កម្ពុជា​ពុំ​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​និង​ពុំ​អ្នក​ជាសះស្បើយ​

23-10-2020 8:58 am 174

ក្រសួង​សុខាភិបាល​តាម​រយៈ​សេចក្ដី​ជូន​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០២០ កម្ពុជា​ពុំ​បាន​រកឃើញ​ទាំង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី និង​អ្នកជំងឺ​ព្យាបាល​ជា​សះស្បើយ​ថ្មី​។ ប្រការ​នេះ​នាំ​ឲ្យ​អ្នកឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​ថេរ​នៅ ២៨៦​នាក់ និង​អ្នក​ជាសះស្បើយ​សរុប​មាន ២៨០​នាក់ ខណៈ​មាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ០៦​នាក់​។​

​គួរបញ្ជាក់​ថា អ្នកជំងឺ​ទាំង​៦​នាក់​ដែល​កំពុង​សម្រាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បុរស​ជនជាតិ​ខ្មែរ​២​នាក់ ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ និង​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣​តុលា​នេះ កម្ពុជា​មាន​ចំនួន ១៤​ខេត្ត​ក្រុង ដែល​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដោយ​ទាំង​១៤​ខេត្ត​ក្រុង​នេះ​រួមមាន នៅ​រាជធានី​ភ្នំពេញ​មាន​១៨១​នាក់ ខេត្ត​ព្រះសីហនុ​៤០​នាក់ សៀមរាប​៩​នាក់ កំពង់ចាម​១៦​នាក់ បាត់ដំបង​៩​នាក់ ព្រះវិហារ​២​នាក់ បន្ទាយមានជ័យ​៥​នាក់ កំពង់ឆ្នាំង​៣​នាក់ កំពត​២​នាក់ ត្បូងឃ្មុំ​៨​នាក់ កែប​៤​នាក់ កោះកុង​២​នាក់ កណ្ដាល​២​នាក់​និង​ខេត្ត​កំពង់ស្ពឺ​ចំនួន​៣​នាក់​។​

​យ៉ាងណាក៏ដោយ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួង ពិសេស​ពេល​នៅ​ទី​សាធារណៈ​ត្រូវ​ពាក់​ម៉ាស់​គ្រប់ពេល​។ ត្រូវ​មាន​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល​ឬ​ជែល​សម្លាប់​មេរោគ​។ រក្សា​គម្លាត​ឲ្យបាន​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​ចន្លោះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​ឬ​វីរុស​កូវី​ដ​-១៩ ខណៈ​ជំងឺ​នេះ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​ឬ​វ៉ាក់សាំង​ការពារ​ផ្លូវការ​នៅឡើយ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត