២៣ តុលា កិច្ចព្រមព្រៀងក្រុងប៉ារីស ជាព្រឹត្តិការណ៍ រំលឹកដល់ប្រជាពលរដ្ឋខ្មែរ ពីទុក្ខវេទនាដោយសារតែភ្លើងសង្គ្រាម និងសារៈសំខាន់ នៃសុខសន្តិភាព ដែលត្រូវតែរួមគ្នាការពារ និងរក្សាឲ្យបាន។ មុននឹងទទួលបានសន្តិភាព មកដល់បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា បានហែលឆ្លងកាត់ភ្លើងសង្គ្រាម ដ៏រ៉ាំរ៉ៃជិត២ទស្សវត្សរ៍ រស់នៅដោយភាពភ័យខ្លាច។ តើកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ មានប្រវត្តិយ៉ាងណាខ្លះនោះ?
ថ្ងៃទី២៣ តុលា ឆ្នាំ២០20នេះ គឺជាខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានភាគីជម្លោះកម្ពុជាចំនួន៤ បានចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង២ទសវត្សរ៍មក។
តាមរយៈកិច្ចព្រមព្រៀង ២៣ តុលានេះ ទើបបានធ្វើឲ្យកម្ពុជាមានលទ្ធភាព កសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ។
ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឲ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ។
កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានមតិជាច្រើនលើកឡើងខុសៗគ្នា ដោយមតិខ្លះ បានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់ នៃសង្គ្រាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយមួយចំនួន បកស្រាយក្នុងរូបភាពផ្សេងៗគ្នា ក្នុងហេតុផលកេងចំណេញនយោបាយ។កន្លងមក អតីតបក្សប្រឆាំង ធ្លាប់បានអះអាងថា ស្មារតី នៃកិច្ចព្រមព្រៀង ២៣ តុលា មិនទាន់ត្រូវបានអនុវត្ត បានល្អនៅឡើយ ជាពិសេសក្នុងវិស័យនយោបាយ និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។
ខាងក្រោមនេះ ជាប្រវត្តិសង្ខេប នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា៖
រដ្ឋប្រហារ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០ បានបញ្ឆេះភ្លើង សង្គ្រាមស៊ីវិល ឲ្យឆាបឆេះយ៉ាងរាលដាលពាសពេញប្រទេសកម្ពុជា។ ដោយមានសម្តេចឳ នរោត្តម សីហនុ ជាព្រះប្រមុខ របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បានចូលកាន់កាប់ ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើង នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ១៩៧៨ ហើយរណសិរ្ស ២ ធ្នូ បានផ្តួលរំលំ របបខ្មែរក្រហម នៅថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្ត វៀតណាម ។
ចាប់ពីពេលនោះទៅ សង្គ្រាមនៅកម្ពុជា ហាក់ដើរដល់របត់ ឬដោយសារ ហេតុផលថ្មីមួយទៀត គឺសង្គ្រាមពេលនោះ ដោយសារជម្លោះរបស់ភាគីធំៗចំនួន ៤ គឺទី១. ភាគីរដ្ឋកម្ពុជា ឬរបបក្រុងភ្នំពេញ របស់រណសិរ្យ ២ ធ្នូ ដែលមានការជ្រោមជ្រែងពី កងទ័ពវៀតណាម, ២.ភាគីចលនាអ្នកតស៊ូខ្មែររាជានិយមហ្វ៊ុនស៊ុនប៉ិចរបស់សម្តេច សីហនុ, ៣.ភាគីរណស្សិជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន និង ៤. ភាគីកម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហម ។ ភាគីទាំង ៣ ឬត្រីភាគី ហាក់ឈរនៅលើទស្សនៈស្របគ្នា ដោយពួកគេ លើកហេតុផលថា ពួកគេធ្វើសង្គ្រាមប្រឆាំងរបបក្រុងភ្នំពេញគឺដើម្បីបណ្តេញ កងទ័ពវៀតណាម ចេញពីកម្ពុជា។ ចំណែករបបក្រុងភ្នំពេញ លើកហេតុផលថា ធ្វើសង្គ្រាមប្រឆាំងភាគីទាំង ៣ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យ ពូជសាសន៍ ។
