានខ្លះសម្រាប់ការបង់ពន្ធ និងខ្លះសម្រាប់ចំណាយផ្នែកគណនេយ្យគិតត្រឹមឆ្នាំ២០១៨។ ប៉ុន្ដែផែនការវិនិយោគរបស់លោកត្រាំភាគច្រើន ត្រូវបានជំរុញដោយក្រុមហ៊ុនTrump International Hotels Management តាមរយៈម្ចាស់កម្មសិទ្ធិផ្ទាល់នៃក្រុមហ៊ុនចិនTHC China Development។
ដូច្នេះ ការបង្ហាញឲ្យដឹងរបស់កាសែតNew York Times ចង់ឬមិនចង់លោកត្រាំពិតជាត្រូវរងនូវភាពអាម៉ាស់មួយ ព្រោះលោកបានព្យាយាមប្រាប់ទៅអ្នកដទៃកុំឲ្យពាក់ព័ន្ធឬពឹងផ្អែកលើចិន តែលោកខ្លួនឯងបែរជាបានរកស៊ីជាមួយចិនទៅវិញ ដូចពាក្យគេថាខ្លួនឯងធ្វើមិនបានផងហ៊ានទៅណែនាំគេ។
លោកDan Harrisមេធាវីមានបទពិសោធន៍ផ្នែកធ្វើជំនួញជាមួយចិនបាននិយាយថា ការបង្កើតគណនីធនាគារនៅក្នុងប្រទេសចិនធ្លាប់មានភាពងាយស្រួល ហើយក៏មិនមែនជារឿងចម្លែកដែរសម្រាប់ក្រុមហ៊ុនដែលចង់បង្កើត។ ប៉ុន្ដែព័ត៌មានលម្អិតនៅតែពុំត្រូវបានលាតត្រដាង គ្រាន់តែថាវាហាក់ដូចជាគណនីធនាគារលោកត្រាំត្រូវបានបង្កើតឡើងក្នុងគោលបំណងរកស៊ី វាអាចជាការគ្រប់គ្រងដោយសហគ្រាសបរទេស ឬក៏ជាការវិនិយោគជាមួយដៃគូចិនដែលគេមិនស្គាល់។ ក្នុងករណីនេះ ការដែលមានគណនីធនាគារមិនត្រឹមតែមានភាពស្របច្បាប់ប៉ុណ្ណោះទេ វាក៏ត្រូវបានគេណែនាំឲ្យធ្វើផងដែរ។ លោកHarrisបន្ដថា ប្រហែលជាលោកត្រាំកំពុងធ្វើប្រតិបត្ដិការដោយស្របច្បាប់១០០ភាគរយនៅក្នុងប្រទេសចិន ប៉ុន្ដែមិនបង្ហាញឲ្យគេដឹងដោយគិតថាអាចជះឥទ្ធិពលអាក្រក់ដល់លោក។
ឆ្លើយតបព័ត៌មានដែលទម្លាយដោយកាសែតNew York Times លោកAlan Gartenមេធាវីតំណាងក្រុមហ៊ុនលោកត្រាំបានបញ្ជាក់ថា របាយការណ៍នេះគឺជាការប្រមើលមើលដោយមិនគ្រប់ជ្រុងជ្រោយ និងជាការសន្មត់ដែលមិនត្រឹមត្រូវ។ លោកគូសបញ្ជាក់ថាក្រុមហ៊ុនTrump International Hotels Management បានបើកគណនីធនាគារជាមួយធនាគារចិនដែលមានការិយាល័យនៅក្នុងសហរដ្ឋអាមេរិក ដើម្បីសម្រាប់ចំណាយលើការបង់ពន្ធក្នុងប្រទេសចិន។ ក្រុមហ៊ុនបានបើកគណនីធនាគារនេះបន្ទាប់ពីបើកការិយាល័យមួយនៅក្នុងប្រទេសចិន ជាការិយាល័យប្រើស្វែងរកកិច្ចព្រមព្រៀងផ្នែកសណ្ឋាគារក្នុងតំបន់អាស៊ី។ ប៉ុន្ដែចាប់តាំងពីបិទទ្វារក្នុងឆ្នាំ២០១៥មក ពុំមានការធ្វើប្រតិបត្ដិការឬសកម្មភាពជំនួញតាមរយៈគណនីធនាគារនេះទៀតទេ។ ទោះបីគណនីធនាគារនៅបន្ដបើក តែមិនដែលប្រើប្រាស់ក្នុងគោលបំណងណាមួយឡើយ។
គួរជម្រាបជូនថា លោកត្រាំមានផលប្រយោជន៍អាជីវកម្មច្រើនណាស់ទាំងនៅអាមេរិកនិងនៅបរទេស។ ទាំងនោះរួមបញ្ចូលទាំងក្រុមហ៊ុនវាយកូនហ្គោលនៅស្កុតលែន នៅអៀរឡង់ រួមជាមួយការរកស៊ីផ្នែកសណ្ឋាគារលំដាប់ផ្កាយ៥ជាច្រើនទៀត។ លោកត្រាំក៏មានគណនីធនាគារនៅអង់គ្លេស និងអៀរឡង់ផងដែរក្រៅពីនៅចិន៕(ដោយ៖ពេញ ផេង)