លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ដក​វិធានការ​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​បញ្ចប់​ការតវ៉ា​

22-10-2020 4:30 pm 484

​យោងទៅតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ថៃ​ឲ្យដឹងថា វិធានការ​ដាក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន ត្រូវអស់​សុពលភាព​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ​។ មានន័យថា នឹង​បញ្ចប់​នូវ​វិធានការ​នានា​ដូចជា ការហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​ចាប់ពី​៥​នាក់​ឬ​ច្រើនជាង​នេះ និង​ការ​រឹតត្បិត​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែល​ចាត់ទុកថា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ផងដែរ​។​

​រដ្ឋាភិបាល​ថៃ បានប្រកាស​ដាក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ តាម​គម្រោង​វា​នឹងមាន​សុពលភាព​រហូតដល់​ពាក់​កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដើម្បី​បញ្ឈប់​ចលនា​តវ៉ា ដែល​អូសបន្លាយ​តាំងពី​ខែកក្កដា​ឆ្នាំ​២០២០​។ តែ​រដ្ឋាភិបាល​បានសម្រេច​លុបចោល​វិធានការ​ដាក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​មុន​កំណត់ ក្រោយ​សង្កេតឃើញថា ស្ថានភាព​នៃ​អំពើហិង្សា​បច្ចុប្បន្ន​បាន​ថមថយ ហើយ​មន្ត្រី​រដ្ឋាភិបាល​និង​ភ្នាក់ងាររដ្ឋ អាចអនុវត្ត​ការងារ​របស់ខ្លួន​ជា​ប្រក្រតី​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​និង​គ្រប់គ្រង​ស្ថានការណ៍​។​

​ការដក​វិធានការ​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ស្របទៅតាម​ការចង់បាន​របស់​ក្រុមអ្នកតវ៉ា​ហើយ ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ពោល ក្រុមអ្នកតវ៉ា​នៅតែ​ដាក់​សម្ពាធ​លើ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ដោយ​ទុកពេល​៣​ថ្ងៃ ដើម្បីឲ្យ​លោក​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។ បើ​មិន​ដូច្នេះ​ទេ នឹងមាន​ការតវ៉ា​បន្ត​ទៀត​។ 

​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដឹក​នាំ​ដោយ​ក្រុមនិស្សិត​វ័យក្មេងៗ បាន​ផ្ទុះឡើង​តាំងពី​ខែកក្កដា​ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ចំណុច​សំខាន់ៗ​មួយចំនួន​។ នៅ​ក្នុងនោះ មាន​ការទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ចុះ​ចេញពី​តំណែង​។ លោក​ប្រា​យុទ្ធ​ទទួលបាន​អំណាច​ពី​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា​ក្នុង​ឆ្នាំ​២០១៤ ហើយ​បាន​បន្ត​ក្តោប​ក្តាប់​អំណាច​បណ្តោះអាសន្ន​រហូត​ដល់​ទៅ​៥​ឆ្នាំ ទើប​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ ត្រូវ​ក្រុមយុវជន​ចាត់ទុកថា គ្រាន់តែ​ជាការ​បំភាន់​ភ្នែក ដើម្បីឲ្យ​លោកប្រា​យុទ្ធ ចាន់​អ៊ូ​ចា​អាច​រក្សា​អំណាច​បន្តទៀត តែ​ក្នុងនាម​ជា​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​។​

​ក្រៅពីនោះ​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ បង្កើតឡើង​ដោយ​របប​យោធា​ក្នុង​ឆ្នាំ​២០១៧ ដែល​សម្រួល​ឲ្យ​លោក​ប្រយុទ្ធ ធ្វើយ៉ាងណា​អាច​កាន់តំណែង​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៩​។ ក្រុមយុវជន​វ័យក្មេងៗ ក៏​មិន​ញញើត​ផងដែរ នៅក្នុង​ការទាមទារ​ឲ្យធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​។ ពួកគេ​ចង់ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន មាន​តួនាទី​ត្រឹម​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គ្រង​រាជសម្បត្តិ ប៉ុន្តែ​មិនត្រូវ​មានអំណាច​លើសពីនេះ​ទេ ព្រមទាំង​ទាមទារ​ឲ្យ​លុប​ច្បាប់​ដាក់ទោស​លើ​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ផងដែរ​។​

​នៅក្នុង​ការតវ៉ា​កន្លងមក ជាពិសេស​ការតវ៉ា​អំឡុងពេល​ដែល​ក្រឹត្យ​គ្រាអាសន្ន​ចូល​ជា​ធរមាន ក្រុមអ្នកតវ៉ា​បាន​រង​នូវ​ការបង្ក្រាប​យ៉ាងដំណំ ពី​ប៉ូលិស​បង្ក្រាប​កុបកម្ម ដែល​រួមមាន​ការបាញ់ទឹក​ពណ៌​ជាដើម ដើម្បី​បំបែក​ការជួបជុំ​ផ្ទុយ​ពី​ក្រឹត្យ​គ្រាអាសន្ន​។ នៅក្នុង​ការបង្ក្រាប មាន​អ្នក​តវ៉ា​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ជា​ការកត់សំគាល់ ក្នុងពេល​តំណាលគ្នា​នៃ​ការតវ៉ា​របស់​យុវជន​ប្រឆាំងនឹង​រដ្ឋាភិបាល ស្រាប់តែ​លេចឡើង​នូវ​ការតវ៉ា​ដោយ​ក្រុម​មួយ​ផ្សេងទៀត​។ ជា​ការតវ៉ា​ដោយ​ក្រុម​អាវ​លឿង​គាំទ្រ​ស្ថាប័ន​ព្រះមហាក្សត្រ ដើម្បី​ប្រឆាំង​ទល់នឹង​ការតវ៉ា ប្រឆាំងនឹង​ស្ថាប័ន​ព្រះមហាក្សត្រ ដែល​ដឹកនាំ​ដោយ​ក្រុមយុវជន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត