+.ប្រភពនៃពាក្យ«មហោរី»
ប្រភពនៃពាក្យដែលហៅថា«មហោរី» គឺកើតចេញមកពីពាក្យសំស្រឹ្កត។បើតាមភាសាសំស្ក្រឹត «មហោរី»ហៅថា«មនោហារាមនោហារី» ដែលជាវង់ភ្លេងមួយមានឧបករណ៍ច្រើនមុខ ប្រគំដោយបុរសនិងនារីហើយក៏មានរូបចម្លាក់នៅតាមថែវអង្គរ ដោយអ្នកប្រគំភ្លេង មនោហារា មនោហារី នេះ នៅពេលប្រគំក៏មានគេបាំងក្លោះឱ្យផងដែរ ។
យោងតាមការស្រាវជ្រាវនូវពាក្យសំស្ក្រឹតមនោហារាមនោហារី គឺមានសិលាចារឹកនៅប្រាសាទប្រែរូប នាសតវត្សទី៩ និងនៅលើផ្ទាំងសិលាចារឹកមួយទៀត នាសតវត្សទី១០ ដែលលោកហ្ស៊ក សេដែស ជនជាតិបារាំងបានសិក្សាស្រាវជ្រាវរកឃើញពាក្យ «មនោហារាមនោហារី» នេះ ហើយបានក្លាយទៅជា«មហោរី» មកដល់សព្វថ្ងៃតែម្តង ។ ជាការកត់សម្គាល់ វង់តន្ត្រីមហោរីនេះ ចំនេរក្រោយមក ក៏មានការរីកចម្រើនកាន់តែល្បីសុះសាយឡើង ដែលអ្នកប្រគំវង់ភ្លេងនេះ មានសុទ្ធតែនារីៗផងដែរ ។
+.ប្រវត្តិវង់ភ្លេងមហោរី
តាមការពិនិត្យ និងស្រាវជ្រាវវង់តន្ត្រីនេះ ជាវង់ភ្លេងអ្នកប្រាជ្ញ មានប្រភពកើតឡើងពីក្នុងព្រះបរមរាជវាំង ដែលអ្នកប្រាជ្ញជុំវិញស្តេចជាអ្នករួមចំណែកបង្កើតឡើង។នៅទូទាំងព្រះរាជាណាចក្រកម្ពុជា វង់ភ្លេងនេះមិនសូវសំបូរទេ ហើយមានច្រើនតែនៅក្នុងរាជធានី ទីរួមខេត្ត ស្រុក ឃុំ មានមួយៗ ប៉ុន្តែទឹកដៃសម្តែងនៅមានកម្រិតនៅឡើយ ដោយឡែក មាននៅតាមដំណាក់ព្រះអង្គម្ចាស់ ផ្ទះមន្ត្រីធំៗ មានមេទ័ពជាដើម ។ ឯប្រជារាស្ត្រមានតិចតួចបំផុត។
+.លក្ខណៈពិសេសនៃវង់ភ្លេងមហោរី
វង់ភ្លេងមហោរី គឺជាវង់ភ្លេងមួយដែលមានក្បួនខ្នាត ជាក់លាក់ច្បាស់លាស់ទាំងសាច់បទ ទាំងចង្វាក់ ទាំងសំនៀង ទាំងពាក្យពេចន៍នៃចម្រៀង ប្រកបដោយកំណាព្យកាព្យជួនរស់រវើកយ៉ាងប្រណិត ។ សំឡេង និងសំនៀងស្រទន់រំភើប លន្លង់លន្លោច អណ្តែងគ្រលួច មូលក្រអួន ។ពេលបានស្តាប់ទៅហាក់ច្រើនលើកពីអ្វីៗដែលមានពិតនៅក្នុងខ្លួនមនុស្ស អ្វីដែលមើលឃើញច្បាស់នឹងភ្នែក មានការប្រៀបធៀបទៅនឹងឧបមាណវិធី មានការសរសើរពីធម្មជាតិ ពីមេឃ ផ្កាយ ព្រះចន្ទ បារមី ពីព្រះទ័យសន្តោសនៃព្រះមហាក្សត្រ ពីមន្ត្រី ពីសម្រស់នារី ពីខ្យល់បក់ព្រៃព្រឹក្សា ពីមច្ឆាជាតិ ពីរលកពពករសាត់ ដែលទាំងនេះ ហាក់បានទាញនូវមនោ សញ្ចេត នារម្មណ៍ឱ្យអណ្តែតអណ្តូង ស្រមើស្រម៉ៃ ក្នុងក្តីសង្ឃឹមឱ្យមកបម្រើនូវជីវិតពិតឱ្យសុខផ្លូវកាយ ផ្លូវចិត្ត ឬអាចបែរឆ្ពោះទៅរកភាពត្រេកត្រអាល និងកាមគុណផង ។កត្តាទាំងនេះ ក៏ព្រោះតែអ្នកប្រគំ ឬសម្តែងក្នុងវង់ភ្លេងនេះ សុទ្ធតែមានសមត្ថភាពកម្រិតខ្ពស់ ឯអ្នកនិយមចូលចិត្តស្តាប់វិញ ក៏សុទ្ធតែមានការចេះដឹងជ្រៅជ្រះ ។តន្ត្រីមហោរីនេះ មិនទាមទារតែទៅលើភ្នែក ឬត្រចៀកប៉ុណ្ណោះទេ គឺទាមទារទៅលើខួរក្បាលពោរពេញទៅដោយចំណេះគ្រប់បែបយ៉ាងផងដែរ។
