លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើសារអបអរសាទរខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា។
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ថា ២៩ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។
ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