ដោយនឿយណាយនឹងសង្គ្រាម ដែលបានបំផ្លិចបំផ្លាញ និងនាំមកនូវទុក្ខសោកវិនាស ព្រាត់ប្រាស់ ហិនហោចខ្លោចផ្សារ ដល់ប្រជាពលរដ្ឋ អស់រយៈពេលជិត ២០ ឆ្នាំមក ក៏មានជំនួបរវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគី និងលោក ហ៊ុន សែន តំណាងភាគីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុង ហ្វែរអង់តាដឺន័រ ប្រទេសបារាំង ។
ជំនួបលើកទី១ នោះ បានបើកផ្លូវឲ្យមានជំនួបជាបន្តបន្ទាប់ទៀត រវាងភាគីជម្លោះទាំង ៤ ជាពិសេសរវាងលោក ហ៊ុន សែន ដែលកាលណោះ កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋកម្ពុជាផង និង សម្តេចឳ នរោត្តម សីហនុ ។
ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុង ហ្វែរអង់តាដឺន័រ នោះមក កិច្ចចរចារវាង លោក ហ៊ុន សែន សម្តេចឳ នរោត្តម សីហនុ ត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ រហូតឈានដល់កិច្ចចរចារកសន្តិភាពទីក្រុងប៉ារីស លើកដំបូង ចាប់ផ្តើមជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ១៩៨៩ ។
មួយខែក្រោយមក គឺនៅខែកញ្ញា ឆ្នាំ១៩៨៩ ការដកកងទ័ពវៀតណាមចេញពីកម្ពុជា ត្រូវបានធ្វើឡើង ដែលបានសេចក្តីថា ខាងត្រីភាគី គួរតែអស់ហេតុផលអ្វី ដើម្បីធ្វើសង្គ្រាមទៀតហើយ ពោលគឺសង្គ្រាមនៅកម្ពុជា គួរតែត្រូវបានបញ្ចប់នាពេលនោះ ។
ពេលនោះ ភាគីក្រុងភ្នំពេញ អះអាងថា កងទ័ពវៀតណាម ដកចេញពីកម្ពុជា អស់ហើយ ប៉ុន្តែភាគី ៣ ផ្សេងទៀត បានទទូចថា កាលរលើកឡើងរបស់របបក្រុងភ្នំពេញ គឺជាភាព មិនស្មោះត្រង់ ពោលគឺពួកគេអះអាងថា នៅតែមានវត្តមានកងទ័ព និងអ្នកជំនាញ ការរបស់វៀតណាម នៅលើកទឹកដីកម្ពុជា នៅឡើយ ។
ហេតុនេះ ទើបខាងត្រីភាគី មិនបានបញ្ឈប់សង្គ្រាមប្រឆាំងរបបក្រុងភ្នំពេញឡើយ ទើបសង្គ្រាមនៅកម្ពុជា នៅតែបន្ត ហើយខាងភាគីក្រុងភ្នំពេញ លើកឡើងថា ខាងត្រីភាគី ធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជនកម្ពុជាខ្លួនឯង ហើយថា ខាងត្រីភាគីប៉ុនប៉ងនាំយករបប ប្រល័យពូជសាសន៍ មកកម្ពុជាវិញ ។
បន្ទាប់ពីការធ្វើសង្គ្រាមប្រឆាំងគ្នា ទៅវិញទៅមក មិនឈ្នះមិនចាញ់មួយរយៈទៀតមក ភាគីជម្លោះទាំង ៤ បានព្រមគ្នា វិលចូលតុចរចារកសន្តិភាពម្តងទៀតនៅឆ្នាំ១៩៩១ ដោយមានការជំរុញពីមហាអំណាចទាំង ៥ និង មានប្រទេសផ្សេងៗ ជាសាក្សី។
ទីបំផុត ភាគីជម្លោះទាំង ៤ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ផ្សេងទៀត ធ្វើជាសាក្សី ក្នុងនោះប្រទេសបារាំង និង ឥណ្ឌូនេស៊ី ធ្វើជាសហប្រធាន នៃសន្និសីទនោះ។
ជាការពិតណាស់ ការសម្រេចបាននូវដំណោះស្រាយជម្លោះ នៅកម្ពុជា នាពេលនោះ ត្រូវបានគេពណ៌នាថា មានការលំបាកយ៉ាងខ្លាំង និង បានចំណាយពេលវេលាជាច្រើនឆ្នាំ ហើយការសម្រេចបានពេលនោះ គឺដោយសារកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ។
លោក ហ៊ុន សែន បានដង្ហែសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុប្រទេសវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយកម្ពុជា បានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ បើទោះបីជាភាគីកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម មិនបានចូលរួមក៏ដោយ ។
ស្មារតី ឬខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ ការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធ នៅក្នុងជួរទ័ព នៃភាគីជម្លោះទាំងអស់ ហើយក៏ដើម្បីការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភ បំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា ៕