ជារួមយើងអាចនិយាយបានថា ពេលណាគេកំពុងស្តាប់ ឬក្រោយពីពេលស្តាប់ភ្លេងនេះ នឹងធ្វើឱ្យអារម្មណ៍របស់គេនឹកមមៃ បន្តមិនចេះចប់ ព្រោះតែពិរោះនូវសោភ័ណរបស់បទនីមួយៗ បានបង្ហាញជាក់ស្តែងច្បាស់ពីលក្ខណៈបច្ចេកទេស នៃឧបករណ៍នីមួយៗ ដែលកំពុងប្រគំមានពាក់ព័ន្ធរវាងផ្លូវឧបករណ៍ និងទេពកោសល្យ ទឹកដៃបញ្ជាឧបករណ៍ ។
+.ភារកិច្ចធំៗពីររបស់វង់ភ្លេងមហោរី
វង់តន្ត្រីមហោរីមានភារកិច្ចចំនួនពីរធំៗ គឺ៖
ទី១.សម្រាប់ប្រគំបម្រើក្នុងវង់ល្ខោនមហោរី
ទី២. សម្រាប់ប្រគំអបអរសាទរគោរពក្នុងព្រះរាជពិធីបួងសួង ពិធីចុះផែ អកអំបុកសំពះព្រះខែ ឬពិធីជប់លៀងទទួលភ្ញៀវរដ្ឋ និងសម្រាប់ប្រគំកំដរក្នុងវង់ភ្លេងគែន។
+.ឧបករណ៍សម្រាប់ប្រគំក្នុងវង់ភ្លេងមហោរី
ឧបករណ៍តន្ត្រីមហោរី មានដូចជា៖ រនាតឯក រនាតធុង រនាតថោងធុង ទ្រសោ ទ្រឆេ ទ្រអ៊ូ ទ្រអ៊ូធំ ក្រពើឯក ក្រពើគ ខ្លុយតូច ខ្លុយធំ ថូនរមនា ឈឹង និងអ្នកចម្រៀងមួយចំនួនទៀត ។
+.វង់ភ្លេងមហោរីច្នៃ
វង់ភ្លេងមហោរីច្នៃ គឺគេប្រើឧបករណ៍សំឡេងស្រាល ក្នុងនោះ មានឧបករណ៍តន្ត្រីបុរាណមួយចំនួនបញ្ចូលជាមួយនឹងឧបករណ៍តន្ត្រីសាកលផង ។ឧបករណ៍តន្ត្រីបុរាណរួមមាន៖ ទ្រអ៊ូ ខ្លុយតូច ខ្លុយធំ ស្គរថូនរមនា និងឈឹង ។ ផ្នែកឧបករណ៍សាកលមាន វីយ៉ូឡុង ហ្គីតាអាកូស្ទីក បង់ហ្ស៊ោ បង់ហ្ស៊ោអាល់តូ អាម៉ូនីញ៉ូមតូច អាម៉ូនីញ៉ូមធំ អុងទីវ និងអ្នកច្រៀង ។ឧបករណ៍ទាំងពីរផ្នែកបញ្ចូលគ្នានេះ គេសន្មត់ឱ្យឈ្មោះថា «វង់ភ្លេងមហារីច្នៃ» គឺច្នៃឧបករណ៍បញ្ចូលគ្នាតែប៉ុណ្ណោះ ឯបទភ្លេង និងចម្រៀងនៅដដែល វង់ភ្លេងមហោរីច្នៃ មានកំណើតចេញពីព្រះបរមរាជវាំង ដូចវង់ភ្លេងមហោរីសុទ្ធដែរ ព្រោះសមាសភាពតន្ត្រីករ ក៏ជាអ្នកមានសមត្ថភាព និងទេពកោសល្យខ្ពស់ ។
ចំពោះសូរសំនៀងទឹកដម នៃបទភ្លេងនីមួយៗ កាលណាគេប្រគំឡើង សូរសំឡេងបែបទន់ភ្លន់ ពិរោះ ផ្អែមល្ហែម ប្រៀបបាននឹងនារីភេទម្នាក់ ដែលមានរូបរាងស្រស់ប្រិមប្រិយ គ្រប់លក្ខណ៍ គួរចាប់ចិត្តចេតនា និងគួរឱ្យចង់ស្តាប់នូវសំនៀងនោះផង ។
ដោយឡែក ភារកិច្ចនៃវង់ភ្លេងមហារីច្នៃនេះ សម្រាប់ប្រគំកំដរ ក្នុងពិធីបុណ្យជាតិផ្សេងៗ ឬប្រគំកំដរបរិយាកាសក្នុងពិធីជប់លៀង និងសម្រាប់បម្រើក្នុងវង់ល្ខោនប្រាមោទ្យតែម្តង ក្រៅពីនេះ សម្រាប់ប្រគំលេងកម្សាន្តនៅពេលណាក៏បាន ៕(ដោយ៖ថា ចាន់ធី)